ព័ត៌មានថ្មី! ប្រហោងខ្មៅយក្ស «Supermassive Black Hole» អាចបញ្ចេញឥទ្ធិពល ដូចចង្វាក់បេះដូង នៅក្នុងកាឡាក់ស៊ី!

0

(អាមេរិក)៖ ទិន្នន័យទើបទទួលបានថ្មីបង្ហាញថា ប្រហោងខ្មៅដ៏ធំមហិមាមួយជាប្រភេទ Supermassive Black Hole អាច​បញ្ចេញ​រូបធាតុ​ផ្សេងៗ ទៅកាន់ផ្ទៃកាឡាក់ស៊ីរបស់វា នៅក្នុងសកម្មភាព​មួយប្រៀបដូចទៅនឹង​ចង្វាក់បេះដូងអ៊ីចឹង។ នេះ​បើ​តាម​ការ​​ចេញ​ផ្សាយ​ដោយ​សារព័ត៌មានរុស្ស៊ី Russia Today (RT) នៅមុននេះបន្តិច​នារសៀល​ថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧។

ក្រុមអ្នកវិទ្យាសាស្រ្ត​ដែលបានធ្វើការ​ពិនិត្យពិច័យទៅលើទិន្នន័យ​ ដែលប្រមូលយក​បាន​ដោយកែវយឺត​អង្កេតការ Chandra X-ray របស់​ទីភ្នាក់ងារ​អវកាសអាមេរិក NASA បានប្រទះឃើញ​ការច្រាលចេញផ្ទួនៗគ្នា​ នៃភាគល្អិត​ថាមពល ដែលបង្កើតឡើង​​ដោយ​ប្រហោងខ្មៅ​នោះ។ ព្រឹត្តិការណ៍នេះ​ត្រូវបានគេអះអាងថា មានភាពស្រដៀង​ទៅនឹង​ចង្វាក់បេះដូង​ដែល​កំពុងរុញច្រាន​ឈាម ចេញទៅកាន់​សារ​ពាង្គ​កាយ​​របស់​មនុស្ស​យើង។

គួរបញ្ជាក់ថា កែវយឺតវិទ្យាសាស្រ្តរបស់អង្គការ NASA បានរកឃើញប្រហោងខ្មៅយក្សខាងលើនេះ នៅក្នុងកាឡាក់ស៊ីឈ្មោះ NGC 4949 ដែល​ស្ថិត​នៅ​​ចម្ងាយប្រមាណ១៤៥លានឆ្នាំពន្លឺពីភពផែនដី ឬ ១៥០លានឆ្នាំពន្លឺពីកាឡាក់ស៊ីមាលគីវេយ៍ របស់យើង។ ជារៀងរាល់ ៥ ទៅ ១០លានឆ្នាំ​ប្រហោងខ្មៅ​យក្សខាងលើនេះ តែងតែបញ្ចេញរលកសញ្ញាយក្ស ជះចេញពីខ្លួនវារាប់សែនឆ្នាំពន្លឺឯណោះ៕

ចែករំលែក