យុទ្ធនាការរីករាយ! ក្រុមតារាវិទូអន្តរជាតិ «រួមគ្នាប្រឡងថតរូប ប្រហោងខ្មៅយក្ស ឬ Black Hole» នៅអាមេរិក ដែលធំជាងព្រះអាទិត្យ៤លានដង!

0

(អាមេរិក)៖ ទីបំផុតយុទ្ធនាការ​ដើម្បីផ្តិតយករូបភាព​ដំបូងបំផុតនៃ​ប្រហោងខ្មៅ (Black Hole) បានចាប់ផ្តើម​ហើយដោយចាប់ពី​ថ្ងៃទី០៥ រហូតដល់ថ្ងៃទី១៤ ខែមេសា (ពេលវេលា​នៅសហរដ្ឋអាមេរិក) ក្រុមតារាវិទូ​នឹងប្រើប្រាស់ប្រព័ន្ធ​កែវយឺត និងផ្កាយរណប​នៅ​ជុំវិញ​​ពិភព​លោក ដើម្បីក្រឡេកមើល​ទៅលើប្រហោងខ្មៅ​ដ៏ធំមហិមា​មួយ នៅចំកណ្តាលនៃកាឡាក់ស៊ី Milky Way របស់យើង​ឈ្មោះថា Sagittarius A* ឬ Sgr A* ដែលមានទំហំ​ជាងព្រះអាទិត្យដល់​ទៅបួនលាន​ដងឯណោះ។ នេះបើតាម​ការដកស្រង់​ការចេញផ្សាយចេញពី​គេហទំព័រវិទ្យាសាស្រ្ត​ Space.com នៅមុននេះបន្តិច​នារសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសា ឆ្នាំ២០១៧។

នៅក្នុងយុទ្ធនាការនេះ​ក្រុមអ្នកស្រាវស្រាវ​សង្ឃឹមថា នឹងអាចថតយក​រូបភាពនៃចក្រ​ពេលវេលា (Event Horizon) របស់ Sgr A* ដែលវាត្រូវ​​បានគេស្គាល់ថា​គឺជា «ចំណុចពុំមាន​ការត្រឡប់ក្រោយ» ដែលគ្មានអ្វី​ទាំងអស់​សូម្បីតែពន្លឺអាច​គេចចេញបាន។ ដូច្នេះហើយ​ជា​ទូទៅ​ផ្ទៃ​ខាង​ក្នុង​​នៃ​ប្រហោងខ្មៅ មិនត្រូវអាចផ្តិត​យករូបភាពបាន​នោះឡើយ ពីព្រោះតែពុំមាន​ពន្លឺចេញមក​ខាងក្រៅ។

លោក Gopal Narayanan សាស្រ្តាចារ្យ​ផ្នែកខាងស្រាវជ្រាវ​តារាសាស្រ្តនៃ​សាកលវិទ្យាល័យ University of Massachusetts Amherst សហ​រដ្ឋអាមេរិក​បានលើកឡើងថា «យុទ្ធនាការ​នៃការតាមដាន​ក៏ដូចជាឃ្លាំមើលទាំងនេះ នឹងជួយយើង​ក្នុងការគិតគូរ​ពិចារណា​ទៅលើ​ទ្រឹស្តី​ដ៏​ប្លែកៗអំពី​ប្រហោខ្មៅ ស្របពេល​ដែលសព្វថ្ងៃនេះ​គេសង្កេត​ឃើញមាន ទឹ្រស្តីចម្លែកៗ​ជាច្រើនពាក់ព័ន្ធ​នឹងបាតុភូតដ៏​អស្ចារ្យនេះ។ ម៉្យាងវិញ​ទៀតដោយ​ប្រើប្រាស់ទិន្នន័យ​ទទួលបាន​ពីគំរោងថ្មី​មិនធ្លាប់មាន​នេះ យើងនឹង​អាចស្វែងយល់​បានកាន់តែច្បាស់​បន្ថែមទៀត អំពីអ្វី​ដែល​​យើង​​មិនដែលយល់ និងមិនដែលដឹងពីមុនមក»។

គំរោងខាង​លើមាន​ឈ្មោះថា Event Horizon Telescope (EHT) កំពុងធ្វើការ​តភ្ជាប់មជ្ឈមណ្ឌល​ឃ្លាំមើលលំហ​អាកាស នៅរដ្ឋហាវ៉ៃ, រដ្ឋកាលីហ្វរញ៉ា, រដ្ឋអារីហ្សូណា, ប្រទេស​ម៉ិចស៊ីកូ, ប្រទេសស៊ីលី, ប្រទេសអេស៉្បាញ និងទ្វីបអង់តាក់ទិច ដើម្បីបង្កើត​ឧបករណ៍​នៃរលកវិទ្យុ​​សញ្ញា​ដែលមានស្មើនឹង​ទំហំរបស់ភពផែនដី​ទាំងមូល។ យោងតាម​ក្រុមការងារ EHT ឧបករណ៍​ដ៏ខ្លាំងក្លាមួយ​គឺជារឿង​ចាំបាច់បំផុត​ក្នុងការ​មើល ​​ទៅកាន់ច្រកពេល​វេលា​របស់​ប្រហោងខ្មៅ Sgr A* ដែលស្ថិតនៅ​ប្រមាណ ២៦,០០០ឆ្នាំពន្លឺពីភព​ផែនដីរបស់​យើង។

ដោយឡែក​នៅក្នុងយុទ្ធនាការ​នេះ ក្រុមងារងារ EHT ក៏កំពុងព្យាយាម​ក្រឡេកមើលទៅលើ​ប្រហោងខ្មៅដ៏ធំ​សម្បើមមួយ​ផ្សេងទៀត ស្ថិត​នៅ​ស្នូលនៃកាឡាក់ស៊ី​ឈ្មោះ M87 ដែលមានចម្ងាយ​ ៥៣.៥លានឆ្នាំពន្លឺ​ពីផែនដី ហើយទម្ងន់​របស់ប្រហោងខ្មៅ​បិសាចនេះ ប្រហែលជាធ្ងន់​ជាង​ព្រះអាទិត្យដល់ទៅ​០៦លានដង ដូច្នេះមាន​ន័យថា​ច្រកពេលវេលា​របស់វា ក៏ធំជាងរបស់​ប្រហោខ្មៅ Sgr A* ដែរ។ យ៉ាងណា​មិញ ទោះបីជា​យុទ្ធនាការ​ឃ្លាំមើលនេះនឹង​ត្រូវបញ្ចប់ក្នុង​ពេលឆាប់ៗខាង​មុខយ៉ាងក្តី វានឹងទាមទារ​ឲ្យចំណាយ​ពេលវេលាមួយរយៈធំ​ផងដែរ សម្រាប់ក្រុម​​អ្នកតារាវិទូ ធ្វើការរួមបញ្ចូល​នូវរូបភាព​នានា៕

ចែករំលែក