ក្រោយថតរូបភ្លុយតូ! យាន New Horizons «កំពុងឆ្ពោះទៅកាន់ទីចុងបំផុត នៃប្រព័ន្ធព្រះអាទិត្យ Kuiper Belt» ដែលមានវត្ថុធំៗគួរឲ្យចាប់អារម្មណ៍!

0

(អវកាស)៖ ខណៈកំពុង​បន្តធ្វើដំណើរ​ឆ្ពោះទៅកាន់តំបន់ផ្នែកខាងក្រៅ​បំផុត នៃប្រព័ន្ធព្រះអាទិត្យនោះ នាពេលនេះ​យានអវកាស New Horizons របស់ទីភ្នាក់ងារ​អវកាស NASA ធ្វើដំណើរ​បានពាក់កណ្តាល​ផ្លូវហើយ ចេញពីភពមិន​ពេញលក្ខណៈ «ភ្លុយតូ» ដែលជាគោលដៅ​ទីមួយរបស់​ខ្លួន​ទៅកាន់វត្ថុខ្សែ​ក្រវ៉ាត់ខៃភើ (KBO) មានឈ្មោះ​សម្គាល់ថា «2014 MU69» ជាគោលដៅ​ទីពីរដែល New Horizons នឹងធ្វើការ​ហោះឆ្វែល​​ទៅកៀកក្នុងរយៈពេល​ជិតពីរឆ្នាំ​ខាងមុខទៀត ពោល​គឺថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩។ នេះបើតាម​ការចេញផ្សាយ​គេហទំព័រ​វិទ្យាសាស្រ្ត​ SpaceRef.com នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០១៧។

យោងតាម​លោក Alan Stern អ្នកស៊ើបអង្កេត​គោលការណ៍​របស់​បេសកកម្ម New Horizons មកពីវិទ្យាស្ថាន​ស្រាវជ្រាវ Southwest ក្នុងទីក្រុង Boulder នៃរដ្ឋ Colorado នាពេលថ្មីៗ​នេះយាន​អវកាស New Horizons បានស្ថិតនៅរយៈ​ចម្ងាយ ៧៨២.៤៥លានគីឡូម៉ែត្រហួសពីភព ភ្លុយតូ ដែល​ជា​ចម្ងាយដូចគ្នាបើធៀបទៅនឹងដំណើរដែលត្រូវបន្តឆ្ពោះទៅ MU69។

គួរបញ្ជាក់ថា​បច្ចុប្បន្ននេះ​យានអវកាស New Horizons កំពុងស្ថិតនៅ​ចម្ងាយប្រមាណ​ជា​ ៥.៧ពាន់លានគីឡូម៉ែត្រ​ពីភពផែនដី​របស់យើង ហើយ​​នៅក្នុងរយៈចម្ងាយ​នេះ​រលកវិទ្យុសញ្ញា​ដែលបញ្ជូនពីក្រុម​ការងារប្រតិបត្តិការ ដែលធ្វើដំណើរ​ក្នុងល្បឿនពន្លឺនោះ ត្រូវការពេល​វេលា​ប្រហែលជា​ ៥ម៉ោង និង២០នាទី ដើម្បីអាចទៅដល់​យានអវកាសនេះ។

សម្រាប់ ភ្លុយតូ មិនមែនជាភពបម្រុងតែមួយដែលស្ថិតនៅចុងនៃប្រព័ន្ធព្រះអាទិត្យនោះឡើយ ដោយមានវត្ថុ​អវកាស ឬភពបម្រុងជាច្រើនទៀត​ដែលមានទំហំប្រហាក់​ប្រហែល ឬធំជាងភ្លុយតូ​ដែរដូចជា Eris, Makemake, Haumea, Sedna, Orcus, 2007 OR, និង Quaosar ជាដើម​ដែល​សុទ្ធសឹងតែ​គ្មាន​នរណាធ្លាប់ឃើញ ហើយ New Horizons ក៏ទំនងជានឹងអាច​ថតរូបភាពភពបម្រុង​ណាមួយផងដែរ៕

ចែករំលែក