ទីបំផុតអាចម៍ផ្កាយដ៏ធំ «2014 JO25» បានហោះមកកៀកនឹងភពផែនដី ហើយទៅបាត់ដោយសុវត្ថិភាព!

0

(អាមេរិក)៖ ទីបំផុតអាចមន៍ផ្កាយ 2014 JO25 ដែលមានប្រវែងមុខកាត់ប្រមាណមួយគីឡូម៉ែត្រ បានធ្វើដំណើរឆ្លងកាត់​យ៉ាង​កៀក​នឹង​ភព​របស់​យើង​​នាថ្ងៃ​ពុធសប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) ដោយស្ថិតនៅក្នុងរយៈចម្ងាយជិត ១.៨លានគីឡូម៉ែត្រពីផែនដីនៅ​ក្នុងល្បឿន ១១៧,៥០០គីឡូម៉ែត្រ​ក្នុងមួយម៉ោង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅ​មុន​នេះ​បន្តិច​នា​រសៀល​ថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០១៧។

ក្រៅពីទំហំ​ដ៏សែនធំ​របស់វា​សម្រាប់ប្រភេទ​អាចម៍ផ្កាយ​ ដែលបានមកជិតផែនដីក្រុមអ្នក​វិទ្យាសាស្រ្តពុំសូវ​បានដឹង​ ឬយល់អ្វីច្រើន​អំពី​ JO25 នោះឡើយ ហើយវាត្រូវ​បានរកឃើញ​ជាលើកដំបូង​កាលពីឆ្នាំ២០១៤ ដោយមជ្ឈមណ្ឌល​ស្ទាបស្ទង់​​ផ្ទៃមេឃ​ Catalina នៅ​ក្នុង​រ​ដ្ឋ​​អារីហ្សូណា។ ប៉ុន្តែដោយសារ​តែអាចម៍ផ្កាយ 2014 JO25 បានមកកៀក​នឹងផែនដី​បែបនេះ ទីភ្នាក់ងារអវកាស​ និងក្រុមតារាវិទូទទួល​​បានឱកាសធ្វើ​ការសិក្សាស្វែងយល់​បន្ថែមទៀត​អំពីវា។ 2014 JO25 មានរាងពង​ក្រពើ ហើយវាមានទំហំ​ធំជាងការ​ប៉ាន់ស្មាន ពោលគឺ​ពី​៦១០ម៉ែត្រឡើង​ដល់មួយ​គីឡូម៉ែត្រ។

គួរបញ្ជាក់ថា JO25 គឺជាអាចម៍​ផ្កាយធំជាងគេ​បង្អស់​ដែលបានធ្វើដំណើរ​មកជិតផែនដី នៅក្នុងអំឡុង​ពេល​ ១៣ឆ្នាំកន្លងទៅនេះ ខណៈ​អាចម៍ផ្កាយ​ចុងក្រោយ​ដែលធំជាង​វានោះគឺ Toutatis ទំហំប្រាំ​គីឡូម៉ែត្រ ដែលកាលពីឆ្នាំពី​២០០៤ បានហោះមកកៀក​ភពរបស់យើង​​ជាងអាចម៍ផ្កាយ JO25។ ក្រុមអ្នកវិទ្យាសាស្រ្ត​បានអះអាងថា​ លទ្ធភាពនៃ JO25 វាយប្រហារ​ផែនដី​នាថ្ងៃណាមួយនោះ​គឺ​មិន​មែន​សូន្យភាគ​រយ​ទាំងស្រុង​នោះឡើយ ក៏ប៉ុន្តែគឺតិចតួចស្តួច​ស្តើងបំផុត ហើយទោះបីជា​អាចម៍ផ្កាយ JO25 មកបុកចំភព​របស់យើងនៅ​ក្នុងការ​​ធ្វើដំណើរ​មកកៀកលើក​ក្រោយរបស់វានោះ ក៏នឹងមិនអាច​កើតឡើងរហូតទាល់​តែដល់សតវត្សរ៍​ទី២៦ ឬយូរជាងនេះ​ទៀតដែរ។

ដោយឡែកនៅខែសីហា ឆ្នាំ២០២៧ អាចម៍ផ្កាយមួយផ្សេងទៀតមានឈ្មោះថា 1999 AN10 នឹងស្ថិតនៅក្នុងរយៈចម្ងាយ​ ៤០០,២០០​គីឡូម៉ែត្រពីផែនដី តែ AN10 មានទំហំតូចជាង JO25 បន្តិច គឺត្រឹម៨០០ម៉ែត្រ ហើយនៅពេលណាមួយនឹងមកជិតភពរបស់​យើងជាងព្រះចន្ទទៅទៀត៕

ចែករំលែក