តោះបងប្អូន! ស្វែងយល់ពីមេរៀនទី១វិញ៖ តើអ្វីទៅជាប្រព័ន្ធព្រះអាទិត្យ? តើព្រះអាទិត្យនៅស្ងៀម ឬក៏កំពុងចល័ត?

0

(អវកាស)៖ ដោយសារតែបងប្អូនជាច្រើននៅតែបន្តសាកសួរ ដើម្បីចង់ដឹងអំពីមេរៀនដំបូងៗនោះ Cambo Space យើងខ្ញុំបានសម្រេចធ្វើការបកប្រែ និងចងក្រងអត្ថបទជាចំណេះដឹងអំពីមេរៀនដំបូងៗឡើងវិញ ដើម្បីជា​មូលដ្ឋានគ្រឹះដល់បងប្អូន បន្តការស្វែងយល់រឿងរ៉ាវដ៏អស្ចារ្យជាច្រើន ក្នុងផ្នែកវិទ្យាសាស្ត្រ និងអវកាសទៅមុខទៀត។ សម្រាប់មេរៀនដំបូងពេលនេះ យើងខ្ញុំនឹងធ្វើការបកស្រាយពីប្រព័ន្ធព្រះអាទិត្យ៖

ប្រព័ន្ធព្រះអាទិត្យ (Solar System) គឺជាព្រះអាទិត្យរួមជាមួយនិងវត្ថុទាំងអស់ដែលស្ថិតក្នុង​គន្លងជុំវិញវា។ វត្ថុ​ដែល​ធ្វើ​គោចរ​​ជុំវិញ​ព្រះអាទិត្យមានដូចជា ភព អាចម៍ផ្កាយ ផ្កាយដុះកន្ទុយ និងវត្ថុអវកាសដទៃៗទៀត។

ព្រះអាទិត្យគឺជាផ្កាយមួយ មានទម្ងន់ស្មើនឹង ៩៩.៩ភាគរយនៃទម្ងន់ប្រព័ន្ធព្រះអាទិត្យ។ ប្រការនេះ​មានន័យថា វាមានទំនាញដ៏ខ្លាំង​ក្លា ហើយវត្ថុដទៃៗផ្សេងទៀត ត្រូវបានទាញ​ចូលទៅក្នុងគន្លងគោចរ​ជុំវិញព្រះអាទិត្យ។ ព្រះអាទិត្យ​ត្រូវបានផ្សំឡើងភាគច្រើន​ដោយឧស្ម័ន​អ៊ីដ្រូសែន និងអេល្យូម។

មួយវិញទៀតមាន​ភពចំនួន ០៨នៅក្នុងប្រព័ន្ធព្រះអាទិត្យ។ រាប់ចាប់ជិត​បំផុតដល់ឆ្ងាយបំផុត​ពីព្រះអាទិត្យ​មានភពដូចជា៖ ភពពុធ (Merury), ភពសុក្រ (Venus), ភពផែនដី (Earth), ភពអង្គារ (Mars), ភពព្រហស្បតិ៍ (Jupiter), ភពសៅរ៍ (Saturn), ភពអ៊ុយរ៉ាណុស (Uranus), និងភពណិបទូន (Neptune)។

ប្រព័ន្ធព្រះអាទិត្យ​ក៏ផ្ទុកសារធាតុដទៃៗទៀតផងដែរ តួយ៉ាងអាចម៍ផ្កាយ ដែលភាគច្រើនស្ថិត​នៅចន្លោះភពអង្គារ និងភព​ព្រហស្បតិ៍ ហើយនៅហួសផុតឆ្ងាយ​ពីភពណិបទូន យើងនឹងឃើញមាន​ខ្សែក្រវ៉ាត់អាចម៍ផ្កាយ​ខៃភើ (Kuiper Belt)។ នៅក្នុង​តំបន់នេះ​ទៀតសោតមាន​ភពមិនពេញ​លក្ខណៈមួយចំនួន រួមបញ្ចូលទាំង ភ្លុយតូ ក៏ដូចជាវត្ថុអវកាសតូចៗ​ជាច្រើនផ្សេងទៀត​​រួមានធូលី​អវកាស និងផ្កាយដុះកន្ទុយផងដែរ។

គួរបញ្ជាក់ថា ភពចំនួន០៦ និងភពមិនពេញលក្ខណៈចំនួនបីផ្សេងទៀត នៃប្រព័ន្ធព្រះអាទិត្យ ត្រូវបានវិលជុំវិញ​​ដោយ​ព្រះ​ចន្ទ​មួយ ​ឬ​ច្រើន ដែលក្នុងនោះមានតែភពពីរប៉ុណ្ណោះអត់មាន​ព្រះច័ន្ទ នោះភពពុធ និងភពសុក្រ។ នៅក្នុងចក្រវាឡ​មានប្រព័ន្ធជាច្រើនផ្សេងទៀត ដែលដូចទៅនឹងប្រព័ន្ធព្រះអាទិត្យ​​របស់យើង ដោយ​ផ្កាយ​នីមួយៗមានសក្តានុពលខ្ពស់ ក្នុងការមានប្រព័ន្ធភពផ្ទាល់ខ្លួនរបស់វា ហើយនៅក្នុងកាឡាក់ស៊ី Milky Way នេះមានផ្កាយ​ចំនួន​​មិនតិចជាង២០០ពាន់លានផ្កាយ។

លក្ខណៈបន្ថែម៖ ព្រះអាទិត្យវិញជុំវិញខ្លួនឯងមួយជុំក្នុងរយៈពេល ២៤ ថ្ងៃកន្លះ (គិតតាមវេលាផែនដី)។ ព្រះអាទិត្យ​មិនមែននៅហ្នឹងមួយកន្លែងនោះទេ វាក៏ចល័តទាំងប្រព័ន្ធតែម្តងទៅតាមកាឡាក់ស៊ីមាលគីវេយ៍ ផងដែរ ក្នុងល្បឿនរហូតដល់ទៅ ៨២៨,០០០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈកាឡាក់ស៊ីផ្សេងៗទៀត ក៏មិនមែននៅស្ងៀមនោះដែរ គឺពួកវាចល័តពាសពេញទីអវកាសក្នុងល្បឿន និងទិសដៅរៀងៗខ្លួន៕

ចែករំលែក