ស្វែងយល់បន្ថែមពី «បេសកកម្ម​យានអវកាស New Horizons ទៅកាន់​ភពភ្លុយតូ» និងទីចុងបំផុតនៃប្រព័ន្ធព្រះអាទិត្យ!

0

អាមេរិក៖ វត្ថុអវកាសដ៏សែនឆ្ងាយ ដែលយានអវកាស New Horizons របស់អង្គការ NASA គ្រោងនឹងធ្វើការហោះទៅក្បែរក្នុងរយៈ​ពេល ១៨ខែខាងមុខនោះ តាមពិតប្រហែល​ជាចង្កោម​នៃវត្ថុតូចៗមួយដុំទៅវិញទេ បើយោងតាម​ទិន្នន័យនៃការអង្កេតមើលថ្មី​។ នេះបើ​​តាមការដកស្រង់​ការផ្សាយចេញពី​ វែបសាយវិទ្យាសាស្រ្ត Space.com នៅរសៀលថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០១៧។

យានអវកាស New Horizons ដែលបានធ្វើ​ការហោះឆ្វែល​ទៅកