ថ្ងៃទី២២ ខែមេសានេះជាទិវានៃភពផែនដី! តើគួរធ្វើខ្លះដើម្បីការពារភពផែនដីមួយនេះ? អានអត្ថបទនេះរួច អ្នកនឹងបានដឹង!

0

(ភ្នំពេញ)៖ ពិភពលោកកំពុងតែរៀបចំប្រារព្ធនូវទិវាភពផែនដី នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ ដែលជាពេលវេលានៃភាពក្តៅគគុកបំផុត នៃបរិយាកាសផែនដីក្នុងមួយឆ្នាំៗ។ ការប្រែប្រួលនៃភពផែនដី​នេះ ក៏ព្រោះតែកក្តាមនុស្សបង្កឡើងជាចម្បង ដូចជាការកាប់បំផ្លាញព្រៃឈើ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបញ្ចេញសារធាតុពុលជាច្រើនទៀតទៅក្នុងបរិយាកាសរបស់ភពដ៏កម្សត់នេះ។

ផែនដីមានអាយុកាល ៤.៦ពាន់លានឆ្នាំមកហើយ ប៉ុន្តែវត្តមានរបស់មនុស្សទើបតែកើតមានប្រមាណ​ជាង ១លានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ប៉ុន្តែវត្តមានរបស់មនុស្សដ៏ឆ្លាតវាងវៃនេះ មិនបាននាំឲ្យផែនដីយើង​រក្សាបាននូវតុល្យភាពយូរអង្វែងតទៅទៀតនោះឡើយ។

នាឱកាសនេះក្រុមហ៊ុនក៏ដូចជាគេហទំព័រ Google បានបង្កើត Doodle (ផ្ទាំងព្រឹត្តិការណ៍រូបភាពពិសេស) អំពីទិវានេះ ដើម្បីធ្វើសារក្រើនរំលឹក​ដ៏សំខាន់មួយ ស្តីអំពីបម្រែបម្រួលអាកាសធាតុ ស្របពេលដែលក្រុមអ្នកវិទ្យាសាស្រ្ត និងមនុស្សជាច្រើនផ្សេងទៀត បានត្រៀម​ខ្លួន​ដើម្បីចូលរួមដង្ហែរក្បួន «March for Science» នាថ្ងៃសៅរ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Time នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០១៧។

តាមរយៈផ្ទាំងរូបភាពប្រមាណជាង​១០សន្លឹក Google Doodle បាននិទានពីដំណើរ​រឿងមួយនៃសត្វកញ្រ្ចោង​កំពុងដេកលង់លក់​មួយក្បាល ដែល​កំពុងយល់សុបិន្ត​អាក្រក់អំពីលទ្ធផល​អវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ រួមមានដូច​ជាការរំលាយ​នៃផ្ទាំងទឹកកក Iceberg និង​ការបំផ្លិញបំផ្លាញ​ជីវិតសត្វ និងរុក្ខជាតិជាដើម។ បន្ទាប់ពីបាន​មើលឃើញលទ្ធផល​ដ៏អាក្រក់ៗទាំងនេះ សត្វកញ្ច្រោ​ងនេះ​ក៏បានសម្រេច​ចិត្ត​ជ្រើសរើសយក​បន្លែធ្វើជាអាហារ ដាំដុះរុក្ខជាតិ​យ៉ាងច្រើន ជិះកង់ដែល​មិនបញ្ចេញ​ផ្សែងពុល និងប្រើប្រាស់​ថាមពលព្រះអាទិត្យ។

ជាចុងក្រោយ Google ក៏បានផ្តល់​ដំបូន្មានខ្លះៗ​សម្រាប់ «ទិវាភពផែនដី» ផងដែរ តាមការក្រើន​រំលឹកមនុស្សយើង​គ្រប់គ្នា ឲ្យសន្ចំសំចៃ​ក្នុង​ការប្រើប្រាស់​អគ្គិសនី ដាំដើមឈើឲ្យ​បានច្រើន ជៀសវាងការ​ប្រើប្រាស់យានជំនិះ​ដែលបញ្ចេញ​ផ្សែងពុល និងញ៉ាំអាហារ​ដែលផលិតដោយ​ខ្លួនឯងជា​ពិសេសបន្លែ​ និងផ្លែឈើ៕

 

ចែករំលែក