អស្ចារ្យទេ? បានតែដឹង តែគ្មានថ្ងៃទៅបាន! «មានភ្លៀងគ្រាប់ពេជ្រនៅ ភពណិបទូន និង ភពអ៊ុយរ៉ាណូស»

0

(វិទ្យាសាស្រ្ត)៖ ស្តាប់ទៅ​វាពិតជា​មិនគួរឲ្យ​ជឿសោះថា ភពជិតខាងគ្នាគឺ ភពណិបទូន និងភពអ៊ុយរ៉ាណូស អាចផ្ទុកវត្ថុ​ដ៏មានតម្លៃ​មហាសាល​ច្រើនជាង​ភពផែនដីនោះ។ ដោយសារតែពួកវាផ្ទុក​ទៅដោយវត្ថុ​មានតម្លៃ​យ៉ាងច្រើន​លើសលុប​បែបនេះ​ហើយ ទើបពួកវាត្រូវបានអ្នកវិទ្យាសាស្រ្ត​មើល​ឃើញ មានគ្រាប់ពេជ្រ​ជាច្រើនធ្លាក់​ដូចជាតំណក់​ទឹកភ្លៀង​ពីបរិយាកាស​នៃភពទាំងពីរ។ នេះបើយោង​​តាមប្រភព​​ព័ត៌មាន​​វិទ្យាសាស្រ្ត Science Daily ចេញផ្សាយ​​នៅ​​ព្រឹកថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧។

ជាក់ស្តែង ភពណិបទូន និងភពអ៊ុយរ៉ាណូស ផ្ទុកទៅដោយ​សារធាតុមេតានច្រើនលើសលុបដែល​ក្រុមអ្នក​វិទ្យាសាស្រ្ត​បាន​បង្ហាញ​ឲ្យឃើញ​ថា សារធាតុមេតានទាំងអស់នោះអាចក្លាយទៅជាគ្រាប់ពេជ្រ ព្រមទាំង​សរីរាង្គ​សុំា​ញុំា​ជាច្រើន​ទៀត។ ការសិក្សាបង្ហាញឲ្យឃើញទៀតថា ការបំលែងពីសារធាតុ​មេតាន​ទៅជាគ្រាប់ពេជ្រ​កើតឡើង​បាន​លុះត្រាតែ សម្ពាធ​សីតុណ្ហភាព​នៅក្នុង​បរិយាកាស​មានកំរិតខ្ពស់។

គួរបញ្ជាក់ថា ភពណិបទូន និងអ៊ុយរ៉ាណូស គឺជាភពដែលស្ថិតនៅចុងគេនៃប្រព័ន្ធព្រះអាទិត្យយើង ហើយវា​មានទំហំប្រហាក់ប្រហែលគ្នា សារធាតុផ្សំស្ទើរដូចគ្នាទាំងស្រុង និងមានពណ៌ផ្ទៃមេឃដ៏ស្រស់ស្អាត​ថែម​ទៀតផង។ ក្រុមអ្នកវិទ្យាសាស្ត្របានបញ្ជូនយានរុករក ជាលើកដំបូងទៅថតរូបភាពនៃភពទាំងពីរបាន​កាលពីអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០៕

ចែករំលែក