ពិតជាមិនសរសើរមិនបាន! ក្មេងប្រុសឥណ្ឌាម្នាក់ «ឈ្នះការប្រកួតផលិតផ្កាយរណបតូចបំផុត» ដែលអង្គការ NASA ព្រមយកទៅបង្ហោះខែក្រោយទៀត!

0

(ឥណ្ឌា)៖ យុវជនឥណ្ឌាម្នាក់បានទទួលជ័យលាភីលេខមួយ នៅក្នុងការប្រកួតលក្ខណៈអន្តរជាតិមួយ ស្តីពីការបង្កើត​ប្រព័ន្ធ​ផ្កាយ​រណប​ ហើយក្មេងប្រុសម្នាក់នេះ​ មិនត្រឹមតែបាន​បង្កើតផ្កាយរណប​ដ៏តូច និងស្រាលបំផុតលើ​លោកប៉ុណ្ណោះទេ ទីភ្នាក់ងារ​អវ​កាស​​អាមេរិក NASA ថែមទាំងបាន​យល់ព្រមបង្ហោះវា​ ទៅកាន់លំហអាកាស​នៅខែក្រោយ​ទៀតផង។ នេះបើតាមការ​ដក​ស្រង់​ការ​ផ្សាយចេញពីគេហទំព័រ Science Alert នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧។

ផ្កាយរណបតូចល្អិតនេះ​មានទម្ងន់តែ ៦៤ក្រាមប៉ុណ្ណោះ ហើយនឹងធ្វើដំណើរ​បេសកកម្មរយៈពេល​បួនម៉ោង ទៅកាន់គន្លង​អវ​កាស តាមរយៈការបាញ់បង្ហោះ​ពីទីតាំងហោះហើរ Wallops ក្នុងរដ្ឋ Virginia របស់អង្គការ NASA នៅថ្ងៃទី២១ ខែមិថុនា​ខាងមុខ​នេះ។ យុវជនវ័យ១៨ឆ្នាំ​ឈ្មោះ Rifath Shaarook បានឲ្យដឹងថា ផ្កាយរណបនេះ នឹងបំពាក់ប្រព័ន្ធ​កុំព្យូទ័រប្រភេទថ្មី រួមទាំង Sensors ចំនួន០៨ ដើម្បីធ្វើការវាស់ស្ទង់​ល្បឿន រង្វិលជុំ និងដែនម៉ាញេទិចរបស់ផែនដី។

ក្មេងប្រុស Shaarook បាននាំយកឧបករណ៍​បង្កើតថ្មីរបស់គេ ទៅកាន់ព្រឹត្តិការណ៍​ប្រកួតប្រជែង Cubes in Space ដែលរៀបចំ​ និងឧបត្ថម្ភដោយ​អង្គការ NASA និងសមាគម​អវកាសនៃរដ្ឋ Colardo។ ចំណោទបញ្ហា​ដែលត្រូវបានដាក់ចេញ​ ទៅកាន់សិស្ស​សាលានានា គឺធ្វើយ៉ាងណា​បង្កើតឧបករណ៍មួយ ដែលអាចដាក់ចូលទៅក្នុងគូបទំហំបួនសង់ម៉ែត្រ និងមានទម្ងន់​មិនលើសពី​ ៦៤ក្រាមឡើយ ហើយអ្វីដែលសំខាន់​បំផុតនោះ វាត្រូវបានផ្តល់​សារៈសំខាន់សម្រាប់​វិស័យអវកាស។

គួរបញ្ជាក់ថា ផ្កាយរណប​ដ៏តូចនេះ ត្រូវបានឲ្យ​ឈ្មោះថា KalamSat តាមឈ្មោះ​អ្នកវិទ្យាសាស្រ្ត​ផ្នែកនុយក្លេអ៊ែរ​​ដ៏ល្បីល្បាញម្នាក់​របស់ឥណ្ឌា និងប្រធានាធិបតីឥណ្ឌាលោក Abdul Kalam៕

ចែករំលែក