ស្ថានីយ៍អវកាសអន្តរជាតិតម្លៃ ១០០ពាន់លានដុល្លារ ជួបបញ្ហាគាំងប្រព័ន្ធកុំព្យូទ័រ បង្ខំឲ្យអវកាសយានិកចេញមកក្រៅជាបន្ទាន់ ដើម្បីដោះស្រាយ!

0

(អាមេរិក)៖ អវកាសយានិកចំនួនពីររូបនឹងធ្វើដំណើរនៅខាងក្រៅ ស្ថានីយ៍អន្តរជាតិ ISS នាថ្ងៃអង្គារសប្តាហ៍នេះ សម្រាប់ការធ្វើ Spacewalk (ដំណើរបន្ទាន់នៅក្រៅស្ថានីយ៍) ដើម្បីផ្លាស់ប្តូរប្រព័ន្ធកុំព្យូទ័រ​ដ៏សំខាន់មួយគ្រឿង​ ដែលបានឈប់ដំណើរ។ នេះបើតាមការ​ចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០១៧។

ឧបករណ៍ចម្បង​ខាងលើស្ថិតក្នុង​ចំណោមកុំព្យូទ័រ​ចំនួនគ្រឿង មាននាទីគ្រប់គ្រង​ប្រព័ន្ធសំខាន់ៗ​របស់​សហរដ្ឋអាមេរិក ដែលស្ថិត​នៅ​លើស្ថានីយ៍នេះ ហើយវាបានឈប់​ដំណើរការកាល​ពីថ្ងៃសៅរ៍​សប្តាហ៍មុននេះ ជាកត្តាបាន​បណ្តាលឲ្យ​ស្ថានីយ៍ ISS ដែលមាន​តម្លៃប្រមាណ ១០០ពាន់លានដុល្លារ អាស្រ័យលើ​ប្រព័ន្ធ Backup​ អស់ប៉ុន្មានថ្ងៃ​មកហើយ។ ជុំវិញបញ្ហានេះ​អង្គការ NASA បាន​ធានា​អះអាងថា ក្រុមអវកាសយានិក​ទាំង ០៥នាក់ មកពី​សហរដ្ឋអាមេរិក រុស្ស៊ី រួមទាំង​បារាំង ដែលបច្ចុប្បន្ន​​កំពុង​នៅលើ ISS មិន​បាន​ស្ថិត​ក្នុង​គ្រោះថ្នាក់​អ្វីឡើយ។

យ៉ាងណាមិញ​លោកស្រី Peggy Whitson មេបញ្ជាការ​ស្ថានីយ៍ ISS និងវិស្វករ​ផ្នែកហោះហើរ លោក Jack Fischer នៃទីភ្នាក់ងារ​​អវកាស NASA នឹងសហការសម្រាប់ការដើរ Spacewalk នេះ ដែលត្រូវបានគេរំពឹងថា នឹងចំណាយពេល​ប្រហែលជា​ពីរម៉ោង។ ការធ្វើ Spacewalk ក្នុងករណីបន្ទាន់​ចុងក្រោយគេ​របស់ NASA គឺកាលពីខែធ្នូ ឆ្នាំ២០១៥ នៅពេលអវកាស​យានិក​អាមេរិកពីររូប បានចាកចេញពី​ស្ថានីយ៍ ISS ដើម្បីដោះហ្វ្រាំង​នៃដៃគ្រឿងយន្ត​មួយគ្រឿង។

គួរបញ្ជាក់ថា ស្ថានីយ៍អវកាស ISS ដែលស្ថិតក្រោមកម្មសិទ្ធិ និងប្រតិបត្តិការ​របស់​ប្រ​ជា​ជាតិ​​សរុប​ចំនួន​១៥ប្រទេស កំពុង​ក្នុង​រយៈ​កម្ពស់​​ប្រមាណ​ ៤០០គីឡូម៉ែត្រ​​ពី​លើផែនដី និងធ្វើដំណើរគោចរ​ជុំវិញភពរបស់យើង​នេះ​ ជារៀងរាល់៩០នាទីម្តង៕

ចែករំលែក