អស្ចារ្យមិនធ្លាប់មាន! ក្រុមអ្នកវិទ្យាសាស្ត្រ «រួមគ្នាបង្កើតផែនទីនៃចក្រវាឡ» ដែលគួរឲ្យជឿទុកចិត្តបំផុត

0

(វ៉ាស៊ីនតោន)៖ នាពេលថ្មីៗនេះ​ក្រុមអ្នកវិទ្យាសាស្រ្ត​អន្តរជាតិ បានរួមគ្នាបង្កើតផែនទី​ដំបូងបំផុត​ ស្តីពីរចនាសម្ព័ន្ធដ៏សែនធំល្វឹងល្វើយ​របស់​​ចក្រវាឡ។ នេះបើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០១៧។

គម្រោងផែនទី eBOSS នេះត្រូវបានបង្កើត​ឡើងដោយផ្អែកទាំងស្រុង ទៅលើទីតាំងរបស់ Quasar ដែលជាបណ្តា​ចំណុចដ៏​សែន​ឆ្ងាយ​ ​និង​ពោរ​ពេញ​​ដោយពន្លឺ​ចែងចាំង ដែលផ្តល់ថាមពល​ដោយប្រហោងខ្មៅ​ដ៏ធំមហិកមា។ ស្របពេល​ដែលរូបធាតុ​ និងថាមពល​ទាំងឡាយ ធ្លាក់ចូល​ទៅក្នុងប្រហោងខ្មៅ​របស់ Quasar ពួកវាបានចាប់ផ្តើម​កើនឡើងកម្តៅ​ក្នុងកម្រិតដ៏ខ្លាំង ហើយជះពន្លឺឡើង។

ពន្លឺនេះហើយដែលត្រូវ​អង្កេត​ឃើញ ដោយតេឡេស្កូប​ជាមួយមុខកាត់​ប្រវែង ២.៥ម៉ែត្រនៅលើផែនដី​របស់យើង ហើយការ​តាមដានរបស់​កែវយឺតនេះ បាន​ផ្តល់​ឲ្យក្រុមអ្នកវិទ្យាសាស្រ្ត​នូវចម្ងាយ​របស់ Quasar ដែលត្រូវបានពួកគេ​ប្រើប្រាស់សម្រាប់​បង្កើតផែនទី 3D ស្តីពីទីតាំង​របស់ Quasar។

យ៉ាងណាមិញ មជ្ឈមណ្ឌល SDSS ដែលមានមូលដ្ឋាន​នៅសហរដ្ឋអាមេរិក បានបញ្ជាក់ថា នៅមានការងារ​ជា​ច្រើន​ទៀត​ដែល​ពួក​គេ​​ត្រូវ​ធ្វើ ហើយ eBOSS កំពុង​បន្ត​ប្រើ​ប្រាស់​​​តេឡេស្កូប Sloan ដែលស្ថិតនៅ​មជ្ឈមណ្ឌល Apache Point ក្នុងរដ្ឋ New Mexico ដើម្បីតាមអង្កេត​​មើល Quasars ដទៃទៀត និងពង្រីកទំហំផែនទីនេះនាពេលអនាគត៕

ចែករំលែក