NASA ប្រកាសគំរោងទៅស្រាវជ្រាវរកជីវិតអេលៀន លើព្រះច័ន្ទនៃភពព្រហស្បតិ៍ «Europa Clipper» តម្លៃ២ពាន់លានដុល្លារ! អ្នកស្រាវជ្រាវនានា អាចបញ្ចេញគំនិតបាន!

0

(អាមេរិក)៖ ក្រុមមន្រ្តីនៃទីភ្នាក់ងារ​អវកាស NASA បាននិយាយថា វាដល់ពេលហើយ​សម្រាប់អ្នកវិទ្យាសាស្រ្ត​ទាំងអស់ ត្រូវ​ចាប់​​ផ្តើ​ម​​គិត​គូរ​អំពីឧបករណ៍​ប្រភេទណាខ្លះ ដែលពួកគេចង់​បំពាក់នៅលើ​យានរុករក​ភាវៈមានជីវិត ដែលនឹង​ធ្វើដំណើរ​ទៅកាន់ព្រះច័ន្ទយូរ៉ូ​ប៉ា (Europa) ​របស់​ភព​ព្រហស្បតិ៍ (Jupiter)។ នេះបើតាមការដកស្រង់ការផ្សាយចេញពី គេហទំព័រវិទ្យាសាស្រ្ត Space.com នៅ​រសៀល​ថ្ងៃ​ចន្ទ ទី២២ ខែឧសភា ឆ្នាំ២០១៧។

នាពេលថ្មីៗ​នេះអង្គការ NASA បានចេញសេចក្តី​ប្រកាស​មួយ ស្តីពីបេសកកម្មចុះចត​លើព្រះច័ន្ទយូរ៉ូប៉ា (Europa) ដោយ​ជូនដំណឹង ក៏ដូចជាប្រាប់ទៅកាន់​អ្នកវិទ្យាសាស្រ្ត និងអ្នកសិក្សាស្រាវជ្រាវ​ទាំងអស់ ឲ្យត្រៀមលក្ខណៈ​រៀងៗខ្លួន​ សម្រាប់កម្មវិធី​​ប្រកួតប្រជែង​ ឧបករណ៍-វិទ្យាសាស្រ្ត ដែលគ្រោង​នឹងប្រព្រឹត្តទៅ​នាពេល​ខាងមុខ។​ ទីភ្នាក់ងារ​អវកាសអាមេរិក​បានបន្ថែមថា ខ្លួន​ចង់ឲ្យសហគមន៍​អ្នកវិទ្យាសាស្រ្ត ត្រៀមខ្លួន​ឲ្យបានរួចរាល់​ សម្រាប់សេចក្តី​ជូនដំណឹង​នៃឱកាសដ៏​អស្ចារ្យនេះ ពីព្រោះ NASA ទទួល​​ស្គាល់ថា វាទាមទារ​បរិមាណការងារ​ដ៏ច្រើន​សន្ធឹកសន្ធាប់ ដើម្បីរៀបចំផែនការ​សម្រាប់បេសកកម្ម​រុករក​ទីអវកាស​ នាអនាគត​ដ៏សំខាន់នេះ។

គួរបញ្ជាក់ថា ស្របពេល​ជាមួយគ្នានេះ​ ទីភ្នាក់ងារ​អវកាស NASA កំពុងតែធ្វើការងារ​ទៅលើបេសកម្ម​មួយ​ គិតជាតម្លៃស្មើនឹង​ពីរពាន់​លានដុល្លារ មានឈ្មោះថា Europa Clipper ដែលយានអវកាស​នេះ នឹងធ្វើដំណើរគោចរ​ជុំវិញភពព្រហស្បតិ៍ ហើយសិក្សា​ទៅលើ​ព្រះច័ន្ទយូរ៉ូប៉ ​តាមរយៈ​ការ​ហោះឆ្វែល​ទៅកៀក។ បច្ចុប្បន្ននេះបេសកកម្ម Europa Clipper ត្រូវបានគេកំណត់ថា នឹងចាប់ផ្តើមនៅ​ឆ្នាំ២០២០ ឬក៏យូរជាងនេះ ខណៈបេសកកម្ម Europa Lander ត្រឹមតែស្ថិត​ក្នុងដំណាក់កាល​ នៃគំនិតមួយប៉ុណ្ណោះ ដោយពុំមែន​ជា​បេសកកម្ម​ទទួលបាន​ការអនុញ្ញាតពេញលេញ​ឡើយ៕

ចែករំលែក