«ភពផែនដី នឹងក្លាយជាឋានរកដូចភពសុក្រ» នេះជាការព្រមានរបស់ លោក Stephen Hawking ចំពោះទង្វើលោក ដូណាល់ ត្រាំ!

0

(ឡុងដ៍)​៖ អ្នកវិទ្យាសាស្រ្តដ៏ល្បីរបស់ចក្រភព​អង់គ្លេសគឺ លោក ស្ទីវិន ហាឃីង (Stephen Hawking) បានលើកឡើងថា ការសម្រេចចិត្ត​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដក​ប្រទេសមហាអំណាច​ពិភពលោកនេះ ចេញពី​កិច្ចព្រមព្រៀង​អាកាសធាតុ​​​ទីក្រុងប៉ារីសនោះ អាចជាជំហាន​ចាប់ផ្តើមនៃ​ការឈានទៅរក បញ្ហាបម្រែបម្រួល​អាកាសធាតុ​ដ៏អាក្រក់ និងធ្ងន់ធ្ងរបំផុតមិនអាច​ត្រឡប់ក្រោយ​​បាន ហើយនឹងប្រែក្លាយ​ភពផែនដី​របស់យើង​ ឲ្យទៅដូចជាភពសុក្រ (Venus) ដ៏សែនក្តៅជាងគេបង្អស់ នៅក្នុងចំណោមភព​​ទាំង​ប៉ុន្មាន​ ក្នុងប្រព័ន្ធ​ព្រះអាទិត្យ។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារចិន ស៊ិនហួរ នៅរសៀលថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០១៧។

លោក Hawking ដែលមាន​កេរ្តិ៍ឈ្មោះល្បីរន្ទឺ​ទូទាំងពិភពលោក ដោយសារតែ​ទ្រឹស្តីស្តី​ពីប្រហោខ្មៅ (Black Holes) និងដើមកំណើត​នៃចក្រ​វាឡដ៏​ធំល្វឹងល្វើយនោះ បានធ្វើការគូស​បញ្ជាក់ធ្ងន់ៗ​បែបនេះ នៅក្នុងអំឡុង​ការផ្តល់បទសម្ភាសន៍​មួយ ជាមួយបណ្តាញសារព័ត៌មាន​អង់​គ្លេស BBC ដើម្បីអបអរ​គម្រប់ខួប ៧៥ឆ្នាំរបស់លោក។ លោក Stephen Hawking បានថ្លែងប្រាប់ BBC News ថា «យើងកំពុង​ខិតជិតដល់​ចំណុចមួយ ដែលបញ្ហាកើន​ឡើង​កម្តៅពិភព​លោក​​លែង​អាច​ទប់​ស្កាត់​បាន​តទៅ​ទៀត​ហើយ។ ទង្វើរបស់​លោក ដូណាល់ ត្រាំ អាចរុញច្រាន​ផែនដីឲ្យធ្លាក់​ទៅក្នុងស្ថានភាព ដូចទៅ​នឹងភពសុក្រ​ ដែលមាន​សីតុណ្ហភាពប្រមាណ ​៤៤០អង្សាសេ និងមានភ្លៀងធ្លាក់​សុទ្ធតែជាអាស៊ីដស៊ុលផួរិចបាន​»។

លោក Hawking បានបន្តថា «បញ្ហាបម្រែ​បម្រួល​អាកាសធាតុ គឺជាគ្រោះថ្នាក់​ដ៏ធំសម្បើមមួយ​ដែលពួកយើង​ទាំងអស់គ្នា បាននិង​កំពុង​ប្រឈម តែវាគឺជាគ្រោះ​ថ្នាក់មួយដែល​យើងអាចទប់ស្កាត់បាន ប្រសិនបើ​យើងរួមសាមគ្គីគ្នា​ចាត់វិធានលើបញ្ហា​នេះក្នុងពេលឥឡូវនេះ។ តាមរយៈការបដិសេធ​មិនទទួលស្គាល់ភស្តុតាងជាច្រើន បញ្ជាក់ពីការប្រែប្រួល​នៃអាកាស និងការដក​សហរដ្ឋអាមេរិកចេញពី​កិច្ចព្រម​ព្រៀង​​អាកាសធាតុ​ទីក្រុងប៉ារីស លោក ដូណាល់ ត្រាំ នឹងបង្កការបំផ្លិចបំផ្លាញ​ផ្នែកបរិស្ថាន​ ដែលពុំអាចជៀសវាងបាន ដល់ភពផែនដី​ដ៏​ល្អបំព្រងរបស់យើង និងបង្កគ្រោះ​ថ្នាក់ធ្ងន់ធ្ងរ​សម្រាប់យើង​ក៏ដូចជាកូនៗ​របស់ពួកយើងផ្ទាល់»។

គួររំលឹកថា កាលពីដើម​ខែមិថុនាកន្លងទៅនេះ លោក ដូណាល់ ត្រាំ បានប្រកាសថា រូបលោក​បាន​សម្រេចចិត្ត​ដកសហរដ្ឋអាមេរិក​ ចេញ​ពី​កិច្ចព្រមព្រៀង​ទីក្រុងប៉ារីសឆ្នាំ២០១៥ ដែលជាកិច្ចព្រម​អន្តរជាតិដ៏​សំខាន់បំផុតមួយ ចុះហត្ថលេខា​ដោយភាគីចំនួន ១៩៥ប្រទេស ដើម្បីរួមគ្នា​ប្រយុទ្ធប្រឆាំងនឹង​បញ្ហាបម្រែប្រមួល​អាកាសធាតុ ដោយសារតែ​លោក ត្រាំ យល់ឃើញថា វាគ្មានប្រយោជន៍​ឥតបានការ ប៉ុន្តែវាគឺជា​ការខាត​បង់យ៉ាងធំធេង​សម្រាប់ប្រទេស​ក៏ដូចជាប្រជាជន​របស់លោក។ យ៉ាងណាមិញ​ការសម្រេចចិត្តនេះ បានបង្កជាការរិះ​គន់ធ្ងន់ៗពីគ្រប់មជ្ឈ​ដ្ឋាន​ជុំវិញពិភពលោក៕

ចែករំលែក