អបអរសាទរ «ខួបទី២០ឆ្នាំយានតូច Rover ដែលជាយានចល័តលើផ្ទៃភពព្រះអង្គារ មុនគេបង្អស់» នៅក្នុងបេសកកម្ម Pathfinder របស់ NASA!

0

(អាមេរិក)៖ ការសិក្សាស្រាវជ្រាវ និងរុករកនៅលើ​ភពអង្គារ (Mars) បានបោះជំហាន​ដ៏ធំមួយកាលពី​ពេល ២០ឆ្នាំមុន ដោយកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ (ពេលវេលានៅអាមេរិក) បេសកកម្ម Pathfinder របស់​អង្គការ NASA បានទៅដល់​លើផ្ទៃដី​របស់ភពក្រហមនេះ ហើយ​នាំយកទៅ​ជាមួយនូវ​យាន Lander ចំនួន​មួយគ្រឿង រួមទាំង​យាន Rover ដ៏តូចមួយគ្រឿង​ផ្សេងទៀតមាន​ឈ្មោះថា Sojourner ដែលជា​​យាន​មាន​កង់​អាចចល័ត​បានដំបូងគេ​នៅលើ Mars របស់ទីភ្នាក់ងារ​អវកាស​អាមេរិក។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីវែបសាយ​​វិទ្យាសាស្រ្ត Space.com នៅល្ងាចថ្ងៃ​ពុធ ទី០៥ ខែកក្កដា ឆ្នាំ២០១៧។

Pathfinder គឺជាបេសកកម្ម​ដំបូងគេរបស់ NASA ដែលបានធ្វើដំណើរ​ទៅដល់ភពអង្គារ​ដោយជោគជ័យ គិតចាប់តាំងពី​យានអវកាសភ្លោះ Viking 1 (យានចុះចត ឬ Lander) និង Viking 2 (ផ្កាយរណប ឬ Orbiter) កាលពីអំឡុង​ពាក់កណ្តាល​ទសវត្សរ៍ឆ្នាំ១៩៧០ ហើយជោគជ័យ​​របស់វា បានជួយត្រួសត្រាយផ្លូវ​ដ៏សំខាន់ក្នុង​ប្រវត្តិសាស្រ្ត​អវកាស សម្រាប់ការ​បញ្ជូនរ៉ូបូត​ជាបន្តបន្ទាប់ទៀត ទៅកាន់ភពក្រហមនេះ។ នៅ​ក្នុងអំឡុង​ពេលពីរ​ទសវត្សរ៍​ចុងក្រោយនេះ យានរ៉ូបូត​ចំនួន ០៨គ្រឿងផ្សេងទៀត បានទៅដល់ភពអង្គារ ហើយ ០៥គ្រឿងក្នុងចំណោមនោះ នៅ​តែ​បន្ត​ប្រតិបត្តិការ​របស់ពួកវា រហូតមកទល់សព្វថ្ងៃ​នេះដដែល។

បេសកកម្ម Pathfinder ត្រូវបានបាញ់​បង្ហោះកាលពី​ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ១៩៩៦ និងបានធ្វើដំណើរផ្សងព្រេង​អស់រយៈពេល០៨ខែ មុនទៅដល់​​ភពអង្គារ។ បន្ទាប់ពីយាន​ចុះចត (Lander) របស់ Pathfinder បានជាន់លើផ្ទៃ​របស់ភពក្រហមនេះ យានរ៉ូវើ (Rover) មានកង់ចំនួន០៦ និង​ទំហំប៉ុនម៉ាស៊ីន​កម្តៅម្ហូប​អាហារ Sojourner ក៏បានចាប់ផ្តើមប្រតិបត្តិការ​របស់វា។ យោងតាម NASA Pathfinder បានបញ្ជូនរូបភាព​លើក​ដំបូង​នៃផ្ទៃ​ភពអង្គារ​ទៅកាន់ផែនដី កាលពីចន្លោះថ្ងៃទី០៤ និងទី០៨ ខែកក្កដា ឆ្នាំ១៩៩៧។ យាន Lander របស់ Pathfinder ត្រូវបានរចនា​​ឡើងក្នុងឲ្យ​ដំណើរការ សម្រាប់រយៈពេល​មួយខែ ខណៈយានរ៉ូវើ Sojourner សម្រាប់តែ​ពេលមួយសប្តាហ៍​ប៉ុណ្ណោះ ក៏ប៉ុន្តែរ៉ូបូត​ទាំងពីរគ្រឿង​នេះបានបន្ត​ប្រតិបត្តិការ​រហូតដល់ទៅបីខែ​ឯណោះ ដោយបានប្រមូល​យកទិន្នន័យជាច្រើន​អំពីបរិយាកាស អាកាសធាតុ សណ្ឋានដី និង​ផ្ទៃ​ខាង​ក្នុង​​របស់ភពអង្គារ។

គួរបញ្ជាក់ថា ការចុះចតរបស់​បេសកកម្ម Pathfinder នៅលើភពអង្គារ គឺជាមិនមែន​ជាព្រឹត្តិការណ៍​ដ៏ធំតែមួយគត់​របស់ទីភ្នាក់ងារ​អវកាស NASA ដែលបានកើត​ឡើងនៅថ្ងៃទី០៤ ខែកក្កដានោះ​ឡើយ។ តួយ៉ាងកាលពី​ថ្ងៃនេះ ខែនេះ ឆ្នាំ២០០៥ យាន​អវកាស Deep Impact បាន​បញ្ជូន​ឧបករណ៍ Impactor មួយទៅកាន់​ផ្កាយដុះកន្ទុយ Comet Tempel 1 ដើម្បីស្រាវជ្រាវ​ទៅលើសមាសធាតុផ្សំ​ របស់វត្ថុអវកាសដ៏ត្រជាក់​​ដូចទឹកកកនេះ។ ម៉្យាងវិញទៀត កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំមុននេះ យានអវកាស Juno របស់ NASA បានធ្វើដំណើរ​ទៅដល់គន្លងតារា​វិថី​ជុំវិញ​ភពព្រហស្បតិ៍ (Jupiter)៕

ចែករំលែក