ស្ថានីយ៍អវកាសអន្តរជាតិមួយទៀតនៅឋានព្រះច័ន្ទ «នឹងត្រូវកសាងដើម្បីស្វាគមន៍គំរូដុំថ្មមកពីភពព្រះអង្គារ» សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រវិភាគស្រាវជ្រាវ!

0

(អាមេរិក)៖ ស្ថានីយ៍អវកាសដែលអង្គការ NASA គ្រោងនឹងសាងសង់ឡើង នៅក្នុងគន្លងគោចរនៃឋានព្រះច័ន្ទនោះ អាចនឹងប្រើប្រាស់ជា​ទី​សំ​ចត​មួយសម្រាប់គំរូតាង​ក្រៅភព ដែលត្រូវនាំយកមក​កាន់ផែនដី ដើម្បីធ្វើការពិសោធន៍។ នេះបើតាមការដក​ស្រង់ការផ្សាយចេញពីវែបសាយ​ Space.com នៅរសៀលថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧។

មន្រ្តីអង្គការ NASA លោក Robert Lightfood បានឲ្យដឹងថា ស្ថានីយ៍ដែល NASA មានគោលដៅ​ឲ្យធ្វើប្រតិបត្តិការបាន នៅក្នុងអំឡុងឆ្នាំ​២០២០ ឬយូរជាងនេះនោះ នឹងផ្តល់ឱកាសឲ្យមានការបំពេញ​បេសកម្ម​នៅទីអវកាសជាច្រើន រវាងភពផែនដី និងឋានព្រះច័ន្ទ ហើយវានឹងអាចបម្រើជា​កាំជណ្តើរមួយ​ សម្រាប់ឆ្ពោះទៅកាន់ភពអង្គារ (Mars)។ ក៏ប៉ុន្តែស្ថានីយ៍នេះ ក៏ប្រហែលជាអាច​ជួយសម្រួល ដល់ការនាំយកធូលីដី​ និងថ្ម​ដែល​ប្រមូលបាន​នៅលើភពអង្គារ ក៏ដូចជាវត្ថុអវកាស​ដទៃៗទៀត ចុះមកកាន់ភព​របស់យើងបានផងដែរ។

យានរុករក 2020 Mars Rover របស់អង្គការ NASA ដែលនឹងត្រូវបាញ់បង្ហោះនៅក្នុងឆ្នាំ២០២០នោះ នឹងធ្វើការប្រមូលយកគំរូផ្សេងៗពីភព​ក្រហមនេះ ដើម្បីត្រៀមបញ្ចូនមកកាន់ផែនដីនាពេលអនាគត ហើយវាក៏នឹងតាមស្វែងរុករកសញ្ញានៃជីវិត នៅលើភពអង្គារ រួមទាំងសាកល្បង​ឧបករណ៍ ដែលអាចផលិតអុកស៊ីសែន​ចេញពីបរិយាកាស ដែលពោរពេញទៅដោយ​ឧស្ម័នកាបូនឌីអុកស៊ីត​នៅទីនោះ ក៏ដូចជាបំពេញកាតព្វ​កិច្ច​ជាច្រើន​ផ្សេងទៀត។

គួរបញ្ជាក់ថា ស្ថានីយ៍សម្រាប់ធ្វើជាច្រកផ្លូវឆ្លងកាត់​ខាងលើនេះ នឹងមានទំហំតូច​ជាងឆ្ងាយបើធៀបទៅនឹង ស្ថានីយ៍អវកាស​អន្តរជាតិ ISS ដែល​មានតម្លៃដល់ទៅ ១០០ពាន់លានដុល្លារ ហើយវាក៏មិន​តម្រូវឲ្យមានក្រុម​អវកាសយានិក ធ្វើប្រតិបត្តិការ និងស្នាក់នៅទីនោះ​ជាប់រហូតដូច ISS ដែរ៕

ចែករំលែក