អង្គការ NASA អះអាងថា «ព្រះច័ន្ទទីតាននៃភពសៅរ៍ មានចរន្តខ្យល់ប៉ូល ដូចនឹងភពផែនដី!»

0

(អាមេរិក)៖ យោងទៅតាម​ទីភ្នាក់ងារអវកាសណាសា បានឲ្យដឹងនា​ថ្ងៃអង្គារទី ២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា ភពផែនដី និងព្រះច័ន្ទទីតានរបស់ភពសៅរ៍ មានស្រទាប់​បរិយាកាស​ក្រាស់ ថ្មក្រោមដី និងប្រព័ន្ធតិចតូនិចស្ទើរតែដូចគ្នាផងដែរ។ នេះបើតាមការដកស្រង់ពីវែបសាយ Space។ ដោយឡែក បច្ចុប្បន្នក្រុម​អ្នកស្រាវជ្រាវ​បានរកឃើញថា វាមានចរន្ត​ខ្យល់ប៉ូលដូចគ្នាដែលអាច​រុញច្រាន​ពពួកឧស្ម័ន​ផ្សេងៗ ចេញពីបរិយាកាស​របស់វាទៅកាន់​លំហអាកាសទៀតផង។

ព្រះច័ន្ទដ៏ធំ​បំផុតរបស់​ភពសៅរ៍​ឈ្មោះទីតាន ត្រូវបាន​ស្គាល់ជាលើកដំបូងថា​ជាភពមួយដែល​អាចមានចរន្ត​ខ្យល់ប៉ូល​យ៉ាងពិសេស។ ជាមួយគ្នា​នេះដែរ យានរុករកកាសានីរបស់ទីភ្នាក់ងារអវកាស​ណាសា ដែលបាន​សិក្សាអំពី​ភពសៅរ៍កាលពី​ឆ្នាំ ២០០៤ បានរកឃើញ​ភស្តុតាងមួយ​នៃចរន្តខ្យល់ ដែលបានឆ្លង​កាត់បរិយាកាស​របស់ព្រះច័ន្ទ​ទីតាន និង កន្ទុយដែន​ម៉ាញ៉េទិច​របស់វា។

ជាក់ស្តែងភស្តុតាងនេះ​ត្រូវបានរកឃើញ​នៅក្នុងទំរង់​អេឡិចត្រុង ២៤.១វ៉ុល​នៃថាមពល​ជាក់លាក់មួយ ដែលក្រុមអ្នកស្រាវជ្រាវ​បានដឹងថា វាជាទំនាក់ទំនងរវាងភាគល្អិតតូចៗ និងពន្លឺ។ ទោះបីជាព្រះច័ន្ទ​ទីតានមាន​ចំងាយឆ្ងាយ​ពីព្រះអាទិត្យ តែស្រទាប់​បរិយាកាស​របស់វានៅ​តែទទួលពន្លឺ​ពីព្រះអាទិត្យ ដែលហេតុនាំឲ្យវាអាចបំលែងថាមលនានា នៅក្នុងបរិយាកាសបាន។

គួរបញ្ជាក់ដែរថានៅលើភពផែនដី ក៏មានឥទ្ធិពល​នៃភាគល្អិតតូចៗនៅក្នុងស្រទាប់​បរិយាកាស​ដូចគ្នា ដោយ​វាតែងតែមាន​ទំនាក់ទំនង ជាមួយនឹងដែនម៉ាញេទិច​របស់ផែនដី។ នៅក្នុងប្រព័ន្ធព្រះអាទិត្យនេះ មានទីឋានតែ០៤ប៉ុណ្ណោះដែលភាពផ្ទៃដីស្រោបដោយបរិយាកាស នោះទី១ ផែនដី, ទី២ ភពសុក្រ, ទី៣ ភពអង្គារ, និងទី៤ គឺព្រះច័ន្ទទីតានហ្នឹងតែម្តង៕

ចែករំលែក