ដោះស្រាយបញ្ហាបានហើយ! អង្គការ NASA នឹងកសាង «ផ្ទះទឹកកក» សម្រាប់មនុស្ស រស់នៅលើភពអង្គារ

(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារ​អវកាស​អាមេរិក NASA បានប្រកាស​នូវគំរោងថ្មី​ដ៏គួរឲ្យភ្ញាក់ផ្អើល​បំផុត និងគ្មាននរណានឹកស្មានដល់​នោះគឺកសាង «ផ្ទះទឹកកក» ដែលជាមូលដ្ឋានរបស់មនុស្សថ្មី​នៅលើ​ភព​ព្រះអង្គារ ដែលវាពិតជាខុសប្លែកទាំងស្រុង​​ពីគំរោង​កន្លងមករបស់ NASA។

សេចក្តីថ្លែងការណ៍​ដែលបានចេញ​ផ្សាយ​ក្នុង​សប្តាហ៍នេះ ក្រុមអ្នកវិទ្យាសាស្ត្រ​នៅឯ​មជ្ឈមណ្ឌល​​ស្រាវ​ជ្រាវ Langley របស់ NASA បានរៀបរាប់ថា ផ្ទះទឹកកក​គឺស្ថិតនៅក្នុងគំរោង​នៃការជ្រើសរើស​វត្ថុធាតុដើម​ដែលល្អបំផុត ដើម្បីការពារ​មនុស្សពីប​រិយាកាសដ៏អាក្រក់​របស់ភពអង្គារ ជាពិសេសនោះគឺ​អាកាសធាតុ​ត្រជាក់ជ្រុល និងរលកវិទ្យុសកម្ម​ដ៏កំណាចពី​ព្រះអាទិត្យ។

វិស្វករបង្កើតគំរោង​ខាងលើ​គឺលោក Kevin Vipavetz បាននិយាយថា «វាពិតជាគំនិត​ដ៏រវើរវាយមួយ ក្នុងចំណោម​គំនិតជាច្រើន ហើយចុងក្រោយ​យើងក៏សម្រេចចិត្តជ្រើសរើស​​យកការកសាង​លំនៅឋាន​ពីទឹកកក ដោយវាស្តាប់ទៅដូចជាបានដោះស្រាយ​បញ្ហា​ផ្នែកវិស្វកម្ម​បានយ៉ាងច្រើន»។

សេចក្តីថ្លែងការណ៍​របស់ NASA បានបញ្ជាក់យ៉ាងដូច្នេះ​ទៀតថា «ផ្ទះទឹកកក​នៅលើភពអង្គារ គឺប្រៀប​បីដូចជាប្រព័ន្ធ​រោងចក្រ​តូចមួយ ដែលមានរូបរាង​ជាដុំមូលប៉ោង ដែលត្រូវបានស្រោប​ដោយស្រទាប់ ទឹកកក​ហើយ​ទឹកកកនោះ យើងអាចយកចេញពី​ក្នុងស្រទាប់របស់ភពអង្គារ​ជាច្រើនទីតាំងបាន»។ វត្ថុ​ធាតុដើមដែល​ទាញយកចេញពី​ភពអង្គារ​គឺមានទម្ងន់ស្រាល និងងាយសម្រាប់យានធ្វើការដឹកជញ្ជូន។

គួរបញ្ជាក់ថាគំរោង​ខាងលើនេះ​គឺមានឧបសគ្គច្រើន​ ប៉ុន្តែអ្វីដែលសំខាន់ជាងគេមួយនោះគឺទឹក​នៅលើ​ភពអង្គារ ដែលគេមិនទាន់ដឹងថា អាចយកមក​ផលិតជាទឹកកក​បានច្រើនក្នុង​កម្រិតណា។ អ្នកវិទ្យាសាស្ត្រ​ហ៊ានអះអាងថា ប្រសិនបើគេអាច​ស្រង់យកវត្ថុធាតុដើម​ពីភពអង្គារ ដូចជាទឹក​ក្នុងចំនួន​យ៉ាងតិចមួយម៉ែត្រគូប​​ក្នុងមួយថ្ងៃនោះ ការកសាងលំនៅឋាន​ពីទឹកកកដំបូង​​នៅលើ​ភពអង្គារ នឹងត្រូវចំណាយពេលតែ ៤០០ថ្ងៃប៉ុណ្ណោះ៕

ពាក្យទាក់ទង់៖ , , ,