អង្គការ NASA «បង្ហាញគំរោងធំៗ ដែលត្រូវធ្វើចាប់ពីអំឡុងឆ្នាំ២០២០ទៅ» ក្នុងនោះភាគច្រើន គឺជាការស្រាវជ្រាវប្រព័ន្ធព្រះអាទិត្យ!

0

(អាមេរិក)៖ ទីភ្នាក់ងារអវកាស NASA កំពុងតែគិតគូរ​ពិចារណាលើគោលគំនិត​មួយចំនួន សម្រាប់បេសកកម្ម​សិក្សាស្រាវជ្រាវ​​ក្នុង​ប្រព័ន្ធព្រះអាទិត្យ នាថ្ងៃអនាគត​របស់ខ្លួន ដែលនឹងចាប់ផ្តើម​នៅក្នុងអំឡុង​ពាក់កណ្តាលទសវត្សវ៍​ឆ្នាំ២០២០។ នេះ​បើ​តាម​​ការ​ដកស្រង់​ការផ្សាយចេញ​ពីគេហទំព័រ​វិទ្យាសាស្រ្ត Space.com នៅរសៀលថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧។

សំណើរបេសកកម្ម​ទាំង១២ គឺជាផ្នែក​នៃកម្មវិធី New Frontiers របស់អង្គការ NASA ដែលមានកម្មវត្ថុ​ដើម្បីបញ្ចូន​យានស្រាវ​ជ្រាវ​ ពោរពេញដោយ​មហិច្ឆតាខ្ពស់ ឲ្យទៅធ្វើការ​រុករកក្នុងប្រព័ន្ធព្រះអាទិត្យ ជាមួយនឹង​ការចំណាយមិនលើស​ពីមួយពាន់លាន​ដុល្លារនោះឡើយ។

បេសកកម្ម New Frontiers ពីមុនៗរួមមាន​យានអវកាស New Horizons ដែលបានធ្វើ​ការហោះឆ្វែល​ទៅកៀកភព​មិនពេញ​លក្ខណៈ ភ្លុយតូ កាលពីឆ្នាំ២០១៥, យាន Juno ដែលកំពុងបន្តការសិក្សាស្រាវជ្រាវ នៅភពព្រហស្បតិ៍, និងយានអវកាស OSIRIS-REx ដែលនឹង​ធ្វើដំណើរ​ទៅកាន់អាចម៍ផ្កាយ Bennu ហើយនាំយកគំរូ​តាងផ្សេងៗ ដែលវាប្រមូលបាន​វិលត្រឡប់​មក​កាន់​ភពផែនដីវិញ។

មន្រ្តីអង្គការ NASA លោក Thomas Zurbuchen បានថ្លែងថា បេសកកម្ម New Frontiers ថ្មី គឺសំដៅ​ឆ្លើយបកស្រាយ​អំពី​ចម្ងល់​ធំៗ​ និង​សំខាន់ៗ​នៅក្នុងប្រព័ន្ធព្រះអាទិត្យ​របស់យើងនា​បច្ចុប្បន្ននេះ ដោយបន្តលើចំណេះដឹង​ដែលយើងទទួល​បាន​ពី​បេសក​កម្ម​មុនៗ ដើម្បីជំរុញ​ការរុករកក្នុងទីអវកាស​ឲ្យកាន់តែអស្ចារ្យ​ថែមទៀត។

គួរបញ្ជាក់ថា ទីភ្នាក់ងារអវកាស​អាមេរិក​មិនបានបញ្ជាក់ ឲ្យដឹងអំពី​ព័ត៌មានលម្អិត​នៃសំណើបេសកកម្ម New Frontiers ចំនួន​១២នេះឡើយ ក៏ប៉ុន្តែក្រុមមន្រ្តី NASA បានបង្ហើបថា សំណើនីមួយៗស្ថិតក្រោម​ប្រធានបទ​មួយក្នុងចំណោម​ប្រធានបទ​ចំនួន​​ ០៦ រួមមានដូចជា Coment Surface Sample Return, Lunar South Pole-Aitken Basin Sample Return, Saturn Probe, Trojan Tour and Rendezvous, និងជា​ចុងក្រោយ Venus In Situ Explorer ហើយអង្គការ NASA នឹងប្រកាស​អំពីការជ្រើស​​សំណើមួយ ឬច្រើន សម្រាប់ការសិក្សា​ស្រាវជ្រាវ​ដំណាក់កាល​ដំបូង Phase A នៅក្នុង​ខែវិច្ឆិកា ឆ្នាំ២០១៧៕

ចែករំលែក