ឆ្ងល់យូរណាស់ហើយ! តោះទៅទស្សនា​ «ខ្សែក្រវ៉ាត់ភពសៅរ៍» ដែលជារូបភាពពិតៗថតដោយយានអវកាស Cassini របស់ NASA!

0

(អវកាស)៖ យានអវកាស Cassini របស់អង្គការ NASA ទើបតែថតបានរូបភាពពិតៗជាពណ៌ស-ខ្មៅ នៃខ្សែក្រវ៉ាត់ដ៏អស្ចារ្យ ដែលព័ទ្ធជុំវិញភពសៅរ៍ ដែលវាជាដុំថ្ម-ទឹកកកដែលបាន​កកើតឡើង​រាប់ពាន់​លានឆ្នាំ​មកហើយនៅជុំវិញភពឧស្ម័នយក្ស ដែលធំជាងគេលំដាប់ទីពីរ​នៅក្នុងប្រព័ន្ធ​ព្រះអាទិត្យ​យើងនេះ។ នេះបើតាម​ការដកស្រង់​ពីវែបសាយ Science Alert នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៧។

យាន Cassini ដែលបានបំពេញបេសកកម្មនៅភពសៅរ៍ តាំងតែពីឆ្នាំ២០០៤នោះ បានបញ្ជូនរូបភាព​ជារឿយៗមកកាន់ភពផែនដី។ រូបភាពដែលទទួលបានគឺផ្តោតសំខាន់ទៅលើខ្សែក្រវ៉ាត់ និងព្រះច័ន្ទរបស់​ភពសៅរ៍ផ្ទាល់តែម្តង។ យានដ៏មានអត្ថប្រយោជន៍នេះ នឹងបញ្ចប់បេសកកម្មរបស់ខ្លួន ហើយទម្លាក់ចូលទៅ​ក្នុងផ្ទៃភពឧស្ម័នយក្សនេះតែម្តង នៅខែកញ្ញា ឆ្នាំ២០១៧។

គួរបញ្ជាក់ថាខ្សែក្រវ៉ាត់របស់ភពសៅរ៍ ដែលជាលក្ខណៈពិសេសជាងគេនៅក្នុងប្រព័ន្ធព្រះអាទិត្យ​យើងនេះ គឺត្រូវបានរកឃើញដំបូងដោយតារាវិទូជនជាតិ​អ៊ីតាលី​លោក Galileo Galilei កាលពី៤០០ឆ្នាំមុន គឺនៅ​ឆ្នាំ​១៦១០។ វាកកើតឡើង​ដោយ ទឹកកក និងដុំថ្មរាប់ពាន់លានដុំ ដែលខ្លះមានទំហំធំរហូតដល់ប៉ុនឡានក្រុង ឬផ្ទះមួយខ្នងក៏មាន ហើយក៏​មាន​ព្រះច័ន្ទតូចៗរបស់ភពសៅរ៍មួយចំនួន គោចរនៅកៀកនឹងខ្សែក្រវ៉ាត់នោះដែរ ដូចជាព្រះច័ន្ទ Dion ជាដើម។

អ្នកវិទ្យាសាស្ត្រក៏បានសន្និដ្ឋានផងដែរថា វាជាដុំថ្មអវកាស ដែលត្រូវបានឃាត់ទុកនៅជុំវិញភពសៅរ៍ ដែលដុំថ្មទាំងនោះជាដុំថ្មដែលសេសសល់ពីការកកើតនៃព្រះព័ន្ធព្រះអាទិត្យ កាលពីរាប់ពាន់លានឆ្នាំមុន ហើយវាអាចស្ថិតនៅក្នុង​គន្លង​គោចរដ៏ត្រឹមត្រូវ និងស្រស់ស្អាតនេះក៏ព្រោះ​តែកម្លាំងទំនាញ​ដ៏ខ្លាំងរបស់​ភពយក្ស។ ទោះបីវា​មានសភាព​ស្តើងក្តី ប៉ុន្តែកម្រាស់​របស់ខ្សែក្រវ៉ាត់​នេះ គឺរហូតដល់​ជាង ១គីឡូម៉ែត្រឯណោះ៕

ចែករំលែក