កុំបំផុសបំផុលពេក! អាចម៍ផ្កាយ «2016 WF9» មិនហោះមកបុកផែនដីទេ» គ្រាន់តែហោះកៀកប៉ុណ្ណោះ!

0

(អវកាស)៖ នាពេលថ្មីៗនេះ​មានសេចក្តីរាយការណ៍​ព៌ត៌មានថា​ អាចម៍ផ្កាយដ៏ធំមហិមាមួយ នឹងធ្វើដំណើរ​មកបុក​ភពផែនដី​របស់យើង ក៏ប៉ុន្តែ​ជាក់ស្តែងវា​គឺជាពាក្យចចាមអារ៉ាម​ដើម្បីបំភ័យ​មនុស្សលោក​សុទ្ធសាធ ដោយសារ​អាចម៍ផ្កាយ​ដែលមានឈ្មោះ​ថា 2016 WF9 គ្រាន់​តែ​នឹង​​ធ្វើ​ដំណើរ​​ហោះឆ្លង​កាត់ក្បែរ​ផែនដី​ប៉ុណ្ណោះ​។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពីគេហទំព័រ​ព័ត៌មាន The Sun នៅមុននេះ​បន្តិចនា​រសៀល​​ថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧។

ទីភ្នាក់ងារអវកាសណាសា (NASA) របស់សហរដ្ឋអាមេរិក​បានបញ្ជាក់ថា​ អាចម៍ផ្កាយ 2016 WF9 ដែលត្រូវបាន​គេប្រទះឃើញកាលពី​ខែវិច្ឆិកា ឆ្នាំ២០១៦​កន្លង​ទៅ កំពុងតែបោះពួយឆ្ពោះ​មកកាន់ភពផែនដី ហើយយើង​គួរតែអាច​មើលវាឆ្លងកាត់​ភពរបស់យើង​នៅចុងខែកុម្ភៈ​នេះ។ ​អាចម៍​ផ្កាយ 2016 WF9 ត្រូវបាន​គេកំណត់ថា​ នឹងមកដល់​ផែនដីនៅ​ថ្ងៃទី២៥ ខែកុម្ភៈ និងស្ថិត​នៅចម្ងាយ៥១លាន​គីឡូម៉ែត្រ​ពីភពផែនដី ហើយក្រុម​អ្នកជំនាញ​នៅទីភ្នាក់ងារ NASA ជឿជាក់ថា​អាចម៍ផ្កាយ 2016 WF9 មានមុខ​កាត់ចន្លោះពី០.៥ទៅមួយ​គីឡូម៉ែត្រ។

NASA បានគូសបញ្ជាក់ថា «ទិសដៅធ្វើ​ដំណើររបស់​អាចម៍ផ្កាយ 2016 WF9 ត្រូវបាន​សិក្សាស្វែង​យល់យ៉ាងជាក់​ច្បាស់ ហើយវត្ថុអវកាស​នេះ​​មិនមែន​ជាការគំរាម​កំហែងដល់ភពផែនដី​នាពេលអនាគត​ឡើយ»។ ប៉ុន្តែបណ្ឌិត​ជនជាតិរុស្ស៊ីមួយ​រូបឈ្មោះ Dyomin Damir Zakharovich បានចោទ​ប្រកាន់អង្គការ​ណាសាថា​ បានព្យាយាម​បិទបាំងការពិត ដោយ​ដុំថ្មអវកាសនេះកំពុង​សំដៅមកចំ​ហើយនឹង​បុកជាមួយភពផែនដី​តែ​ម្តង​នៅថ្ងៃទី១៦ ខែកុម្ភៈសប្តាហ៍​ក្រោយនេះ ហើយបង្ក​ជារឿងរលក​យក្ស​ស៊ូណាមិ​ដ៏ធំសម្បើមមួយ​ទៀតផង៕

ចែករំលែក