អបអរសាទរផង! ឥណ្ឌានឹងបាញ់បង្ហោះផ្កាយរណប «១០៣គ្រឿងក្នុងពេលតែមួយ» ទៅកាន់ទីអវកាស!

ញូដេលី៖ ប្រទេសឥណ្ឌា​នឹងបង្កើតកំណត់​ត្រាថ្មី​ដ៏អស្ចារ្យ ​ដោយគ្រោង​ធ្វើការ​បង្ហោះ​ផ្កាយរណប​ចំនួន​ ១០៣គ្រឿង​ក្នុងពេល​តែមួយ នៅដើម​​សប្តាហ៍ទីមួយ​នៃខែកុម្ភៈ។ នេះបើតាម​ទីភ្នាក់ងារ​អវកាស​របស់​រដ្ឋាភិបាល​ឥណ្ឌា ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះ​បន្តិច​នារសៀល​ថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០១៧។

ផ្កាយរណប​ទាំងអស់​ខាងលើ​រួមមាន​ប្រភេទ​ធំចំនួនបីគ្រឿង និងប្រភេទតូចចំនួន ១០០គ្រឿងនឹងត្រូវបាញ់​បង្ហោះទៅកាន់​ទីអវកាស​​​តាម​រយៈយានផ្ទុកផ្កាយរណប PSLV ពីទីតាំងបង្ហោះយានអវកាស​នៃកោះ Sriharikota ដែលស្ថិតនៅភាគ​ខាងត្បូង​ប្រទេស។ នេះបើតាម​សេចក្តីប្រកាស​ពីសំណាក់​ក្រុម​អ្នកវិទ្យាសាស្រ្ត​នៃអង្គការ​សិក្សាស្រាវជ្រាវ​អវកាស​ឥណ្ឌា (ISRO)។

យានអវកាស PSLV C37 នឹងនាំយកផ្កាយ​រណបចំនួន​មួយគ្រឿង​នៃប្រភេទ Cartosat, ផ្កាយរណបរបស់ ISRO ខ្នាតតូចចំនួនពីរគ្រឿង, និងផ្កាយរណបពាណិជ្ជកម្ម​ចំនួន ១០០គ្រឿង​ដែលភាគច្រើន​មកពី​សហរដ្ឋអាមេរិក ហើយផ្កាយរណបដទៃៗ​ទៀតមកពីប្រទេសផ្សេងៗ​ ដោយ​រួមបញ្ចូលទាំង​បារាំង និងអាល្លឺម៉ង់​ជាដើម។

គួរបញ្ជាក់ថា​ការទិដ្ឋភាព​នៃការបាញ់​បង្ហោះផ្កាយរណប ដល់ទៅជាង ១០០គ្រឿងនឹងមានការកត់ត្រាទុក ដោយសារតែវា​គឺជាលើកទីមួយ​ហើយ​នៅក្នុងប្រវត្តិសាស្រ្ត​របស់ ISRO ដែលផ្កាយរណប​នៅក្នុងចំនួន​​ដ៏ច្រើន​សន្ធឹកសន្ធាប់​បែបនេះ នឹងត្រូវបញ្ជូនទៅកាន់ទីអវកាសក្នុង​ពេលព្រមគ្នា​តែម្តង ហើយ​ការបង្ហោះ​ផ្កាយរណប​ជាច្រើន​ក្នុងពេលតែមួយ​នេះ គឺជួយកាត់​បន្ថយការ​ចំណាយ ខណៈប្រទេសឥណ្ឌា​បាន​និងកំពុង​ព្យាយាម​កសាងកេរ្តិ៍​ឈ្មោះ​ឲ្យក្លាយជាអ្នកដើរ​តួយ៉ាង​សំខាន់ម្នាក់ ​នៅក្នុងទីផ្សារ​ពាណិជ្ជកម្ម​អវកាស​អន្តរជាតិ ដោយធ្វើជាអ្នកប្រតិបត្តិការ​​ដែលមានប្រសិទ្ធភាព​ខ្ពស់ ប៉ុន្តែមានតម្លៃ​ធូរថ្លៃ៕

ពាក្យទាក់ទង់៖

អត្ថបទផ្សេងៗជាច្រើនទៀត...