ទីបំផុតផ្កាយរណប MRO របស់ NASA «ហោះព័ទ្ធជុំវិញភពអង្គារ ៥០,០០០ជុំ» ក្នុងរយៈពេល ១១ឆ្នាំ!

0

(អវកាស)៖ ផ្កាយរណបស្រាវជ្រាវ MRO របស់ទីភ្នាក់ងារអវកាស NASA នាពេលនេះបាន​ធ្វើដំណើរជុំវិញ​ភពអង្គារ (Mars) ​ចំនួន៥០,០០០​ជុំហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីគេហទំព័រវិទ្យាសាស្រ្ត Space.com នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី០៣ ខែ​មេសា ឆ្នាំ២០១៧។

កំណត់ត្រាថ្មីនេះ​សម្រេចបានកាលពី​ថ្ងៃចន្ទសប្តាហ៍មុននេះ ពោលគឺប្រហែលជា១១ឆ្នាំបន្ទាប់ពីយាន MRO បានធ្វើដំណើរទៅ​ដល់ភពអង្គារ​។ ជាមួយគ្នានោះ​លោក Dan Johnston នៃមន្ទីរពិសោធន៍​ម៉ាស៊ីនគ្រាប់​រ៉ុក្កែត​របស់អង្គការ NASA នៅទីក្រុង Pasaden ក្នុង​រដ្ឋ​កា​លី​​ហ្វរ​ញ៉ា និង​​ជា​ប្រធាន​គ្រប់​គ្រង​​គំរោង MRO បានចេញសេចក្តីថ្លែងការណ៍ថា «យានស្រាវជ្រាវ MRO គឺជាឧបករណ៍ដ៏​អស្ចារ្យមួយ ដែលយើងរំពឹង​ថា​នឹងអាចបម្រើដល់កម្មវិធី​រុករកនៅភពអង្គារ និងការសិក្សា​វិទ្យាសាស្រ្ត​នៅភពក្រហម​មួយនេះ ក្នុងរយៈពេលជាច្រើន​ឆ្នាំទៅមុខទៀត»។

យានស្រាវជ្រាវ MRO បាននិងកំពុងធ្វើការ​ស្វែងរកសញ្ញាណ នៃសកម្មភាព​ទឹកពីអតីតកាល​នៅលើភពអង្គារ និងរកមើល​ទីតាំង​ចុះ​ចត​​ដែល​សាកសមសម្រាប់​បេសកម្មគ្រឿងយន្ត​ និងមនុស្ស​នាពេលអនាគត ក៏ដូចជាសិក្សា​ស្វែងយល់​អំពីបរិយាការ​ និងភូមិសាស្រ្ត​របស់ភពអង្គារ ព្រម​ទាំងដើរ​តួនាទី​ជាអ្នកចម្លងទិន្នន័យ​សម្រាប់​គ្រឿងយន្ត​ ដែលស្ថិតលើផ្ទៃភពអង្គារផ្ទាល់ រួមមានយាន Orpportunity និង Curioisity ជាដើម នៅ​ក្នុង​ចំណោមសកម្មភាពជាដទៃផ្សេងៗទៀត។

គួរបញ្ជាក់ថា បេសកកម្ម MRO ដែលមានតម្លៃ ៧២០លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានបាញ់​បង្ហោះកាលពី​ខែសីហា ឆ្នាំ២០០៥ និងបាន​ចូលទៅ​ដល់គន្លងរបស់​ភពអង្គារកាលពីខែមីនា ឆ្នាំ២០០៦។ ក្រោយមកយានស្រាវជ្រាវនេះ បានចំណាយពេលមួយចំនួន​ធ្វើ​ការកំណត់​គន្លងធ្វើដំណើររបស់វា នៅមុនពេល​ចាប់ផ្តើមប្រតិបតិ្តការ​ផ្នែកវិទ្យាសាស្រ្ត​កាលពី​ខែវិច្ឆិកា ឆ្នាំ២០០៦៕

ចែករំលែក