មហាយក្សចិន «បោះជំហានទៅបង្កើតកែវយឺតអវកាស» ដែលមានសមត្ថភាព «ថតចលនាប្រហោងខ្មៅ ដែលកំពុងលេបត្របាក់កាឡាក់ស៊ី!»

0

(ប៉េកាំង)៖ កែវយឺតអវកាសជំនាន់ថ្មីរបស់ចិន ដែលគ្រោងបាញ់បង្ហោះ​ទៅកាន់លំហអាកាស​នាពេលឆាប់ៗ​ខាងមុខនេះ នឹងត្រូវធ្វើ​ការ​អង្កេត​​ទៅលើភាពអាថ៌កំបាំង​ជាច្រើន​របស់ចក្រវាឡ រួមទាំងតំបន់ Big Eaters ដែលជាតំបន់​ស្នូលសកម្មដ៏ធំៗ​មហាសាល (Active Galactic Nuclei) នៅ​​ផ្នែក​​ខាង​​ចុង​ដ៏សែនឆ្ងាយនៃ​ចក្រ​វាឡ​ផង​ដែរ។ នេះ​បើ​តាមការ​ចេញផ្សាយដោយទីភ្នាក់ងារ​ព័ត៌មានចិន នាល្ងាចថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០១៧។

ក្រុមអ្នកវិទ្យាសាស្រ្ត​បានរកឃើញថា ស្ទើរតែនៅគ្រប់កាឡាក់ស៊ីទាំងអស់ តែងតែមានផ្ទុកប្រហោងខ្មៅ ដែលមានម៉ាស​រាប់លាន ឬក៏រាប់ពាន់​លាន​ដងធ្ងន់ជាងព្រះអាទិត្យ នៅចំណុចកណ្តាលរបស់ពួកវា។ ជាមួយទំនាញ​ដ៏ខ្លាំងសម្បើម ប្រហោងខ្មៅដ៏ធំមហិមាទាំងនោះ​ ស្រូប​យកឧស្ម័នក៏ដូចជាធូលី​អវកាសផ្សេងៗ​ នៅហ៊ុមព័ទ្ធជុំវិញពួកវា រហូតបង្កើតចេញ​ជាវិទ្យុសកម្ម X-Ray ដ៏មានឥទ្ធិពល។ ​ហេតុ​នេះហើយ​​កា​ឡាក់​​ស៊ី​​ទាំង​នោះ ​មាន​ចំណុច​​ស្នូល​​កណ្តាល​ភ្លឺចែង​ចាំង​​​ជា​ទីបំផុត​ ដែលអាច​ធ្វើឲ្យតំបន់កណ្តាល​របស់វាមានពន្លឺ ជាងតំបន់​និងផ្នែកផ្សេងៗ​ទៀត​របស់ពួកវា។ ក្រុមអ្នកវិទ្យាសាស្រ្ត​ហៅពួកវាវាថា Active Galactic Nuclei។

គួរបញ្ជាក់ថា កែវយឺតអវកាស HXMT ដែលត្រូវបានអភិវឌ្ឍន៍​ឡើងដោយក្រុមអ្នក​វិទ្យាសាស្រ្តចិន នឹងធ្វើការតាមដាន​ទៅលើតំបន់ទាំងនោះ តែដោយសារ​តែពួកវា​ស្ថិតនៅយ៉ាងឆ្ងាយពី​ភពផែនដី កែវយឺតរបស់​យើងអាចមើលឃើញ​ ត្រឹមតែតំបន់ស្នូលសកម្ម​ទាំងឡាយណា ដែល​ភ្លឺ​ជាង​គេ​​ប៉ុណ្ណោះ​៕

ចែករំលែក