ជោគជ័យ! ទីបំផុតយានអវកាសដឹកទំនិញចិនដំបូង ធ្វើការតភ្ជាប់នឹងស្ថានីយ៍ Tiangong-2 ដោយសុវត្ថិភាព!

0

(ប៉េកាំង)៖ ទីបំផុតយានអវកាស​ដឹកទំនិញរបស់ប្រទេសចិនដំបូង បានធ្វើការតភ្ជាប់ជាមួយនឹង​ស្ថានីយ៍ របស់ចិននៅទីអវកាសដោយជោគជ័យនៅថ្ងៃសៅរ៍នេះ ដែលជាជំហានដ៏សំខាន់មួយ​ជំរុញ​ឲ្យ​ប្រទេសចិនបង្កើតស្ថានីយ៍អវកាស ដែលមានអវកាសយានិក បំពេញការងារជា​អចិន្ត្រៃយ៍តែម្តង នៅក្នុងឆ្នាំ២០២២ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០១៧។

នៅក្នុងជំនាន់​របស់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន​រូបនេះបានព្យាយាម​ពង្រីក​អំណាច​ ក្នុងការ​ស្រាវជ្រាវ​បច្ចេកវិទ្យានៅទីអវកាស ជាពិសេសនៅក្នុងគន្លងគោចររបស់ភពផែនដី ដែលត្រូវបានគេ​មើល​ឃើញថា ចិនកំពុងតែឆក់​យកឱកាសនេះ ដើម្បីបង្កើនកិច្ចការពារ​សន្តិសុខជាតិរបស់ខ្លួន។ ទោះបីជា​បែបនេះក្តី​ក៏ចិនត្រូវបានគេមើល​ឃើញថា ស្ថិតនៅក្នុងជំហាន​មួយដាច់ឆ្ងាយ​នៅឡើយពី សហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី ដែលបាននាំមុខ​ខាងវិទ្យាសាស្ត្រ និងអវកាស​នេះរាប់ទសវត្សរ៍​ទៅហើយ។

យានដឹក​ទំនិញ Tianzhou-1 ដែលដឹកនាំគ្រឿង​បរិក្ខាមួយ​ចំនួន ទៅកាន់​ស្ថានីយ៍ Tiangong-2 នោះ​ត្រូវបានបញ្ជាឲ្យ​តភ្ជាប់គ្នាដោយ​ស្វ័យប្រវត្តិ ក្រោយពីត្រូវបាន​បាញ់បង្ហោះពី​មជ្ឈមណ្ឌលបាញ់​ផ្កាយរណប Wenchang ក្នុងខេត្តហៃណាន ភាគខាងត្បូងប្រទេសចិន​នៅល្ងាចថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ។

គួរបញ្ជាក់ថា ស្ថានីយ៍​ពិសោធន៍ Tiangong-2 ឬក៏ Heavenly Palace 2 គឺជាលំនៅឋាន​នៃ​អវកាស​យានិក​ពីររូប ដែលត្រូវបាន​បញ្ជូនពីប្រទេសចិន​ទៅកាន់ទីនោះ កាលពី​ខែតុលា ឆ្នាំ២០១៦ ហើយក៏ជា​បេសកកម្មធំបំផុត​របស់ចិនផងដែរ។

សម្រាប់បេសកកម្មដឹកទំនិញពេលនេះ គឺជាបច្ចេកវិទ្យាទំនើបថ្មីមួយដែលត្រូវបានរៀបចំ​ឡើង​ដោយ​ទីភ្នាក់ងារអវកាស​ចិន ដើម្បីឆ្ពោះទៅរកការ​កសាងស្ថានីយ៍អវកាស​មួយផ្ទាល់ខ្លួន។ វាអាចធ្វើការ​ដឹកទំនិញ​បាន០៦តោន និងឥន្ធនៈ០២តោន ហើយអាចហោះហើរ​ដោយគ្មានមនុស្សជិះ​នៅលើនោះ​ចំនួន ៣ខែ៕

ចែករំលែក