ទិវាអាចម៍ផ្កាយអន្តរជាតិ! អង្គការ NASA «ជោគជ័យលើឧបករណ៍អង្កេតអាចម៍ផ្កាយ» ដោយរកឃើញជាច្រើនដុំរៀងរាល់ថ្ងៃ នៅជុំវិញភពផែនដី!

0

បរទេស៖ ដើម្បីអបអរគម្រប់​ខួបនៃទិវាអាចម៍ផ្កាយ Asteroid Day កាលពីសប្តាហ៍មុន​នាថ្ងៃទី៣០ ខែមិថុនា អង្គការ NASA បាន​បញ្ចេញឃ្លីបវីដេអូចំនួនបី ដែលពិពណ៌នាអំពីកិច្ចប្រឹងប្រែង នៃការតាម​ស្វែងរក​អាចម៍​ផ្កាយទាំងឡាយណា ដែល​មាន​សក្តា​នុ​ពល​អាច​បង្ក​គ្រោះ​​ថ្នាក់​ដល់​ភព​ផែនដី។ នេះបើតាមការ​ចេញផ្សាយ​ដោយវែបសាយវិទ្យាសាស្រ្ត Space.com នៅរសៀលថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០១៧។

លោក Eric Christensen ដែលជា​តារាវិទូមកពី​សាកលវិទ្យាល័យ Arizona បានលើក​ឡើងនៅ​ក្នុងវីដេអូ​មួយ ក្នុង​ចំណោម​វីដេអូទាំង​បី​​ឃ្លីបថា «គោលដៅ​នៃកិច្ចខំប្រឹងប្រែង​ទាំងនេះ គឺដើម្បីតាម​រុករកអាចម៍​ផ្កាយ ដែលស្ថិតក្បែរ​ផែនដី ឲ្យបានមុនពួកវា​ស្វែងរកឃើញ​ពួកយើង»។ អង្គការ NASA បានឲ្យដឹងថា ខណៈអាចម៍​ផ្កាយ​ភាគច្រើន មានវត្តមាន​នៅក្នុងនិងជុំវិញ​ខ្សែក្រវាត់​អាចម៍ផ្កាយ ដែល​ស្ថិតនៅចន្លោះ​ភពអង្គារ (Mars) និង​ភពព្រហស្បតិ៍ (Jupiter) អាចម៍ផ្កាយខ្លះ​ស្ថិតនៅកៀកនឹង​ភពរបស់យើង​នេះឯង។

ប្រភេទអាចម៍​ផ្កាយទាំងនោះ ដែលត្រូវ​គេហៅថា NEA ធ្វើដំណើរនៅ​ក្នុងរយៈចម្ងាយ ១.៣ដង នៃចម្ងាយពីផែនដី​ទៅកាន់​ព្រះអាទិត្យ​។ គិតមកទល់ពាក់​កណ្តាលឆ្នាំ​២០១៧នេះ NEA ជាង ១៦,០០០ដុំហើយ ត្រូវបានគេ​រកឃើញ។ បូករួមជាមួយផ្កាយ​ដុះកន្ទុយ​ ដែល​ហោះឆ្លងកាត់​ក្បែរផែនដី វត្ថុអវកាស​ទាំងអស់នេះ ត្រូវបានអ្នក​វិទ្យាសាស្រ្តចាត់​ថា្នក់ ជាវត្ថុអវកាសក្បែរផែនដី ឬ NEO។

គួរបញ្ជាក់ថា តារាវិទូជនជាតិ​អ៊ីតាលី លោក Gioacchino Piazzi បានប្រទះឃើញ​អាចម៍ផ្កាយ​ដំបូង​គេមាន​ឈ្មោះថា Ceres កាលពី​​ថ្ងៃ​ទី០១ ខែមករា ឆ្នាំ១៨០១។ ហើយជាង​កន្លះទសវត្សរ៍​ក្រោយមក មានអាចម៍​ផ្កាយចំនួនត្រឹមតែ ១៤ដុំប៉ុណ្ណោះ ត្រូវបាន​រកឃើញ ក៏ប៉ុន្តែ​ការ​រីកចម្រើន​នៃឧបករណ៍​ផ្នែកតារាសាស្រ្ត​ បានជួយបង្កើនសង្វាក់​នៃប្រតិបត្តិការ​តាមប្រមាញ់​រកពួកវា។ មកទល់បច្ចុប្បន្ន ក្រុមតារាវិទូ​​បានរកឃើញ​ដុំថ្មអវកាស​ មិនតិចជាង​កន្លះលានដុំ​នោះឡើយ ដោយជាមធ្យម​ក្នុងមួយយប់ៗ​ អាចម៍ផ្កាយ​០៥ដុំ​ត្រូវបាន​ប្រទះឃើញ​៕

ចែករំលែក