ជយោ! «ការបង្កាត់ពូជសត្វកណ្តុរនៅទីអវកាស ទទួលបានជោគជ័យហើយ» ប៉ុន្តែសម្រាប់មនុស្សវិញ គឺមិនទាន់មានការពិសោធន៍ទេ!

0

(បរទេស)៖ យោងតាមការសិក្សាស្រាវ​ជ្រាវថ្មីមួយ មេជីវិតឈ្មោលរបស់សត្វកណ្តុរ​ ដែលបានទទួលរងឥទ្ធិពល​វិទ្យុសកម្ម Cosmic Radiation នៅលើស្ថានីយ៍អវកាស​អន្តរជាតិ ISS អស់រយៈពេលជិត​ ៣០០ថ្ងៃនោះ ត្រូវបានប្រើប្រាស់​សម្រាប់ការបង្កាត់​ពូជ​ បង្ក​កំណើតឲ្យសត្វកណ្តុរជំនាន់ក្រោយ​នៅលើផែនដី ប្រកបដោយសុខភាព​ល្អធម្មតា។ នេះបើតាមការដកស្រង់​ការផ្សាយចេញពី​គេហទំព័រ The Atlantic នៅយប់ថ្ងៃអង្គារ​ ទី២៣ ខែឧសភា ឆ្នាំ២០១៧។

កាលពីខែសីហា ឆ្នាំ២០១៣ ក្រុមអ្នកសិក្សាស្រាវជ្រាវ​បានបញ្ជូនគំរូមេជីវិត​ឈ្មោល (ស្ពើម) សត្វកណ្តុរដែលត្រូវ​បានបង្កកឲ្យ​ស្ងួត ទៅកាន់ស្ថានីយ៍​អវកាស ISS ដោយទីភ្នាក់អវកាស​ជប៉ុន JAXA។ ពួកគេប្រើប្រាស់ស្ពើម​បង្កកឲ្យស្ងួត​យ៉ាងដូច្នេះ ពីព្រោះតែ​គំរូ​​បែបនេះ អាចមានសមត្ថភាព​ទប់ទល់ជាមួយសីតុណ្ហភាព​របស់បន្ទប់ស្តុកទុក ដោយគ្មានបញ្ហា​នោះឡើយ បានរហូតដល់ទៅ​​ពីរឆ្នាំឯណោះ ហើយនឹងងាយ​យកមកធ្វើការប្រើប្រាស់​វិញ​នៅលើភពផែនដី ដោយពុំមាន​ការខូចខាតអ្វី។ មួយវិញទៀតពួកវា​​មានតម្លៃថោក​ក្នុងការដឹកជញ្ជូន។

នៅពេលដែលមេជីវិត​សត្វកណ្តុរឈ្មោល បានទៅដល់លើស្ថានីយ៍​អវកាសអន្តរជាតិ គំរូស្ពើមទាំងនោះ​ត្រូវបានរក្សាទុក នៅក្នុង​សីតុណ្ហភាពប្រមាណជាក្រោម៩៥អង្សាសេ ហើយសម្រាប់រយៈពេល២៨៨ថ្ងៃ ពួកវាបានប៉ះពាល់ជាមួយបរិស្ថាន Mucrogravity នៅលើស្ថានីយ៍ ISS ជាទីកន្លែងដែលអ្វីស្ថិតនៅទីនោះដូចជាស្ពើមសត្វកណ្តុរ និងក្រុមអវកាសយានិក បានទទួលរងឥទ្ធិពល​ Cosmic Radiation ក្នុងកម្រិតខ្លាំងជាង ១០០ដងបើធៀបនឹងផែនដី។

