ក្រុមអ្នក​វិទ្យាសាស្ត្រ «ប្រឆាំងគំរោងកសាងស្ថានីយ៍អវកាស នៅឋានព្រះច័ន្ទ» ដើម្បីសម្រួលដំណើរទៅ ភពអង្គារនៅឆ្នាំ២០៣៣!

0

(អាមេរិក)៖ នាពេលថ្មីៗនេះ អង្គការ NASA បានធ្វើសេចក្តីប្រកាស​អំពីគម្រោងសាងសង់​ ស្ថានីយ៍អវកាស​ធ្វើដំណើរជុំវិញ​គន្លង​នៃ​ ឋានព្រះច័ន្ទ ដើម្បីជួយដល់ការបញ្ជូនក្រុមអវកាសយានិកទៅកាន់ភពអង្គារ (Mars) ក៏ប៉ុន្តែអ្នកវិទ្យាសាស្រ្តមួយរូបនៅក្នុងចំ​ណោមក្រុមការងារ ដែលបានរចនាផែនការរបស់ទីភ្នាក់ងារអវកាសអាមេរិក ដើម្បីបញ្ជូនមនុស្សទៅកាន់ភពក្រហមនោះ យល់ឃើញថា វាគឺជាគំនិត​មិនល្អឡើយ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​ សារព័ត៌មាន Daily Caller នៅ​រសៀល​​ថ្ងៃ​ពុធ ទី១៧ ខែឧសភា ឆ្នាំ២០១៧។

លោក Robert Zubrin ដែលជាអ្នក​ជួយបង្កើតគម្រោង​សម្រាប់ បេសកកម្មបញ្ជូន​មនុស្សទៅកាន់​ភពអង្គារ​របស់ NASA បានថ្លែង​ថា «ពុំមាននរណា​ម្នាក់ត្រូវ​ការស្ថានីយ៍អវកាស ដែលគោចរ​ជុំវិញព្រះច័ន្ទឡើយ ទោះបីជា​ក្នុងគោល​បំណងអ្វីក៏​ដោយ​។ យើង​មិន​​ត្រូវការវា ដើម្បីតែធ្វើដំណើរ​ទៅកាន់ទៅទីនោះ, ទៅកាន់​ភពអង្គារ, ឬមួយក៏ទៅ​កាន់អាចម៍ផ្កាយធំៗ​ណាមួយ​នោះទេ។ និយាយ​រួមវា​គឺជារឿងខាតបង់ មិនផ្តល់​សារៈប្រយោជន៍​អ្វីទាំងអស់»។

ទីភ្នាក់ងារអវកាស NASA គ្រោងនឹង​ប្រើប្រាស់ស្ថានីយ៍អវកាស​ខាងលើនេះ ដើម្បីបញ្ជូន​បេសកកម្មមួយ​ទៅកាន់ភពអង្គារ នៅ​ក្នុង​ឆ្នាំ២០៣៣។ NASA ចង់ចេញ​បេសកកម្មបញ្ជូន​មនុស្សចំនួនបួន​លើក នៅចន្លោះ​ឆ្នាំ២០១៨ និង២០១៦ ទៅកាន់​ទីអវកាសជុំ​វិញឋានព្រះច័ន្ទ ដើម្បីកសាង​ស្ថានីយ៍ជាច្រកផ្លូវមួយ។ យ៉ាងណាមិញ​យោងតាមលោក Zubrin ស្ថានីយ៍នោះនឹងស្ទើរ​តែឥត​ប្រ​យោជន៍​ទាំងស្រុង និងមានតម្លៃ​ថ្លៃហួស​ប្រមាណ។

គួរបញ្ជាក់ដែរថា គម្រោងបច្ចុប្បន្នស្តីពីការបញ្ជូន​ក្រុមអវកាស​យានិកទៅកាន់​ភពអង្គារ ត្រូវបានគេព្យាករណ៍ថា នឹងត្រូវការការ​ចំណាយប្រហែល ៣៥ពាន់លានដុល្លារ​នៅក្នុង​ឆ្នាំ២០២៥ ដើម្បីទៅដល់​ភពក្រហមមួយនេះ​នៅឆ្នាំ២០៣៣៕

ចែករំលែក