យានអវកាស Juno កំពុងបន្តបេសកកម្មជាប្រវត្តិសាស្ត្រ និងថតបាន «គូទភពព្រហស្បតិ៍» និងចលនាព្យុះធំប៉ុនភពផែនដី!

0

(វ៉ាស៊ីនតោន)៖ យានអវកាស Juno ដែលកំពុងស្ថិតនៅ និងបន្តការសិក្សាស្រាវជ្រាវទៅលើ​ភពព្រហស្បតិ៍ (Jupiter) បានផ្តិតយករូបភាព​​ខ្យល់ព្យុះធំៗ​ទំហំប៉ុនភពផែនដី នៅប៉ូលទាំងសងខាង​នៃភពឧស្ម័នយក្ស​មួយនេះ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន​​រុស្ស៊ី Sputnik នៅល្ងាចថ្ងៃសុក្រ ទី២៦​ ខែឧសភា ឆ្នាំ២០១៧។

ថ្លែងក្នុងសន្និសីទ​សារព័ត៌មានមួយ​ឍ ស្តីពីការចេញផ្សាយ​សមិទ្ធិផល​វិទ្យាសាស្រ្ត​នៃបេសកម្ម Juno ​មន្រ្តីអង្គការ NASA លោក Scott Bolton បានឲ្យដឹងថា ​ការហោះកៀក​ទៅ​ជិត​​នឹង​​​ភព​​ព្រហ​ស្បតិ៍​ របស់​យាន​អវកាស Juno នាពេលថ្មីៗនេះ បាន​បង្ហាញ​​ឲ្យ​ឃើញ​អំពី​​ចង្កោម​នៃ​ខ្យល់​ព្យុះ​ដ៏ក្រាស់ឃ្មឹក កំពុងកួចនៅលើប៉ូលទាំងសង​ខាងរបស់ Jupiter ដែលជាភព​មាន​​ដែន​ម៉ាញេ​ទិច​​ដ៏​សែន​ធំ​លើសពី​ការ​រំពឹងទុក។

លោក Bolton បានបន្តថា រូបរាងនៃខ្យល់ព្យុះធំៗ​ប៉ុនផែនដីទាំងនោះ ដែលបង្ហាញនៅលើ​ប៉ូលខាងជើង និងខាងត្បូងរបស់​ភពព្រហស្បតិ៍ បានបណ្តាល​ឲ្យក្រុមអ្នកវិទ្យាសាស្រ្ត​​អន្ទះអន្ទែង​ចង់បានចម្លើយ និងពោរពេញ​ដោយការងឿងឆ្ងល់​ជាច្រើន។

មួយវិញទៀតការ​វាស់ស្ទង់ទៅលើដែនទំនាញ នៃភពឧស្ម័នយក្សមួយនេះ បានស្តែងឲ្យឃើញថា ដែនម៉ាញេទិចរបស់ Jupiter មានឥទ្ធិ​​ពលខ្លាំងក្លា​ហួសពីអ្វីដែល​អ្នកវិទ្យាសាស្រ្ត​ធ្លាប់បានរំពឹងទុក (ខ្លាំងជាងព្រះអាទិត្យទៀត) និងមានរូបរាងប្រែប្រួល​មិនទៀតទាត់ ​ក៏ដូចជា​​មាន​អនុ​ភាព​ឆ្ងាយ​ជាង​ដែនម៉ាញេ​​ទិចរបស់ផែនដី​ដល់ទៅប្រមាណ ១០ដងឯណោះ​។

គួរបញ្ជាក់ថា យានអវកាស Juno ដែលមានតម្លៃ​ជាងមួយពាន់​លានដុល្លារ និងបំពាក់ដោយ​ឧបករណ៍ទំនើបៗ​ជាច្រើន ជាពិសេស​​គឺ​កាមេរ៉ា JunoCam ដ៏គ្មាន​គូប្រៀបនោះ ត្រូវបានបាញ់​បង្ហោះកាលពី​ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១១ ហើយ​ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ ក៏បានធ្វើដំណើរ​ចូលទៅដល់គន្លង​នៃភពព្រហស្បតិ៍ ជាភពដ៏ធំ​ និង​ចាស់​ជាង​គេ​បង្អស់​​នៅ​​​ក្នុង​ប្រព័ន្ធព្រះអាទិត្យ​របស់យើង ដែលប្រៀប​បាននឹង​បាល់ឧស្ម័នយក្សដ៏ធំមហាសាលមួយគ្រាប់ ដែលស្ថិតនៅក្នុងគន្លងគោចរដោយសារ​​តែ​កម្លាំង​ទំនាញ​៕

ចែករំលែក