កក្រើកពិភពវិទ្យាសាស្ត្រ! ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម «ប្រកាសគំរោងកសាងទីក្រុងលើភពព្រះអង្គារ នៅឆ្នាំ២១១៧!» (រង់ចាំមិនបានទេយើង)

0

(អាប៊ូ ដាប៊ី)៖ ប្រទេស អេមីរ៉ាត់ អារ៉ាប់រួម បានប្រកាសថាខ្លួនគ្រោងកសាង​ទីក្រុងនៅលើ​ភពព្រះអង្គារ​ដែលស្ថិតនៅ​ចម្ងាយរាប់រយលាន​គីឡូម៉ែត្រពី​ភពផែនដី ឲ្យបាននៅឆ្នាំ២១១៧ ដែលគិតទៅគឺនឹងមាន​រយៈពេល ១០០ឆ្នាំទៀតឯណោះ។ នេះបើតាមការ​ដកស្រង់ពីទីភ្នាក់ងារ​ព័ត៌មានចិន​ស៊ិនហួរ នារសៀល​ថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។

គំរោងដ៏ធំមហិមាខាងលើនេះមានឈ្មោះថា «Mars 2117» ដែលទីក្រុងនេះនឹងរួមសហការបង្កើតជាមួយ​បណ្តាប្រទេសមានសក្តានុពលមួយចំនួនទៀតរបស់អន្តរជាតិ។ នេះបើតាមការថ្លែងរបស់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រី អេមីរ៉ាត់ អារ៉ាប់រួម ព្រះអង្គម្ចាស់ Sheikh Mohammed Bin Rashid Al-Maktoum នៅក្នុងកិច្ចប្រជុំកំពូលនៃរដ្ឋាភិបាលពិភពលោកលើកទី៥ ដែលធ្វើឡើងនៅទីក្រុង ឌូបៃ ដ៏ធំបំផុតរបស់​ប្រទេសអារ៉ាប់មួយនេះ ដែលជាបណ្តុំកំពូលមហាសេដ្ឋី និងមានហេដ្ឋារចនាសម្ព័ន្ធ​អស្ចារ្យជាងគេ​លើលោក។

ប្រទេសអារ៉ាប់ដ៏មានទ្រព្យសម្បត្តិស្តុកស្តម្ភមួយនេះរំពឹងថា នឹងយកយុវជនដែលស្រឡាញ់ការស្រាវជ្រាវ​របស់ខ្លួនទៅបំពេញបេសកកម្ម​លើភពព្រះអង្គារ និងបង្កើតទី​ក្រុងបែបស្រាវជ្រាវ​នៅលើនោះឲ្យបាន​នៅ​ឆ្នាំ២១១៧។ សម្រាប់ដៃគូ​ប្រកបដោយ​ឥទ្ធិពលនោះ គឺអាចជា​អង្គការ NASA របស់អាមេរិក, អង្គការ ESA របស់អឺរ៉ុប, ទីភ្នាក់អវកាសរុស្ស៊ី, ទីភ្នាក់ងារអវកាសចិន, និងទីភ្នាក់ងារអវកាសឥណ្ឌាជាដើម។

គួរបញ្ជាក់អង្គការ NASA ក៏គ្រោងនាំមនុស្សដំបូងទៅកាន់ភពអង្គារផងដែរនៅឆ្នាំ២០៣០ ដោយមានការ​សហការធំជាងគេជាមួយទីភ្នាក់ងារអវកាសអឺរ៉ុប ESA។ ភពអង្គារមិនមែនជាកម្មសិទ្ធិរបស់នរណា​ផ្តាច់មុខឡើយ​ដូច្នេះអ្នកដែលមានគោលដៅសិក្សាស្រាវជ្រាវ ក្នុងន័យល្អដើម្បីផលប្រយោជន៍មនុស្សជាតិ នោះនឹងត្រូវ​អនុញ្ញាតដោយស្មើភាពដើម្បីទៅកាន់ទីនោះ៕

ចែករំលែក