ភាពពិតនៃភពព្រះអង្គារ កាន់តែបង្ហាញច្បាស់ឡើងៗ! វាប្រហែលជាធ្លាប់ដូចផែនដី ខ្លាំងជាងការរំពឹងទុក!

0

(អវកាស)៖ អាថ៌កំបាំង​នៃមន្ទិលថា​តើភពអង្គារ​នាពេលមួយ​កាលពី​អតីតកាល​ ធ្លាប់មាន​ខ្សែទឹកហូរ​កាត់នៅលើផ្ទៃដី​របស់វា​ដោយ​របៀបណា​នោះ បច្ចុប្បន្ន​កំពុងតែមានភាព​ស៊ីជម្រៅ​ទៅៗ ស្របពេល​ដែលការសិក្សាស្រាវជ្រាវ​ថ្មីបាន​បង្ហាញថា បរិយាកាល​កាលកាលពី​ដំបូងរបស់ភព​ក្រហម​មួយនេះ មានផ្ទុកបរិមាណ​នៃឧស្ម័នកាបូន​ឌីអុកស៊ីត (CO2) តិចជាង​ពីចំនួនដែលចាំបាច់​សម្រាប់រក្សា​ឲ្យភពអង្គារ​មានភាពកក់​ក្តៅគ្រប់គ្រាន់​ដើម្បីអនុញ្ញាតឲ្យទឹក​រក្សាវត្តមាន​បាន។ នេះបើតាម​ការចេញ​ផ្សាយដោយ​គេហទំព័រ Space នៅមុននេះ​បន្តិចនាល្ងាចថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ២០១៧។

ទោះបីជាសព្វថ្ងៃនេះ​ភពអង្គារមាន​សភាពត្រជាក់ និងស្ងួតហែង​យ៉ាងណាក្តី វានៅតែមាន​ភស្តុតាងរាប់​ទសវត្សរ៍​ចង្អុល​បង្ហាញថា​ ស្រទាប់​ផ្ទៃដី​ខាងលើ​​បង្អស់​របស់ភពក្រហម​នេះ ធ្លាប់ត្រូវ​បានគ្របដណ្តប់​ដោយដង​ទន្លេ ស្ទឹង ស្រះ បឹង និងសមុទ្រ​ក៏ដូចជាមហាសមុទ្រ​ផងដែរ​​។ ម៉្យាង​វិញ​ទៀត​ខ្សែ​​បន្ទាត់តូចៗ​ពណ៌ខ្មៅ​ដែលត្រូវបានគេឃើញ​នៅលើភពអង្គារ​ ថែមទាំង​បានផ្តល់ជា​តំរុយថា ទឹក​អាច​ប្រហែល​ជា​​អាច​ធ្លាប់​ហូរ​​ឆ្លង​កាត់​​នៅ​លើ​ជម្រាល​ទាំងនោះ​ទៀតផង។ ដោយសង្កេត​ឃើញជីវិត​ស្ទើរ​តែមាន​នៅគ្រប់​ទីកន្លែង​ ដែលមាន​ទឹកនៅលើផែនដី​របស់យើង ដូច្នេះ​លទ្ធផល​នៃការ​សិក្សាស្រាវជ្រាវ​ថ្មីទាំងនេះ បានបង្កើន​នូវលទ្ធភាព​ដែលថា​ ភពអង្គារកាល​ពីមុនមក​ធ្លាប់ជា​ជម្រករបស់​ភាវៈមាន​ជីវិត និងប្រហែលជា​​នៅ​​តែ​ផ្តល់​អាចជម្រក​បានដដែល។

លោក ​Thomas Bristow អ្នកវិទ្យាសាស្រ្ត​​សិក្សាអំពី​ភពប្រចាំនៅ​មជ្ឈមណ្ឌលស្រាវជ្រាវ​អេម៉េស Ames នៃទីភ្នាក់ងារ​អវកាសណាសា (NASA) ​ដែលមាន​មូលដ្ឋានក្នុង​រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក និងជា​អ្នកនិពន្ធនាំមុខ​របស់ការសិក្សា​ស្រាវជ្រាវ​ថ្មី​ខាងលើបាន​និយាយថា «បរិស្ថាន​រាវ ដែល​ធ្លាប់បាន​គ្របដណ្តប់​លើផ្ទៃ​នៃក្រហូងថ្ម Gale Crater មើលទៅ​ហាក់ដូចជា​អាចធ្វើជម្រក​ដ៏សាកសម​សម្រាប់អនុញ្ញាត​ឲ្យជីវិតក៏កើត​​បាន ពីព្រោះថាវា​មិនក្តៅពេក មិនត្រជាក់​ពេក មិនមានជាតិ​អាស៊ីត ឬមួយក៏បាសច្រើន ហើយទឹកទាំងនោះ​ក៏ប្រហែលជាពុំ​មានផ្ទុក​សារជាតិ​អំបិលខ្លាំង​ផងដែរ»។

អ្នកវិទ្យាសាស្រ្ត​ជាច្រើន​យល់ថា ភពអង្គារ​កាលពីបុរាណ​ច្បាស់​ជា​មានភាពកក់ក្តៅ​ជាងពេល​បច្ចុប្បន្ន​ ទើបអាចឲ្យបរិស្ថាន​​បែប​នេះ​​ជម្នះ​មាន​វត្ត​មាន​បាន។ ទាក់ទងនឹង​បញ្ហានេះ ការសិក្សាស្រាវ​ជ្រាវ​ពីមុនៗ​មក​បានព្យាយាម​ស្វែងរក​ភស្តុតាង​ដែលបង្ហាញ​ថា ភពអង្គារ​ធ្លាប់មានផ្ទុក​បរិមាណ​សមល្អម​គ្រប់គ្រាន់​នៃឧស្ម័នផ្ទះកញ្ចក់​ ដូចជាកាបូន​ឌីអុកស៊ីត​នៅក្នុងបរិយាកាស​របស់វា ដើម្បីរក្សា​ទុកកម្តៅ​ដែលទទួលបាន​ពី​ព្រះអាទិត្យ។

