រកឃើញហើយ! ភស្តុតាំងថ្មីបង្ហាញថា ព្រះច័ន្ទ Enceldaus មានមហាសមុទ្រផ្ទុកទៅដោយអ៊ីដ្រូសែន ដែលអាចឲ្យជីវិតកកើតបាន!

0

(អាមេរិក)៖ ទីភ្នាក់ងារអវកាស NASA បានរកឃើញភស្តុតាងគួរឲ្យចាប់អារម្មណ៍ថ្មី​មួយ ដែលបង្ហាញថា Enceladus ដែលជាព្រះច័ន្ទពោរ​ពេញ​​ដោយ​​ផ្ទាំង​ទឹក​កក​របស់​ភព​សៅរ៍ (Saturn) មានផ្ទុកសារធាតុគីមីដ៏សាកសមត្រឹមត្រូវ សម្រាប់ទ្រទ្រង់ជីវិតបាន។ នេះបើតាម​ការ​ដក​ស្រង់​ការ​ផ្សាយចេញពី​សារព័ត៌មាន Vox នៅមុននេះបន្តិច​នារសៀលថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០១៧។

កាលពីសប្តាហ៍​មុននេះ ទីភ្នាក់ងារអវកាស​អាមេរិក ទើបតែបាន​ធ្វើការប្រកាសអំពី​របកគំហើញ​ថ្មីៗ​មួយចំនួន​ ស្តីអំពី «មហាសមុទ្រ​នៅកន្លែងផ្សេងពី​ភពផែនដី»​។ នៅក្នុង​ចំណោម​នោះ​អង្គការ NASA បានរកឃើញ​ភស្តុតាង​ដ៏គួរឲ្យទាក់ទាញ​អារម្មណ៍​ជាងគេថា​ មហាសមុទ្រ​កំពុងសំងំ​លាក់​ខ្លួន​នៅ​​ក្រោម​ផ្ទាំង​​ទឹក​កក​នៃ​ព្រះច័ន្ទ​ដ៏ធំទី០៦ របស់ភពសៅរ៍គឺ Enceladus អាចជាជម្រករបស់ភាវៈមានជីវិត។

រំលឹកកាលពីប៉ុន្មានឆ្នាំមុន យាន​អវ​កាស Cassini បានធ្វើការ​អង្កេត​យ៉ាងដិតដល់ ទៅលើកំសួល​ទឹកមានផ្ទុកសារធាតុ​គីមីសរីរាង្គ ដែលផុសចេញ​នៅលើ​ព្រះច័ន្ទ Enceladus ហើយ​ការ​រក​ឃើញ​ថ្មី​នេះ​ បាន​បន្ថែម​​​​សមាសធាតុផ្សំ​ដ៏សំខាន់មួយ សម្រាប់អនុញ្ញាត​ឲ្យជីវិតអាចកកើត​បាននោះគឺ «ឧស្ម័នអ៊ីដ្រូសែន»។

វត្តមានរបស់អ៊ីដ្រូសែន​នៅក្នុងកំសួលទឹក​ទាំងនោះ បានធ្វើឲ្យក្រុមអ្នកវិទ្យាសាស្រ្ត​របស់ទីភ្នាក់ងារ​អវកាស NASA ​សង្ស័យ​ថា ​មានអា​ងទឹក​ក្តៅ​​ផុសពី​ក្នុងផ្ទៃព្រះច័ន្ទ នៅឯក្រោម​បាតមហាសមុទ្ររបស់ព្រះច័ន្ទ Enceladus ហើយដូចទៅ​នឹងមហាសមុទ្រ​នៅលើភពផែនដី​យើងដែរ។ ទឹក​ក្តៅ​​ផុស​ទាំង​នោះ​អាច​ជា​ជម្រករបស់​មីក្រូសារពាង្គកាយ ដែលប្រើប្រាស់​ថាមពលគីមីនៃឧស្ម័ន​អ៊ីដ្រូសែន និងកាបូន​ឌីអុកស៊ីត ដើម្បី​ផលិត​ចេញ​​​ជា​មេតាន​​ និង​ថាមពល​ផ្សេងៗ​សម្រាប់​​ទ្រ​ទ្រង់​ជីវិត។

គួរបញ្ជាក់ដែរថា យានអវកាស Cassini ដែលបានរកឃើញ​ភស្តុតាង បង្ហាញពី​មហាសមុទ្រ​ក្រោមផ្ទាំងទឹកកក​នៅ​លើព្រះច័ន្ទ Enceladus កំពុងតែស្ថិត​​ក្នុងឆ្នាំទី២០ នៃប្រតិបត្តិការស្រាវជ្រាវទីអវកាសរបស់​ខ្លួន នៅជុំវិញ​ភព​សៅរ៍​​រួម​ទាំង​ព្រះ​ច័ន្ទ​នានា ហើយ​នៅ​​ពេល​ឈាន​ដល់​​​ខែ​កញ្ញា​​ខាង​មុខ​យានចំណាស់​២០ឆ្នាំនេះ នឹងត្រូវទម្លាក់​ខ្លួនទៅបុកនឹង​ផ្ទៃនៃភពសៅរ៍៕

ចែករំលែក