ទីបំផុតរូបភាពភពព្រហស្បតិ៍ និងចំណុចក្រហមដ៏ធំអស្ចារ្យ ត្រូវបានកែវយឺត Hubble ថតដោយលម្អិត មិនធ្លាប់មាន!

0

(អាមេរិក)៖ ភពព្រហស្បតិ៍ (Jupiter) ត្រូវបានផ្តិតយកដោយភាពលម្អិតពុំធ្លាប់មានពីមុនមកនោះឡើយ នៅក្នុងរូបភាពថ្មីមូយដែលទើបតែ​ត្រូវ​​បានបង្ហាញជាសាធារណៈ ដោយទីភ្នាក់ងារអវកាសអាមេរិក NASA។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអង់គ្លេស Independent នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០១៧។

រូបភាពខាងលើ​ដែលត្រូវបាន​ថតយកដោយ​កែវយឺតអវកាស Hubble បង្ហាញពីភពឧស្ម័ន​យក្សនេះ នៅក្នុងទីតាំងគោចរផ្ទុយពីព្រះអាទិត្យ​ និងផែន​ដី។ នៅខណៈពេលដែលរូបថតនេះត្រូវបានផ្តិតយក ភព ឬផ្កាយទាំងបីនេះស្ថិតលើខ្សែបន្ទាត់តែមួយ ដោយភពរបស់យើង​នៅចន្លោះព្រះអាទិត្យ​ និងភពព្រហស្បតិ៍។ អ្វីដែលពិសេសនោះ គឺនៅចំណុចនេះ​បរិយាកាស​ពោរពេញដោយពណ៌​ចម្រុះល្អឥតខ្ចោះ​របស់ភព​ព្រហស្បតិ៍​ ត្រូវបាន​បង្ហាញឲ្យឃើញ​យ៉ាងច្បាស់​ពេញលេញ ដោយសារតែ​វាមានរយៈចម្ងាយ​ដ៏កៀកបំផុត​នឹងភពផែនដី ពោលគឺ​ប្រមាណជា​៦៦៨លាន​គីឡូម៉ែត្រ​ពីគ្នាប៉ុណ្ណោះ។

ភពព្រហស្បតិ៍​គឺជាភពដ៏ធំជាង​គេបង្អស់នៅក្នុងប្រព័ន្ធ​ព្រះអាទិត្យ ជាមួយនិង​ទំហំធំជាងដល់​ទៅពីរដងកន្លះ បើធៀបនឹង​ការរួម​បញ្ចូល​គ្នា​​នៅ​ទំ​ហំ​នៃ​​ភពទាំងអស់។ លក្ខណៈដ៏ពិសេស​ដាច់គេនៅក្នុង​រូបភាពថ្មីដែលទើប​តែថតយក​បាននេះ ត្រូវបានគេ​ស្គាល់យ៉ាងទូលំទូលាយ​ថា «ចំណុចក្រហម​ដ៏អស្ចារ្យ (Great Red Spot)» ជាព្យុះដែល​វិលបញ្ច្រាស់​ទ្រនិចនា​ឡិការ ឬមួយក៏តំបន់​នៃសម្ពាធដ៏ខ្លាំងក្លា ដែលត្រូវ​បានតាម​ក្រុមអ្នកវិទ្យាសាស្រ្ត​អស់រយៈពេល​យ៉ាងតិច​១៥០ឆ្នាំ។

ព្យុះមហិមាខាងលើនេះ មានទំហំធំ​ជាងភពផែនដីរបស់យើង​ទាំងមូលទៅទៀត ប៉ុន្តែវាកំពុង​តែរួមមាឌបន្តិចម្តងៗ​ហើយកាន់តែ​មូលទៅៗ ទោះបីជាពុំ​ត្រូវបានគេដឹងថា​មកពីមូលហេតុអ្វី​ឲ្យប្រាកដយ៉ាង​ណាក្តី។ ក្រុមអ្នកវិទ្យាសាស្រ្ត​សង្ឃឹមថាប​ណ្តារូបភាព ដូចដែលបាន​ផ្តិតយក​ដោយកែវយឺត​អវកាស Hubble នឹងជួយពួកគេក្នុងការពន្យល់​បកស្រាយពី​បាតុភូតនេះ។

គួរបញ្ជាក់ថា​កែវយឺតអវកាស Hubble ត្រូវបានបាញ់​បង្ហោះទៅកាន់គន្លងផែនដី​កាលពីឆ្នាំ​ទសវត្សរ៍ឆ្នាំ៩០ ហើយវាបានផ្តិត​យក​រូបភាព​ដ៏​អស្ចារ្យ​ៗ​​ជា​ច្រើន​នៃទីអវកាស​ដ៏ធំល្វឹងល្វើយ ចេញពីទីតាំងនោះ៕

ចែករំលែក