សូមស្វែងយល់! តើអាចម៍ផ្កាយទំហំប៉ុណ្ណា ទើបអាចកម្ទេចភពផែនដី ទាំងមូលបាន?

0

(អវកាស)៖ ដោយសារមួយរយៈនេះ មានបងប្អូនយើងជាច្រើនព្រួយបារម្ភ​ចំពោះការ​ផ្សព្វផ្សាយ​ព័ត៌មានដែល​មិនច្បាស់លាស់​អំពីអាចម៍ផ្កាយ ឬដុំថ្មអវកាស​ដែលអាចនឹង​មកបុកផែនដីនៅក្នុងខែកុម្ភៈនេះ និងបង្កអន្តរាយដល់​ជីវិតមនុស្សនោះ ទំព័រយើងសូមជំរាប​ថាវាមិនមែនជាការពិត​នោះទេ។ ដូចដែលព័ត៌មាន​ដែលយើងបានផ្សាយដោយ​​មានប្រភពច្បាស់លាស់​ កាលពីថ្ងៃទី០៨ ខែកុម្ភៈរួចមកហើយ ដែលបងប្អូន​អាចចូលមើលបន្ថែមក្នុងទំព័រព័ត៌មានថ្មីៗ អវកាស និងវិទ្យាសាស្ត្រ បានផងដែរ។

ប៉ុន្តែអ្វីដែលគួរឲ្យយល់ដឹងបន្ថែមទៀតនោះ ថាតើអាចម៍ផ្កាយទំហំចាប់ពីប៉ុណ្ណាឡើងទៅទើបអាច​បំផ្លាញ​ផែនដីទាំងមូលបាន? យោងតាមវែបសាយ Inside Science ដែលដកស្រង់ការសិក្សាពីអ្នកវិទ្យាសាស្ត្រ​នោះ អាចម៍ផ្កាយដែលអាចកម្ទេចជីវិតនៅផែនដីទាំងអស់តែម្តង គឺមានទំហំចាប់ពី ៩០គីឡូម៉ែត្រ (មុខកាត់) ឡើងទៅ​ប្រសិនបើវា​ធ្លាក់នៅលើផែនដី នោះនឹងបង្ក​ជារលកយក្ស​ស៊ូណាមិ ភ្លៀងអាចម៍ផ្កាយ រញ្ជួយដីផែនដី​គ្រប់ទី​កន្លែង និងការបំពុល​បរិយាកាស​ដ៏អាក្រក់​បំផុត ដែលគ្មានអ្វីមួយអាច​នៅរស់បាន​ឡើយសូម្បីជីវិតក្នុងសមុទ្រ។

ងាកទៅមើលជំនាន់ ដាយណូស័រ រលំរលាយកាលពី ៦៥លានឆ្នាំមុន គឺដោយសារតែអាចម៍ផ្កាយទំហំតែ ១០គីឡូម៉ែត្រប៉ុណ្ណោះ ធ្លាក់ចំតំបន់មួយនៃប្រទេសម៉ិចស៊ីកូ ហើយកាលណោះជីវិត និងរុក្ខជាតិក៏មិនបាន​បាត់បង់ទាំងអស់នោះដែរ។ សត្វដាយណូស័របាត់បង់ក៏ព្រោះតែវាជាពពួកស៊ីសាច់ជាអាហារ ប៉ុន្តែបច្ចុប្បន្ន ជីវិតភាគច្រើននៅលើផែនដី គឺត្រូវបានចាត់ទុកថា បរិភោគរុក្ខជាតិជាអាហារជាជាងសាច់ ដូច្នេះបើអាចម៍ផ្កាយ​ទំហំប៉ុន៦៥ឆ្នាំលានឆ្នាំវិលមកម្តងទៀតមែន នោះមនុស្សក៏នឹងមិនងាយរលំរលាយដែរ។

គួរបញ្ជាក់តាមអង្គការ NASA ឲ្យដឹងថា នៅក្នុងគន្លង​ជុំវិញផែនដី ឬចម្ងាយរាប់លាន​គីឡូម៉ែត្រ​ពីយើងនេះ​មិនមាន​អាចម៍ផ្កាយ​ទំហំធំណា​មួយ ដែលអាច​បង្កគ្រោះថ្នាក់​ដល់ផែនដី​នោះឡើយ ដោយយើង​អាចរស់នៅ​ដោយ​មិនភ័យព្រួយ​ចំពោះការរលំ​រលាយ​របស់ពិភពលោក​អ្វីនោះឡើយ លើកលែង​តែអាចម៍​ផ្កាយតូចៗ​មួយចំនួន​ប៉ុណ្ណោះ ដូចជា​ការធ្លាក់អាចម៍នៅប្រទេស​រុស្ស៊ីកាលពី​ឆ្នាំ២០១៣ ប៉ុន្តែវាសំណាង​ល្អដែលមិនបាន​បង្កគ្រោះថ្នាក់​ដល់ជីវិតមនុស្សណាម្នាក់​នោះឡើយ៕

ចែករំលែក