ក្រុមអ្នកស្រាវជ្រាវ​បានធ្វើការ​វិភាគទៅលើ​ថ្មគ្រប់ប្រភេទ​ និងសណ្ឋាន​ដែលបន្សល់​ទុក​ដោយបឹង​និងទន្លេនៅលើ​ផ្ទៃនៃក្រហូងដី Gale Crater កាលពី​ប្រមាណ៣.៥ពាន់លានឆ្នាំមុន ប៉ុន្តែពួកគេ​ពុំបានប្រទះ​ឃើញ​មាន​វត្តមាន​ជាតិកាបូណាត​នោះឡើយ ដែលប្រការ​នេះបានបង្ហាញ​ថា​កម្រិត​បរិយាកាសនៃ​កាបូនឌីអុកស៊ីត​នាពេលនោះ តិចជាងរាប់ម៉ឺន​ដងធៀប​ទៅនឹងបរិមាណ ដែលទាមទារ​ដោយស្តង់ដារ​របស់បរិយាកាស ដើម្បីផ្តល់​កម្តៅគ្រប់គ្រាន់​ដល់ភពអង្គារ​ ក្នុងការ​រក្សាទឹក​នៅលើផ្ទៃដី​របស់វា។

​ទោះជាបែបនេះក្តី​សមាជិកក្រុមស្រាវជ្រាវ​ខាងលើបាន​អះអាងថា​ ការរកឃើញ​ខាងលើមិនបញ្ជាក់​ថា​ ភពអង្គារកាល​​ពី​យូរ​លង់​​ពុំ​មាន​សំ​ណើម​​ឡើយ ពីព្រោះភស្តុតាង​ថ្មីទាំងអស់នោះ​នៅឯ​ក្រហូង Gale Crater គឺមិនអាច​ប្រកែកបាននោះទេ​នៅក្នុងការ​បង្ហាញពីវត្តមាន​ដ៏យូរអង្វែង​នៃ​ទឹកនៅ​លើផ្ទៃដី​របស់ភព​អង្គារបុរាណ។

ការពន្យល់បក​ស្រាយ​មួយដែលអាចទៅរួច​សម្រាប់របកគំហើញនេះ​គឺថាភពអង្គារ ពិតជាធ្លាប់​មានផ្ទុកជាតិកាបូណាត​នៅលើផ្ទៃដីរបស់​វាមែន ​ប៉ុន្តែក្រោយ​មកត្រូវ​បានកម្ទេចចោល​វិញ ប៉ុន្តែលោក ​Thomas Bristow បាន​និយាយថា «ធម្មជាតិ​នៃ​សារធាតុរ៉ែ​នៅក្នុងគំរូតាង​ដែល​យើង​​បាន​ផ្តោត​សំខាន់លើនោះ មិនផ្តល់ការ​គាំទ្រដល់​ការសន្និដ្ឋាន​នេះឡើយ ដោយសារ​ពួកវា​ពុំបានបង្ហាញ​សញ្ញាណា​មួយ នៃការទទួល​រងការវាយ​ប្រហារ​ដោយជាតិ​អាស៊ីតដែល​អាចរំលាយ​ជាតិកាបូណាត​ទាំងឡាយ​នៅទីនោះ​ កាលពី​អតីតកាល​នោះទេ»។


ដោយឡែករឿងដែលអាច​ទៅរួចមួយផ្សេង​ទៀត គឺថាភពអង្គារពីដំបូង​ឡើយត្រូវបាន​ធ្វើឲ្យកក់ក្តៅ​ តាមរយៈ​ឧស្ម័នផ្ទះ​កញ្ចក់ដទៃ​ផ្សេងទៀត​ក្រៅពីកាបូន​ឌីអុកស៊ីត មាន​ដូចជា ស្ពាន់ធ័រឌីអុកស៊ីត (Sulfur Dioxide) មេតាន (Methane) និង ឌីអាសូត​ម៉ូណូអុកស៊ីត (Nitrous Oxide)។ ប៉ុន្តែគុណ​វិបត្តិរបស់ឧស្ម័ន​ទាំងនេះ​គឺមានភាព​សកម្មខ្លាំង ដូច្នេះ​នៅពេលត្រូវ​បានដាក់ចូល​ទៅក្នុង​បរិយាកាស ពួកវាមិនអាច​រក្សាវត្តមាន​​បាន​ក្នុងរយៈពេល​ដ៏វែងឡើយ ដែលធ្វើឲ្យ​ពេលវេលា​កក់ក្តៅ ​ជំរុញដោយ​ប្រភេទឧស្ម័នផ្ទះកញ្ចក់​ទាំងនេះ​មានរយៈពេលខ្លី​ប៉ុណ្ណោះ។ ប្រការនេះ​​មិនស្របទៅនឹង​ការអង្កេតរបស់​ក្រុមអ្នក​សិក្សាស្រាវជ្រាវ​ខាងលើ​ ពីក្រហូងដី Gale Crater ដែលភស្តុតាង​មួយចំនួន​បានបង្ហាញថា​ ជាកន្លែង​​​សម្រាប់ទន្លេ​និងបឹង​ជាច្រើនស្ថិត​នៅអស់រយៈពេល​រាប់សែន​ ឬមួយក៏រាប់លាន​ឆ្នាំឯណោះ៕

ចែករំលែក