អស្ចារ្យមែន! ពេលនេះប្រទេសឥណ្ឌា «មានលទ្ធភាពកសាងស្ថានីយ៍អវកាស ដោយខ្លួនឯងហើយ!»

0
International Space Station ISS

(ញូដេលី)៖ មហាយក្សឥណ្ឌា ដែលមាន​ប្រជាជនច្រើនជាងគេ​លំដាប់ទីពីរ​លើលោក (ជាង ១.២ពាន់​លាន​នាក់) និងជាប្រទេស​ដែលកំពុងមានសន្ទុះ​សេដ្ឋកិច្ចមិនចាញ់​មហាយក្សចិន​​ប៉ុន្មាននោះ បានបង្ហាញ​មហិច្ឆតា​របស់ខ្លួនក្នុង​ការកសាងស្ថានីយ៍​អវកាស​ផ្ទាល់​ខ្លួន ខណៈដែលចិន​ក៏កំពុងមានផែនការ​មិនខុសគ្នា​នេះដែរ ដើម្បីប្រជែងនឹងស្ថានីយ៍អវកាសអន្តរជាតិ ISIS ដែលមានស្រាប់។ នេះបើតាម​​ការចេញផ្សាយ​​នៅមុននេះ​បន្តិច ដោយបណ្តាញ​​សារព័ត៌មាន​​ចិន​ស៊ិនហួរ នារសៀល​ថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក A.S. Kiran Kumar ប្រធាន​អង្គការ​ស្រាវជ្រាវ​​អវកាស​ឥណ្ឌា (ISRO) បានថ្លែង​ប្រាប់​​សារព័ត៌មាន​ឥណ្ឌា​ដូច្នេះថា «យើងមាន​សមត្ថភាព​គ្រប់យ៉ាង​​ក្នុងការបង្កើត​ស្ថានីយ៍អវកាស​មួយឡើង។ នៅថ្ងៃ​ដែល​ប្រទេសនេះ​សម្រេចចិត្ត យើងក៏នឹងឆ្លើយ​យល់ព្រមផងដែរ​ចំពោះគំរោង។ វាគ្រាន់តែ​ត្រូវការការបង្កើត​​នយោបាយ​មួយ និងផ្តល់ឲ្យ​យើងនូវជំនួយ​នានា ព្រមទាំងពេល​វេលាតាមដែលអាច​ទៅរួចប៉ុណ្ណោះ»។

ការអះអាងរបស់ ISRO ខាងលើនេះ​បានធ្វើឡើងតែប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ឥណ្ឌា​​បានទទួល​ជោគជ័យ​លើការ​បាញ់បង្ហោះ​ផ្កាយរណប​ចំនួន ១០៤គ្រឿង​នៅក្នុងគ្រាប់រ៉ុក្កែត​តែមួយ ដែលជា​ការបំបែក​កំណត់ត្រា​ចាស់​ដែលបានធ្វើឡើង​ដោយរុស្ស៊ី​ចំនួន ៣៧គ្រឿងកាល​ពីឆ្នាំ២០១៤។ កាលពីឆ្នាំ​២០១៤នោះ ឥណ្ឌា​ក៏បាន​​សម្រេចជោគជ័យ​ដំបូងរបស់ខ្លួន ក្នុងការបញ្ជូនយានអវកាស​ទៅថតយករូបភាព​ភពអង្គារ​​ផងដែរ ដែលផែន​ការ​នោះមាន​ឈ្មោះ Mangalyaan បាន​ចំណាយទឹកប្រាក់ ៧៤លានដុល្លារ​អាមេរិក។

គួរបញ្ជាក់ថារដ្ឋាភិបាលឥណ្ឌាបានចំណាយប្រាក់​ឧបត្ថម​កាន់តែច្រើនឡើង ទៅលើការស្រាវជ្រាវ​ទីអវកាស​របស់អង្គការ ISRO ដោយនៅឆ្នាំនេះ និងឆ្នាំក្រោយៗ​ទៀត​ឥណ្ឌានឹង​មានគំរោង​បញ្ជូនយាន​ទៅធ្វើការ​សិក្សានៅ​ភពសុក្រ។ បេសកកម្មអវកាស​របស់ឥណ្ឌា​ត្រូវបានលោកខាងលិច​មើលឃើញថា មានប្រសិទ្ធភាព និងមាន​ការ​ចាយវាយក្នុងតម្លៃ​ទាប​ជាងបណ្តាប្រទេស​នានាទាំងអស់លើពិភពលោក៕

ចែករំលែក