ព្រះច័ន្ទពេញវង់ក្នុងខែមិថុនានេះ គឺជាទំហំតូចបំផុតប្រចាំឆ្នាំ២០១៧! ចុះដឹងអត់ថា ភពដែលភ្លឺក្បែរព្រះច័ន្ទក្នុងខែនេះ ជាភពអ្វី?

0

(បរទេស)៖ តើអ្នកមានកត់សម្គាល់​ឃើញទេថា មានអ្វីប្លែកខ្លះនៅលើផ្ទៃមេឃ​នាពេលថ្មីៗនេះ? គឺព្រះច័ន្ទពេញវង់ក្នុងខែមិថុនានេះ មានទំហំតូច​ជាងគេ​បំផុតនៅឆ្នាំ២០១៧នេះ ហើយស្របពេល​ជាមួយគ្នានេះ ក៏មានវត្ថុមួយផ្សេងទៀត​ផងដែរ ដែលមានពន្លឺចែងចាំង​យ៉ាងល្អប្លែក នៅលើ​ផ្ទៃមេឃ។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី​វែបសាយ Space.com នៅល្ងាចថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០១៧។

យើងប្រហែលធ្លាប់​លឺពាក្យថា Supermoon ហើយ គឺនៅពេលដែលព្រះ​ច័ន្ទពេញវង់ កើតឡើងគាប់ជួន​នៅចំ ឬក្បែរទីតាំង Perigee ជាចំណុច​មួយ​នៅក្នុងគន្លង​គោចរ នៃឋានព្រះច័ន្ទ នៅពេលដែលវា​ស្ថិតនៅកៀកភពផែនដី​ជាទីបំផុត ហើយនៅក្នុងឱកាស​បែបនេះ លោកខែមើលទៅ​ហាក់ដូចជាធំ​ជាងធម្មតា ដោយសាររយៈចម្ងាយ​របស់វាជាមួយភពរបស់​យើង។
ក៏ប៉ុន្តែលោកខែ​កាលពីយប់ថ្ងៃសុក្រម្សិលមិញ មាន​លក្ខណៈ​ផ្ទុយ​ពី​​​​នេះ ដោយវាគឺជាព្រះច័ន្ទពេញវង្ស ដែលជិតស្ទើរកើតឡើង​នៅទីតាំង Apogee ជាចំណុចដ៏ឆ្ងាយ​បំផុតរបស់ឋានព្រះច័ន្ទ ពីផែនដី។ យ៉ាងណាមិញ បើសិនជាអ្នកមិនបានដឹង​ជាមុនថា ព្រះច័ន្ទនឹងស្ថិតនៅឆ្ងាយ ឬក៏ជិតជាងធម្មតាទេនោះ អ្នកពិតជា​នឹងមិនចាប់អារម្មណ៍ថា វា​មាន​ការប្រែប្រួលទំហំនោះឡើយ។

ដោយឡែក​បើសិនជាអ្នកពុំបានកត់​សម្គាល់ឃើញមានភាពខុសប្លែកភ្លាមៗ​ថា ព្រះច័ន្ទហាក់បីដូចជាតូចជាង​មុនខុសធម្មតា​ទេនោះ រឿងមួយ​ទៀតដែលអ្នក​ប្រហែលជា​អាចចាប់អារម្មណ៍​ឃើញនោះ គឺភពអមដោយ​ពន្លឺចែងចាំងមួយ ដែលស្ថិត​នៅក្បែរនោះ គឺភពសៅរ៍ (Saturn)។ ភពសៅរ៍មាន​ពន្លឺចែងចាំង​យ៉ាងដូច្នេះ ដោយសារតែវា​ស្ថិតនៅចម្ងាយមកជិត​ភពផែនដី ជាងមុន។ មូលហេតុ​មួយវិញទៀត ដែលបានបណ្តាល​ឲ្យមានភ្លឺបែ្លក​បែបនេះ គឺដោយសារ​ចំណាំងផ្លាតពីខ្សែ​ក្រវាត់​​របស់វា ដែលពង្រីកភពនេះឲ្យទំហំជាងភព​ព្រហស្បតិ៍ទៅទៀត៕

ចែករំលែក