អាមេរិកបញ្ជូន «យន្តហោះអវកាស X-37B ហោះហើរជិតពីរឆ្នាំ» មិនដឹងថាមានគោលដៅអ្វីឲ្យប្រាកដ!

0

(វ៉ាស៊ីនតោន)៖ យន្តហោះអវកាស X-37B ដ៏អាថ៌កំបាំងរបស់កងទ័ពជើង​អាកាសអាមេរិក នៅទីបំផុតបានវិលត្រឡប់មកជាន់​លើផ្ទៃផែនដីវិញ​ នាថ្ងៃអាទិត្យសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បន្ទាប់ពី​បានបញ្ចប់បេសកកម្មសម្ងាត់​នៅទីអវកាស អស់​រយៈពេលជិតពីរឆ្នាំកន្លងមក។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀល​ថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០១៧។

យន្តហោះគ្មាន​អ្នកបើកបរ និងអាចប្រើប្រាស់​ឡើងវិញបាន X-37B បានធ្វើដំណើរ​មកដល់មូលដ្ឋានចុះចត​ នៃមជ្ឈមណ្ឌល​អវ​កាស Kennedy របស់អង្គការ NASA ក្នុងរដ្ឋផ្លូវរីដា​ជាព្រលានយន្តហោះ​ ដែលត្រូវបានប្រើប្រាស់​​ក្នុងកម្មវិធី Space Shuttle របស់​​ទីភ្នាក់​​ងារ​​​អវ​កាស​​អា​មេ​រិកតាំងពីដើមរហូតដល់​ពេលបិទបញ្ចប់​កាលពីឆ្នាំ២០១១។

គួរបញ្ជាក់ថា បេសកកម្មដែលទើបតែ​ត្រូវបានបញ្ចប់នាពេលថ្មីៗ​នេះ មានឈ្មោះថា OTV-4 ចាប់ផ្តើមឡើង​កាលពី​ខែឧសភា ឆ្នាំ២០១៥ ​និងបានចំណាយ​ពេលធ្វើការពិសោធន៍​ជាសម្ងាត់ នៅគន្លងអវកាស​អស់រយៈពេល​សរុបចំនួន ៧១៨ថ្ងៃ។ យន្តហោះ X-37B ត្រូវបានផលិតឡើង​ដោយក្រុមហ៊ុន Boeing ហើយមាន​លក្ខណៈ និងរូបរាង ស្រដៀងគ្នា​ទៅនឹង​យាន​អវកាស Space Shuttles ដែលចូលនិវត្តន៍របស់ NASA អ៊ីចឹង គ្រាន់តែមាន​ទំហំតូចជាង។ X-37B ត្រូវបានបង្ហោះ​ទៅកាន់លំហអាកាស​ដោយ​គ្រាប់រ៉ុក្កែត និងចុះចតមកវិញ​ដូចយន្តហោះ​ធម្មតាដែរ។

ដោយឡែក​គោលបំណងពិត​របស់យន្តហោះ X-37 B ពុំត្រូវបាន​លាត​ត្រដាតឲ្យដឹងជា​សាធារណៈនោះឡើយ ហើយ​ភាព​អាថ៌​កំបាំង​ជុំវិញគម្រោងនេះ បានឲ្យនាំកើត​មានការប៉ាន់​ស្មាន​ថា​​ X-37B ដែលដើរដោយថាមពល​ព្រះអាទិត្យនេះ​ ​ប្រហែល​អាច​ត្រូវ​​បានប្រើ​ប្រាស់​ធ្វើជាផ្កាយរណប​ស៊ើបការណ៍ ឬមួយក៏ដើម្បីដឹកជញ្ជូន​​អាវុធពីទីអវកាស៕

ចែករំលែក