សូរ្យគ្រាស​លើកនេះ កើតឡើងនៅ​អាហ្សង់ទីន! ប្រជាជន​ប្រមូលផ្តុំ​គ្នាទស្សនា​យ៉ាងជក់ចិត្ត!

0

(ប៊ូណូ អារ៉ែស)៖ ប្រជាជន​នៅប្រទេស​អាហ្សង់ទីន​បានសប្បាយរីករាយ និងភ្ញាក់ផ្អើល​ចំពោះបាតុភូត​សូរ្យគ្រាស ដែលបានកើត​ឡើងនៅ​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ (ពេលវេលា​នៅអាមេរិក​ខាងត្បូង) ដោយ​ពួកគេ​បានប្រើប្រាស់​ឧបករណ៍ជា​ច្រើនដូចជា កែវយឺត,​ តេឡេស្កូប, និងវ៉ែនតាការពារពន្លឺ ដើម្បីទស្សនា​បាតុភូតអាកាស​ដ៏អស្ចារ្យនេះ។ នេះបើតាមការ​ផ្សាយរបស់ទីភ្នាក់ងារ​ព័ត៌មានចិន​ស៊ិនហួរ។

សូរ្យគ្រាស​គឺជាបាតុភូតមួយក្នុងប្រព័ន្ធព្រះអាទិត្យ​យើងនេះ កើតឡើង​ដោយ​សារតែ​គន្លងគោចរ​​របស់ព្រះច័ន្ទ មកចំចម្លោះរវាង​ផែនដី និងព្រះអាទិត្យ ដែលជាហេតុធ្វើ​ឲ្យស្រមោលរបស់ព្រះច័ន្ទ​​ជះទៅលើ​តំបន់​មួយ​ចំនួនរបស់​ភពផែនដី បង្កជាការ​ងងឹត។ ការងងឹតនោះ​ក៏មានបែងចែក​ជាច្រើនកម្រិត​​ផងដែរ ហើយដោយ​ឡែកតំបន់ដែល​ងងឹតទាំងស្រុងនោះ គឺជាតំបន់ដែលស្ថិត​ចំខ្សែបន្ទាត់ត្រង់​រវាងផែនដី ព្រះច័ន្ទ និងព្រះអាទិត្យតែម្តង។

គួរបញ្ជាក់ថា​សូរ្យគ្រាសលើកនេះ បានកើតឡើងនៅតំបន់អាមេរិកឡាទីន ដោយនៅក្នុងនោះ​ប្រទេស​អាហ្សង់ទីន នៅតំបន់រដ្ឋធានី ប៊ូណូ អារ៉ែស តែម្តង​សូរ្យគ្រាសបានកើតឡើងពេញលេញស្ទើរ ១០០ភាគរយ ដែលភ្ញៀវទេសចរ ប្រជាជន និងអ្នកប្រមាញ់បាតុភូតអាកាសជាច្រើន​​បានប្រមូលផ្តុំគ្នា​ដើម្បីទស្សនា និងផ្តិត​យកទិដ្ឋភាព ដែលបានកើតឡើង​កាលពីវេលាម៉ោង ១៥៖១៥នាទីរសៀល​ថ្ងៃទី២៦ ខែកុម្ភៈ៕

ចែករំលែក