តោះ! តាមដាន «បាតុភូតដ៏អស្ចារ្យជាច្រើន នៅលើផ្ទៃមេឃ» ក្នុងខែកុម្ភៈនេះ! (សម្រាប់ផ្ទៃ​មេឃស្រឡះ)

0

(អវកាស)៖ ក្រុមអ្នកចូលចិត្ត​ទស្សនាផ្ទៃមេឃ​ទាំងអស់នៅ​ចុងសប្តាហ៍នេះ នឹងទទួលបាន​ចំណីចក្ខុ​ដ៏ពិសេស និងប្លែកអារម្មណ៍​ចំនួនពីរ​គឺ ច័ន្ទគ្រាស​ដែលមាន​ស្រមោលស្ទង់ៗ​នៅវេលាម៉ោង ៥៖៣៤នាទីព្រឹកថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ (ពេលវេលានៅ​ទីក្រុងភ្នំពេញ ប៉ុន្តែយើងមិនអាចមើលឃើញដល់វាបាត់​ស្រមោល​ពេញ ១០០ភាគរយនោះទេ ក៏ព្រោះតែពេលព្រះច័ន្ទត្រូវស្រមោលលេបពេញតែម្តងនៅម៉ោង ៧៖៤៣នាទីព្រឹក) ហើយ​និងផ្កាយដុះ​កន្ទុយ​​ពណ៌​បៃ​តង​​​ដ៏​ចម្លែក ដែលនឹងឡើងដល់​​កម្រិត​អាចមើលឃើញ​ច្បាស់​បំផុតនៅ​ថ្ងៃបន្ទាប់ (សម្រាប់អ្នកនៅ​បរទេសប៉ុណ្ណោះ)។ នេះបើតាម​​ការដកស្រង់​​ប្រភពព័ត៌មាន​ចេញ​ពី​គេហ​ទំព័រ​​វិទ្យាសាស្រ្ត Space.com នៅ​រសៀល​ថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។

ជាដំបូងព្រះច័ន្ទពេញវង់ឬមួយក៏ «ព្រះចន្ទដូចព្រិល» ប្រចាំខែកុម្ភៈ នឹងធ្វើ​ដំណើរឆ្លងកាត់​តំបន់ចុង​ស្រមោលនៃផែនដី ដែលត្រូវបាន​គេហៅ​ថា​ «Penumbra (ផ្នែកស្រមោលស្ទង់ៗ)»។ នៅអំឡុង «ច័ន្ទគ្រាសដូចព្រិលពេញវង់» ព្រះច័ន្ទនឹងត្រូវគ្រប​ដណ្តប់ដោយស្រមោល​ពេញទាំងស្រុង​ ដែល​ធ្វើឲ្យការផ្លាស់ប្តូរ​ងាយនឹង​ត្រូវមើល​ឃើញច្បាស់​ ក៏ប៉ុន្តែវានឹង​មិនមានភាពល្អ​ខ្លាំងនោះឡើយ​ដូចទៅនឹង «ច័ន្ទគ្រាសធម្មតា» នៅពេល​ដែល​ព្រះច័ន្ទធ្វើដំណើរ​ឆ្លងកាត់ចូល​ទៅយ៉ាងជ្រៅ​ក្នុងស្រមោល​ផែនដីដែលជាផ្នែក​មានឈ្មោះថា «Umbra» ​ហើយប្រែពណ៌​ទៅជារៀង​​ក្រហមខ្លាំង។

ដោយឡែក​ចំពោះផ្កាយ​ដុះកន្ទុយ Comet 45P ឬ Honda-Mrkos-Pajdusakova វិញនឹង​អាចឲ្យយើង​មើលឃើញ​​ដោយ​ប្រើ​ប្រាស់​​កែវ​យឺត​បាន​ ​ក្នុងអំឡុងពេល​ព្រលឹមទាប​​ភ្លឺ​នៅចន្លោះពីថ្ងៃ​សុក្ររហូតដល់​ថ្ងៃអាទិត្យសប្តាហ៍នេះ (ម៉ោងនៅទីក្រុងញូយ៉ក) ក្នុងបណ្តុំ​ផ្កាយហឺឃ្យូ​លីស (Hercules) ដែលស្ថិត​ផ្ទៃមេឃ​ភាគ​ខាងកើត។ នៅព្រឹកថ្ងៃសៅរ៍​សប្តាហ៍នេះ​ផ្កាយ​ដុះកន្ទុយ Comet 45P នឹងធ្វើដំណើរ​ឆ្លងកាត់កៀកនឹង​ផែនដីបំផុត នៅ​ក្នុង​ចម្ងាយ​ត្រឹមតែ​​១២លានគីឡូ​ម៉ែត្រ​ប៉ុណ្ណោះពីភព​របស់យើង។

គួរបញ្ជាក់ថាចន្ទគ្រាស​ដែលមានស្រមោលស្ទង់ៗ​ខាងលើនេះ នឹងអាច​ត្រូវបានមើលឃើញ​ស្ទើរតែនៅ​ទូទាំងពិភពលោក លើកលែងតែ​​កោះ​ហាវៃ អូស្រ្តាលី នូវែលសេឡង់ និងបណ្តា​ប្រទេសមួយចំនួនទៀត​នៅតាមបណ្តោយឆ្នេរ​សមុទ្រប៉ាស៊ិហ្វិក និងតំបន់ភាគ​ខាងកើតអាស៊ី។ គួរឲ្យ​សោកស្តាយពេលវេលា​ដែលព្រះចន្ទចាប់ផ្តើមធ្វើដំណើរ​ទៅកាន់ស្រមោលផែនដី​គឺត្រូវនឹងម៉ោង​៥៖៣២ព្រឹកថ្ងៃសៅរ៍ស្អែកនេះ ហើយ​នៅពេល​ដែលវាចូលជ្រៅពេញ​ទាំងស្រុងនោះ​គឺម៉ោង៧៖៤៣នាទីព្រឹកបាត់​ទៅហើយ ដោយយើង​មិនអាចមើលឃើញ​ទៀតឡើយ៕

ចែករំលែក