អាចរង់ចាំបានទេ? យាន SpaceX សម្រាប់ជិះទៅភពអង្គារ នឹងហោះសាកល្បងនៅឆ្នាំ២០១៨ ដោយមិនផ្ទុកឧបករណ៍វិទ្យាសាស្ត្រអ្វីទាំងអស់

0

(អាមេរិក)៖ តាមសម្តីរបស់ទីភ្នាក់ងារអវកាសអាមេរិក NASA អង្គការនេះនឹងមិនបំពាក់ឧបករណ៍បែប​វិទ្យាសាស្ត្រណាមួយឲ្យស្មុគស្មាញ នៅក្នុងយានគំរូ SpaceX នោះឡើយនៅក្នុង​បេសកកម្មសាកល្បង​សម្រាប់គំរោងហោះហើរទៅកាន់ភពអង្គារ ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើ​តាមការ​ចេញផ្សាយដោយ​វែបសាយ Space នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៦។

ប្រការខាងលើនេះត្រូវបាន NASA ធ្វើការបកស្រាយថា ខ្លួនត្រូវរង់ចាំពិនិត្យមើលការធ្វើតេស្តឲ្យចេញមក​ប្រកបដោយលទ្ធផលវិជ្ជមានជាមុនសិន ទើបហ៊ានដាក់បញ្ចូលឧបករណ៍វិទ្យាសាស្ត្រសម្រាប់ការហោះទៅកាន់​ភពអង្គារតែម្តងនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ២០៣០ ដែលនៅពេលនោះគឺជាប្រវត្តិសាស្ត្រទី២ សម្រាប់មនុស្ស​ជាតិក្នុងការជាន់ទីឋានផ្សេងក្រៅពីភពផែនដី ក្រោយពីបានបំពេញបេសកកម្មលើឋានព្រះច័ន្ទដំបូង​កាលពី​ឆ្នាំ១៩៦៩ ដោយបេសកកម្មអាប៉ូឡូទី១១។

លោក Jim Green ប្រធាននៃមន្ទីរវិទ្យាសាស្ត្រភព (PSD) របស់ NASA បានលើកឡើងយ៉ាងដូច្នេះ​ថា «អង្គការ NASA នឹងរង់ចាំរហូតដល់ SpaceX បង្ហាញថា​ខ្លួនពិតជាអាចធ្វើការចុះចត​ដោយរលូននៅលើ​ភពអង្គារបាន មុននឹងអង្គការនេះសម្រេចចិត្តបំពាក់ឧបករណ៍វិទ្យាសាស្ត្រ ដែលមានតម្លៃ​រាប់លានដុល្លារ ទៅក្នុងយានដែលមិនមែនជាការហោះសាកល្បងនោះ។ ការចុះចតនៅភពអង្គារពិតជារឿងដ៏លំបាកណាស់ ហើយខ្ញុំចង់ឲ្យមានការសម្រេចជោគជ័យបានមួយដងសិន»។

ជុំវិញបញ្ហានេះលោក Elon Musk នាយកប្រតិបត្តិ និងជាស្ថាបនិករបស់ក្រុមហ៊ុន SpaceX បាននិយាយថា​ការបង្ហោះយានសាកល្បងដែលគ្មានមនុស្សជិះ ទៅកាន់ភពអង្គារនឹងចាប់ផ្តើមនៅឆ្នាំ២០១៨ ហើយវាគឺជាការ​សាកល្បងក្នុងការចុះចតនៃយានដែលមានទម្ងន់ធ្ងន់នៅលើភពអង្គារ ដែលមិនធ្លាប់មាន។ យានដំបូងដែល​នឹងហោះសាកល្បងទៅភពអង្គារនោះមានឈ្មោះ Dragon ដោយ NASA បានអះអាងថា​យាននេះនឹងក្លាយ​ជាឧបករណ៍ថ្មីមួយក្នុងការបញ្ចូនបរិក្ខាវិទ្យាសាស្ត្រទៅកាន់ភពអង្គារ សម្រាប់បេសកកម្មពិតប្រាកដ៕

ចែករំលែក