ចំណេះដឹងបន្ថែម! តើផែនដីគោចរជុំវិញព្រះអាទិត្យ និងវិលជុំវិញខ្លួនឯងដោយល្បឿនប៉ុន្មាន?

0

(បរទេស)៖ ផែនដីជាភពទី៣ នៅក្នុងប្រព័ន្ធព្រះអាទិត្យនេះ ដែលត្រូវបានចាត់ទុកជាភពថ្មមួយមានទំហំ​តូច ប៉ុន្តែធំជាងភពពុធ ភពសុក្រ និងភពអង្គារ។ ផែនដីត្រូវបានបង្កើតឡើងបន្ទាប់ពីការផ្ទុះនៃព្រះអាទិត្យដ៏ធំ​មួយកាលពី ៤.៦ពាន់លានឆ្នាំមុន ដែលជាការបង្កើតចេញនូវប្រព័ន្ធព្រះអាទិត្យដូចសព្វថ្ងៃនេះផងដែរ ហើយបើតាមការប៉ាន់ស្មាន​របស់ក្រុមអ្នកវិទ្យាសាស្ត្រ ផែនដីនឹងមានអាយុកាល ៨ពាន់លានឆ្នាំ។ ដកស្រង់ពីបណ្តុំព័ត៌មាន និងឯកសារ Wikipedia។

ផែនដីមានចម្ងាយ ១៥០លានគីឡូម៉ែត្រពីព្រះអាទិត្យ (ជាគន្លងត្រឹមត្រូវ ដែលអ្នកវិទ្យាសាស្ត្រចាប់យក​ជាឧទាហរណ៍ ដើម្បីស្វែងរកពិភពភពផ្សេងៗទៀត ដែលអាចមានជីវិត)។ ផែនដីមានកាំប្រវែង ៦,៤០០គីឡូម៉ែត្រ និងបរិយាកាសគិតពីស្រទាប់ក្រោមបំផុត រហូតដល់មណ្ឌលមេសូ គឺមានកម្ពស់ជាង ៨០គីឡូម៉ែត្រ ប៉ុន្តែសម្រាប់ស្រទាប់អូហ្សូន គឺស្ថិតនៅក្នុងរយៈកម្ពស់ជិត ៥០គីឡូម៉ែត្រពីផ្ទៃដី។

ផែនដីវិលជុំវិញខ្លួនឯងក្នុងរយៈពេល ២៣ម៉ោង ៥៦នាទី និង ០៤វិនាទីក្នុងមួយជុំ ក្នុងល្បឿន ១,៦០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ដោយឡែកផែនដីគោចរជុំវិញព្រះអាទិត្យ ក្នុងល្បឿន ៣០គីឡូម៉ែត្រ​ក្នុងមួយវិនាទី ស្មើនឹង ៣៦៥.២៥៦ថ្ងៃ (មួយឆ្នាំ) ឬចម្ងាយធ្វើគោចរមួយជុំ ៩៤០លានគីឡូម៉ែត្រ។

បន្ថែមពីនេះទៀត ផែនដីមានផ្ទៃគ្របដណ្តប់ដោយទឹក ៧១ភាគរយ (៩៦.៥ភាគរយជាទឹកប្រៃ) និង២៩ភាគរយជាផ្ទៃដី។ នៅក្នុងឆ្នាំ២០១៧នេះ ចំនួនប្រជាជនពិភពលោកបានកើនឡើងដល់ ៧.៥ពាន់លាននាក់ហើយ។ ដោយឡែក​សម្រាប់ចំណុចពិសេសៗដទៃទៀត Cambo Space នឹងលើកយកមកបង្ហាញ បងប្អូនអ្នកទស្សនា នៅក្នុងអត្ថបទក្រោយៗ៕

ចែករំលែក