រំភើបទៀតហើយ! «អង្គការ NASA អះអាងថា កូនភព Ceres ទំនងជាកន្លែងស្តុកសរីរាង្គមានជីវិត​ក្រៅពីភពផែនដី!»

0

(អវកាស)៖ ពីមួយថ្ងៃទៅមួយ​ថ្ងៃកូនភព Ceres (ភពបំរុង ឬមិនគ្រប់លក្ខណៈ) មើលទៅកាន់តែ​ទំនង​គឺជាកន្លែង​ជ្រកកោណ​របស់ជីវិត​ក្រៅភព ស្របពេល​ដែលយាន​អវកាស​ Dawn របស់អង្គការ NASA នៃសហរដ្ឋអាមេរិក បានសង្កេត​រកឃើញម៉ូលេគុល​សរីរាង្គមួយប្រភេទ​នៅលើភព Ceres ជាលើកដំបូង​បំផុត​ដែល​​ទំនងជាអាចបញ្ជាក់ពី​វត្តមាន​នៃភាវៈមានជីវិត។ នេះបើតាមការ​បោះពុម្ព​ផ្សាយ​របស់​ការ​សិក្សាស្រាវជ្រាវ​​ថ្មីមួយ ដែល​ត្រូវ​បាន​​ដក​ស្រង់​ដោយ​​គេហ​ទំព័រ​វិទ្យាសាស្រ្ត Space.com នៅមុននេះ​បន្តិច​នារសៀល​ថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាម​សមាជិក​នៃក្រុមសិក្សាស្រាវជ្រាវ​ខាងលើ សរីរាង្គទាំងនេះ​ទំនងជាកកើត​ឡើងនៅលើកូនភព Ceres តែម្តង​ដោយមិនមែន​បាន​ធ្វើ​ដំណើរ​មកដល់កូនភព​មួយនេះ​តាមរយៈអាចម៍​ផ្កាយ ឬមួយក៏​ផ្កាយដុះកន្ទុយ​នោះឡើយ។ ក្រៅពីនេះ​ពួកនេះបាន​លើកឡើងថា ដោយ​សារ​តែ Ceres គឺជាកូនភពតូច​មួយ​ដែលប្រហែល​ជានៅបន្តរក្សា​ទុកនូវកម្តៅ​ផ្នែកខាងក្នុង​ពីដំណាក់កាល​ប្រែប្រួលរបស់វា និងប្រហែលជា​អាច​មាន​ផ្ទុក​មហាសមុទ្រ​ស្ថិតក្រោមផ្ទៃ​ស្រទាប់ខាងក្រៅ​របស់វាថែម​ទៀតផង ដែលប្រការ​នេះនឹងបើក​ចំហនូវ​លទ្ធ​ភាពដែលថា​កំណើតជីវិត​ដំបូង អាចធ្លាប់​បានអភិវឌ្ឍន៍​នៅលើកូនភព Ceres ផ្ទាល់។


គួរបញ្ជាក់ថា​បេសកកម្ម Dawn ដែលមាន​ការចំណាយសរុប​ចំនួន​៤៦៧លានដុល្លារបានចាប់​ផ្តើមប្រតិបត្តិការ​កាលពី​ខែកញ្ញា ឆ្នាំ២០០៧ ដើម្បីធ្វើ​ការសិក្សាស្រាវជ្រាវ​ទៅលើអាចម៍​ផ្កាយ Vesta និងកូនភព Ceres ដែលជា​វត្ថុពីរធំជាង​គេបង្អស់​នៅក្នងខែ្សក្រវ៉ាត់​អាចម៍​ផ្កាយ​​ស្ថិត​នៅ​​ចន្លោះ​ភព​អង្គារ និងភព​ព្រហស្បតិ៍។ យានអវកាស Dawn ធ្វើដំណើរជុំវិញអាចម៍ផ្កាយ Vesta (មានអង្កត់​ផ្ចិតប្រវែង​៥៣០គីឡូម៉ែត្រ) ពី​ខែ​កក្កដា ឆ្នាំ២០១១ រហូតដល់​ខែកញ្ញា ឆ្នាំ២០១២ នៅពេល​ដែលវាបាន​ចាកចេញ​ទៅកាន់​កូនភព Ceres (មានអង្កត់​ផ្ចិត​ប្រវែង៩៥០គីឡូម៉ែត្រ) ហើយវា​បានទៅដល់​ទីនោះ​កាលពី​ខែមិនា ឆ្នាំ២០១៥ និងបាន​ក្លាយជា​យានអវកាស​ដំបូងបំផុត​ដែលបានធ្វើ​ដំណើរ​គោចរ​វត្ថុចំនួនពីរ​ផ្សេង​គ្នា​ ស្ថិតនៅក្រៅ​ប្រព័ន្ធ​ភពផែនដី-ព្រះច័ន្ទ​របស់យើង៕

ចែករំលែក