ទីក្រុងដែល «ពុលជាងគេបំផុតទាំង ០៤ លើពិភពលោក» បើលោកអ្នកបានទៅត្រូវតែប្រយ័ត្នខ្លួន!

0

(វិទ្យាសាស្រ្ត)៖ ជាង ១០០ឆ្នាំកន្លងមកនេះ មនុស្សបានបង្កើតបច្ចេកវិទ្យា​ទំនើបៗ​សម្រាប់ប្រើប្រាស់​ទូទាំងពិភពលោក ហើយក៏ព្រោះតែ បច្ចេកវិទ្យា និងវិទ្យាសាស្រ្តទំនើបៗទាំងអស់នេះហើយ ទើបអាចធ្វើឲ្យជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សងាយស្រួល និងប្រសើរជាងមុន។ នេះបើយោង​តាមប្រភព​ព័ត៌មាន​វិទ្យាសាស្រ្ត Science Daily ចេញផ្សាយនៅព្រឹកថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ ២០១៦។

ទោះបីជាយ៉ាងណា​ក្តីបច្ចេកវិទ្យាទំនើប​ទាំងនោះ​ក៏បាន ធ្វើឲ្យភពផែនដីជួបនឹង​បញ្ហាបំពុលបរិស្ថាន​ជាច្រើន​ដោយសារការប្រើប្រាស់សារធាតុគីមី នុយក្លេអ៊ែរ ការចោលសំរាម ព្រមទាំងសំណល់​អគ្គីសនីមួយចំនួនទៀត ជាពិសេសេគឺនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។

ជាមួយគ្នានេះដែរ កន្លែងជាច្រើនត្រូវបានធ្វើឲ្យ​មានផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ក៏ដោយសារបច្ចេកវិទ្យា​ទំនើបៗនេះដែរ។ ជាក់ស្តែងដូចនៅ​តំបន់មួយចំនួន​នៃប្រទេសអ៊ុយក្រែន ដែលបានទទួលរង​ការប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដោយការបំពុលបរិស្ថាន​ ពាក់ព័ន្ធនឹងការប្រើប្រាស់​ថាមពលនុយក្លេរអ៊ែរ​​ដែលបានធ្វើឲ្យមាន​ការលំបាក​ក្នុងការតាំងទីលំនៅ និងធ្វើដំណើរនៅតំបន់នោះ។

ដោយឡែកមិនត្រឹមតែប្រទេសអ៊ុយក្រែនទេ​នៅមានកន្លែងមួយចំនួនទៀត ដែលក្រុមអ្នក​ស្រាវជ្រាវបានរក​ឃើញថាជាកន្លែងដែលមានសារជាតិពុលច្រើនជាងគេបំផុត នៅទូទាំងពិភពលោកដោយក្នុងនោះរួមមាន៖

១. ទីក្រុងលីនហ្វាន ប្រទេសចិន៖ ទីក្រុងលីនហ្វាននៃប្រទេសចិន​​គឺជាទីក្រុង​ដែលបំពុលខ្យល់ខ្លាំងជាងគេ​បំផុតទូទាំង​ពិភពលោក ដោយសារទីក្រុងនេះសំបូរ​ទៅដោយរោងចក្រ​​ឧស្សាហកម្មជាច្រើនដែលវាបាន​បច្ចេញផ្សែងពុលជា​ច្រើនទៅក្នុងស្រទាប់បរិយាកាស។ ជាក់ស្តែងប្រសិនបើ​អ្នកហាលសំលៀកបំពាក់​នៅក្រៅផ្ទះក្នុងទីក្រុងនេះ នោះសំលៀកបំពាក់នោះ នឹងប្រែជាពណ៌ខ្មៅទាំងអស់​ជាក់ជាមិនខាន។

២.ទីក្រុង រ៉ុនដូនា ប្រទេសប្រេស៊ីល៖ នេះគឺជាកន្លែង​ដែលរងការកាប់បំផ្លាញ​ព្រៃឈើខ្លាំង​ជាងគេបំផុត​នៃព្រៃត្រូពិចអាម៉ាហ្សូន។ ដើមឈើរាប់ពាន់ហិចតា​ត្រូវបានកាប់ និងដុតបំផ្លាញ។

៣. ទន្លេយ៉ាមូណា ប្រទេសឥណ្ឌា៖ ទោះបីជា​មានយុទ្ធនាការយ៉ាង​ខ្ជាប់ខ្ជួន​ពីរាជរដ្ឋាភិបាលដើម្បីសំអាត​យ៉ាងណាក៏ដោយ ក៏ទន្លេយ៉ាមូណា រងការខូតខាត ដោយការចោលសំរាមផ្តេសផ្តាស ដែលធ្វើឲ្យទន្លេនេះ​ក្លាយជាទន្លេដ៏កខ្វក់​ជាងគេបំផុតលើលោក។

៤.ទីក្រុង ឡា អូរ៉ូយ៉ា ប្រទេសប៉េរូ៖ ចង្ក្រានរំលាយសំណ​នៅក្នុងទីក្រុងនេះ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុន​នៅអាមេរិក​ខាងជើង ដែលបានធ្វើឲ្យសារជាតិ​សំណបង្កើតជាតិពុលទូទាំងទីក្រុង៕

ចែករំលែក