ក្រោយមក​មេជីវិតសត្វកណ្តុរ​ទាំងនោះ បានវិលត្រឡប់តាម​រយៈគ្រាប់រ៉ុក្កែត​កាលពីខែឧសភា ឆ្នាំ២០១៤ ហើយត្រូវបាន​អ្នក​វិទ្យា​សាស្រ្ត​នៅឯប្រទេសជប៉ុន យកទៅពិសោធន៍​ដើម្បីបង្កាត់ចេញពីកូនសត្វកណ្តុរ​ជំនាន់ក្រោយ​ ដែលប្រកបដោយ​សុខភាព​ល្អ​ធម្ម​តា ហើយបើធៀបទៅនឹង​កូនសត្វកណ្តុរ​ដែលចាប់កំណើតចេញពីស្ពើម​ ដែលស្ថិតនៅលើផែនដីវិញនោះ គឺពុំមានភាព​ខុសប្លែក​គ្នាប៉ុន្មាន​នោះឡើយ បន្ទាប់ពីបានឆ្លង​កាត់ការត្រួតពិនិត្យ​ ទៅលើកោសិកាខួរក្បាល សរីរាង្គ និងការធ្វើតេស្ត​ហ្សែនជាដើម។
បន្ទាប់មកទៀតក្រុម​អ្នកសិក្សាស្រាវជ្រាវ ក៏បានបង្កាត់កណ្តុរ​អវកាសទាំងនោះ ក្រោយពីពួកវា​បានពេញវ័យ ហើយកូនៗរបស់​​ពួកវា​ក៏មានសុខភាពល្អធម្មតា​ផងដែរ ជាហេតុបង្ហាញ​ឲ្យឃើញថា​ ការទទួលរងឥទ្ធិពលក្នុងទីអវកាស ពុំបានជះផលប៉ះពាល់​​អវិជ្ជមានដល់សុខភាព​បង្កកំណើតនោះទេ។

ក៏ប៉ុន្តែទោះបី​ជាកូនសត្វកណ្តុរ​ បានកើតមកមានសុខភាពល្អ​ធម្មតាយ៉ាងណាក្តី DNA របស់ស្ពើមទាំងនោះ​បានទទួលរងការខូច​ខាត នៅក្រោយរយៈពេល​០៩ខែក្នុងទីអវកាស។ ប្រការនេះស្តែង​ឲ្យឃើញអំពីហានិភ័យ​ នៃការធ្វើដំណើររយៈពេលយូរក្នុង​​លំហ​អាកាស។ ស្ថានីយ៍អវកាស​អន្តរជាតិ ISS បាននិងកំពុងធ្វើដំណើរ នៅក្នុងដែលម៉ាញេទិច​របស់ភពផែនដី ដែលរារាំង​ទប់ស្កាត់នូវ​​ រលកវិទ្យុសកម្ម Cosmic Radiation ដ៏អាក្រក់ៗបំផុត​របស់អវកាស។

បើសិនជាមនុស្សយើង​ចង់ចាប់ផ្តើមជីវិត​នៅក្រៅរង្វង់នេះ ​អ្នកសិក្សាស្រាវជ្រាវ​បានគូសបញ្ជាក់ថា ពួកគេនឹងត្រូវ​ការបច្ចេកវិទ្យា​បង្កកំណើត ដែលមានសមត្ថភាព​ថែរក្សា និងការពារកោ​សិ​កា​ពីបរិស្ថានអាក្រក់​នៃទីអវកាស សម្រាប់ខ្លួនពួកគេផ្ទាល់​ ព្រមទាំងសត្វ​ទាំងឡាយណា ដែលពួកគេប្រហែល​ជាចង់នាំយក​ទៅ​ជាមួយ។

យ៉ាងណាមិញ អ្នកវិទ្យាសាស្រ្ត​មានការសង្ស័យថា កង្វះនៃទំនាញផែនដី នឹងជះផលប៉ះពាល់ដល់​ការមានផ្ទៃពោះ​របស់មនុស្ស​ ហើយពួកគេបាន​ដឹងទៀតថា ការប្រឈមជាមួយ​រលកវិទ្យុសកម្ម នឹងបង្កើន​ហានិភ័យ​នៃការកើត​ជំងឺមហារីក​ នៅក្នុងខ្លួនក្រុម​​អវ​កាសយានិក រួមបញ្ចូលទាំង​សរីរាង្គបន្តពូជ​ផងដែរ ហើយមួយវិញទៀត​បុរសណា ដែលបានចំណាយ​ពេលនៅក្នុងទីអវកាស​ ទំនងជានឹងអាចជួបឱកាស​មានកូនស្រី ជាមួយភរិយា ជាជាងកូនប្រុស៕

ចែករំលែក