តោះមើលកាលវិភាគ! «តើក្នុងខែកក្កដានេះ យើងអាចមើលឃើញភពណាខ្លះ នៅលើផ្ទៃមេឃនៃភពផែនដី?»

0

បរទេស៖ ភព០៤​ក្នុងចំណោមភពភ្លឺៗ​ចំនួន០៥ នឹងអាចត្រូវមើល​ឃើញបានយ៉ាង​ច្បាស់ ក្នុងខែកក្កដានេះ។ ភពអង្គារ (Mars) នឹងបាំងដោយ​​​ចំណាំងពន្លឺ​ដ៏ចែងចាំងរបស់ព្រះអាទិត្យ ក៏ប៉ុន្តែភពពុធ (Mercury), ភពសុក្រ (Venus), ភពព្រហស្បតិ៍ (Jupiter), ក៏ដូចជាភពសៅរ៍ (Saturn) នឹង​បង្ហាញខ្លួន​របស់ពួកវា ឲ្យយើង​ឃើញ ដែលមនុស្សនៅលើភពផែនដីអាចមើលឃើញបាន ក្នុងខែនេះ។ នេះបើ​តាមដកស្រង់ការផ្សាយ​ចេញពីវែបសាយ WHNT News នៅរសៀល​ថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០១៧។

១៖ ភពដំបូងគេ​ដែលពួកយើង​ត្រូវស្វែងរកមើល នឹងលេចឡើង​យ៉ាងច្បាស់នៅ​ក្នុងផ្ទៃមេឃនា​ពេលឆាប់ៗនេះ គឺ ភពសៅរ៍ ដែលមានពណ៌មាស (Golden Saturn) នឹង​ចាប់ផ្តើម​ធ្វើដំណើរឆ្ពោះឡើង​លើផ្ទៃមេឃ នៅក្នុងអំឡុង​ខែកក្កដានេះ ហើយវាអាច​ត្រូវមើលឃើញនាវេលាយប់ជ្រៅ។ នា​ថ្ងៃ​ទី០៥, ទី០៦, និងទី០៧ ខែកក្កដា ឆ្នាំ២០១៧នេះ ភពសៅរ៍នឹង​ស្ថិតកាន់តែជិត​នឹងព្រះច័ន្ទជាងមុន ហើយ​ប្រហែល​​ជា​​មាន​​ភាព​ងាយ​​ស្រួល​ជាង​មុន ក្នុងការ​មើលវាផងដែរ។ យ៉ាងណាមិញបើ​ចង់មើលសៅរ៍ អ្នកគួរតែក្រឡេក​ទៅរកប៉ែកខាងត្បូង ហើយរក​មើលនៅខាង​ក្រោមទីតាំងព្រះច័ន្ទ។

២៖ ភពបន្ទាប់ទៀតដែលនឹង​ចល័តទៅជិតឋានព្រះច័ន្ទនៅលើផ្ទៃ​មេឃនោះ គឺភពសុក្រ។ ខុសប្លែកពី​ភពភ្លឺៗដទៃទៀត​ក្នុងខែកក្កដានេះ ភពសុក្រ​នឹង​អាចត្រូវគេមើញ​នាវេលាទាបភ្លឺប៉ុណ្ណោះ។ អ្នកគួរតែ​ក្រឡេករកមើល​ទៅភាគខាងកើត​ នាពេលទៀបភ្លឺ នៅក្នុងអំឡុងថ្ងៃទី២០ ខែកក្កដានេះ ហើយអ្នក​នឹងអាចមើលឃើញភពសុក្រ បញ្ចេញរស្មីចែងចាំង​នៅពីលើព្រះច័ន្ទ។ ភពសុក្រនាពេល​នោះនឹងមាន​រហស្សនាមថា «តារារះនា​ព្រឹក​ព្រលឹម» នឹងលេចរូបរាងវា​ឡើងក្នុងរយៈពេលចន្លោះ​ពី០២ទៅ០២ម៉ោងកន្លះទាបភ្លឺ មុនព្រះអាទិត្យរះឡើង ដូច្នេះហើយអ្នកគួរតែត្រៀមខ្លួន​ចាំរក​មើលវានៅមុនពេលនោះ។

៣៖ ភពពុធគឺជាភព​ដែលនឹងមានភាព​លំបាកជាងគេ​ក្នុងចំណោមភពទាំង០៤ ដើម្បីបង្ហាញខ្លួន​ក្នុងខែកក្កដានេះ។ អ្នកអាចស្វែង​រកភពពុធ ដោយការ​ក្រឡេក​មើលទៅទិសខាងលិច​ក្នុងរយៈពេលមួយម៉ោង ក្រោយព្រះអាទិត្យ​លិច ហើយវានឹងស្ថិត​នៅទាបកៀកនឹង​ជើងមេឃ។ កាលបរិច្ឆេទ​ដ៏​ពិសេសសម្រាប់រក​មើលភពពុធ គឺថ្ងៃទី២៤ និងទី២៥ ខែកក្កដានេះ។

៤៖ ទីបំផុត​ដល់ថ្ងៃទី២៨ ខែកក្កដានេះ ភពព្រហស្បតិ៍​នឹងស្ថិតទៅជិតឋានព្រះច័ន្ទ ហើយវានឹង​ក្លាយជាវត្ថុ​អវកាសដ៏ចែង​ចាំងបំផុត​មួយ នៅលើផ្ទៃ​មេឃ​។ ក្រឡេក​ទៅភាគនិរតី​នាពេលព្រលប់ ដើម្បីមើលឃើញ​ភពព្រហស្បតិ៍ ដែលនៅពីក្រោម​ព្រះច័ន្ទក្នុងផ្ទៃមេឃ៕

ចែករំលែក