មិនដែលមានទេ! យានអវកាស Cassini ទម្លុះចូលតំបន់ក្នុងខ្សែក្រវ៉ាត់ភពសៅរ៍ និងថតបានរូបដ៏គួរឲ្យព្រឺព្រួច នៃព្យុះហឺរីគែន!

0

(អាមេរិក)៖ យានអវកាស Cassini របស់អង្គការ NASA ដែលជិតនឹងដល់ពេលបញ្ចប់តួនាទីទៅហើយ​នោះ បានធ្វើការថត និងបញ្ជូនរូបភាពត្រឡប់មកផែនដីជាច្រើន ដែលជារូបថតនៅតំបន់ក្នុងខ្សែក្រវ៉ាត់​ភពសៅរ៍ (Ring of Saturn) ដែលជារឿងមិនធ្លាប់មាននោះឡើយ ក្នុងប្រវត្តិសាស្ត្រនៃការថតរូបភាព​ភពផ្សេងៗក្នុងទីអវកាស។ នេះបើតាមការដកស្រង់ការផ្សាយពី NASA នារសៀលថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០១៧។

រូបភាពដែលមានពណ៌ស-ខ្មៅ និងត្រៀមធ្វើការបំលែង​ទៅជាពណ៌ធម្មជាតិ​ខាងលើនេះ បានបង្ហាញអំពី​ចលនាកញ្ជ្រោលនៃដុំពពក ដែលបង្កឡើង​ដោយព្យុះហឺរីគែន ដ៏ធំនៅលើ​ផ្ទៃភពសៅរ៍។ តាំងពីដើមរៀងមក​​យាន Cassini មិនដែលហោះ​ចូលតំបន់ក្នុងខ្សែក្រវ៉ាត់​ភពសៅរ៍ ដែលស្ថិតនៅកៀក​នឹងបរិយាកាសភពយក្សលំដាប់លេខ២បំផុតនេះឡើយ ប៉ុន្តែដោយសារតែ​យានដែលបានទៅ​ដល់ភពសៅរ៍ ១៣ឆ្នាំមកហើយនេះ​ ជិតដល់ពេលកំណត់​បញ្ចប់បេសកកម្ម (ខែកញ្ញា ឆ្នាំ២០១៧) នោះ វាត្រូវត្រៀមខ្លួនឲ្យបានរួចរាល់​មុននឹងទម្លាក់ខ្លួនចូលភពសៅរ៍។

គួរបញ្ជាក់ថា លោក Giovanni Domenico Cassini គឺជាគណិតវិទូ និងតារាវិទូជនជាតិ​អ៊ីតាលីមួយរូប ដែលបានកើត​នៅក្នុង​ឆ្នាំ១៦២៥។ លោកគឺជា​បុគ្គល​ដំបូង​គេ ​ដែលបានកត់សម្គាល់​ឃើញអំពីផ្នែកខ្សែ​ក្រវ៉ាត់របស់ភពសៅរ៍កាល​ពីឆ្នាំ១៦៧៥ ហើយបច្ចុប្បន្ននេះ ពោលគឺជាង​៣០០ឆ្នាំកន្លងផុត​ទៅ យានអវកាស​ដែលត្រូវដាក់ឈ្មោះ​តាមរូបលោក កំពុងតែធ្វើដំណើរ​គោចរជុំវិញភព​ដ៏ប្លែកមួយនេះ៕

ចែករំលែក