អស្ចារ្យមែនទែន! ទីបំផុតមនុស្សយន្តក្នុងរឿង Avatar ត្រូវបានកូរ៉េខាងត្បូង ផលិតចេញជារូបរាងពិតៗ!

(កូរ៉េខាងត្បូង)៖ ក្រុមហ៊ុនមួយរបស់ប្រទេសកូរ៉េខាងត្បូង បានបង្ហាញចេញជាសាធារណៈនូវ មនុស្សយន្តគំរូ ដែលមានអំណាចខ្លាំងពិតៗដំបូងបំផុតរបស់ពិភពលោក ជាប្រភេទមនុស្សយន្តមានជើង ២ ដែលវាប្រៀបបី​ដូចជាមនុស្សយន្ត ដែលត្រូវបានប្រើប្រាស់ក្នុងខ្សែភាពយន្ត ដែលមនុស្សវាយលុកភពផ្សេង​យ៉ាងពិតប្រាកដ។ នេះបើតាម​ការ​ចេញផ្សាយ​​ដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១៦។

មនុស្សយន្តខាងលើនេះមានកម្ពស់ ៤ម៉ែត្រដែលវាប្រៀបដូចជាមនុស្សយន្តដែលត្រូវបាន​ប្រើប្រាស់​ដោយ​ក្រុមយោធា​វាយលុក​ទីឋាន Pandora ក្នុងរឿង Avatar ដូច្នោះឯងដោយវាតម្រូវ​ឲ្យមានមនុស្សពិតៗ​ធ្វើការបញ្ជា​​នៅពីក្នុងបន្ទប់​​បញ្ជាការ​របស់មនុស្សយន្តផ្ទាល់។ ជាក់ស្តែងការច្នៃម៉ូដ និងអភិវឌ្ឍន៍​បច្ចេកវិទ្យា​សម្រាប់មនុស្ស​យន្តនេះ គឺមានការសហការគ្នារវាងក្រុមហ៊ុន Robocop របស់កូរ៉េខាងត្បូង និងអ្នកផលិតភាពយន្ត Avatar។

គួរបញ្ជាក់តាមការបង្ហើបតិចៗរបស់ក្រុមហ៊ុន មនុស្សយន្តខាងលើនេះ​ចាប់ផ្តើមបំពាក់ឧបករណ៍ និងកម្មវិធី​ទំនើបៗដូចទៅនឹងក្នុងសាច់រឿង Avatar ដ៏ល្បីល្បាញនោះហើយ ប៉ុន្តែគេពុំទាន់បានបញ្ជាក់ច្បាស់លាស់​នោះទេថាមនុស្សយន្តនេះ នឹងត្រូវប្រើប្រាស់ដើម្បីអ្វី ឬក៏នឹងសម្រេចចេញ ១០០ភាគរយនាពេលណានោះ៕

ពាក្យទាក់ទង់៖ ,

អត្ថបទផ្សេងៗជាច្រើនទៀត...