ថ្មី! រូបភាពពីយានអវកាស៖ «ព្រះច័ន្ទអ៊ិនសែឡាដឹស នៃភពសៅរ៍» អាចនឹងជាកន្លែងមនុស្សរស់នៅបាន?

0

(អាមេរិក)៖ ការពិនិត្យមើល​យ៉ាងលម្អិតទៅលើ​រូបភាពព្រះច័ន្ទទឹកកក​ «អ៊ិនសែឡាដឹស» របស់ភពសៅរ៍ ដ៏ដាច់​ស្រយាល វាពិតជាគ្មានជីវិតណាដែលអាចរស់នៅកន្លែងដ៏ត្រជាក់នេះបានឡើយ ប៉ុន្តែអ្វីដែលទទួលបានពី​ផ្កាយរណប នៃយានអវកាស​រុករក​ភពសៅរ៍ Cassini ក្រុមអ្នក​វិទ្យាសាស្រ្តរបស់​ទីភ្នាក់ងារអវកាស​​ណាសា (NASA) បាននិយាយថា ព្រះច័ន្ទទឹកកកមួយនេះ អាចជាកន្លែងដែល​មនុស្សអាចតាំងទីលំនៅ​បាននាថ្ងៃ​​អនាគត។ នេះបើយោង​តាមប្រភពព័ត៌មាន​វិទ្យាសាស្រ្ត Space ចេញ​ផ្សាយនៅ​ថ្ងៃច័ន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។

ភ្នាក់ងារអវកាស​ណាសា​បានធ្វើការបង្ហាញ​រូបភាពនេះ ព្រមទាំងមាន​ការបកស្រាយនៅក្នុង​គេហទំព័រ​ផ្លូវការរបស់​ខ្លួនថា «តាមរយៈបេសកកម្ម​រុករកភពសៅរ៍​នៃយាន​អវកាស Cassini បានបង្ហាញ​ឲ្យឃើញ​ថា ផ្ទៃព្រះច័ន្ទទឹកកក​អ៊ិនសែឡាដឹស ដែលមានមុខ​កាត់ប្រវែង ៥០៤ គីឡូម៉ែត្រ ត្រូវបាន​គ្របដណ្តប់ដោយ​ទឹកកកទាំងស្រុង។ មិនត្រឹមតែ​ប៉ុណ្ណោះព្រះច័ន្ទ​នៃភពសៅរ៍នេះ ត្រូវបាន​បង្កប់ដោយ​មហាសមុទ្រធំៗ​មួយចំនួន​នៅពីក្រោមផ្ទាំងទឹកកក​​ទាំងនោះ ដែលសញ្ញា​ធ្វើឲ្យយើងដឹង​ថា វាអាចមាន​ប្រព័ន្ធ​នៃឧស្ម័ន​អ៊ីដ្រូសែន​កើតឡើងបាន។»

ជាមួយគ្នានេះដែរ ទី​ភ្នាក់ងារអវកាសណាសាបានបន្តទៀតថា «ក្រុមអ្នកវិទ្យាសាស្រ្តជឿជាក់ថា កាលណា​មានប្រព័ន្ធទឹក ឬមហាសមុទ្រ អ៊ីដ្រូសែន​នឹងអាចកើតមាន នោះជីវិតក៏អាចរស់​នៅបានដែរ។”

គួរបញ្ជាក់ដែរថាបេសកកម្ម​យានអវកាស​រុករកភពសៅរ៍ Cassini ត្រូវបានចាប់​ផ្តើមឡើងចាប់​តាំងពី​ឆ្នាំ១៩៩៧ ដើម្បីសិក្សាស្រាវជ្រាវ​​អំពីបរិយាកាស​របស់ភពសៅរ៍ ដោយវាស្ថិត​នៅក្នុងរយៈចំងាយ ១២៨,០០០គីឡូម៉ែត្រពីព្រះច័ន្ទទឹកកក​របស់ភពសៅរ៍ ហើយបេសកកម្មនេះ​នឹងត្រូវបញ្ចប់នៅចុង​ឆ្នាំ២០១៧ខាងមុខនេះ ហើយក៏ជាពេលដែល Cassini ត្រូវទម្លាក់ខ្លួនចូលទៅក្នុងផ្ទៃភពសៅរ៍ផងដែរ៕

ចែករំលែក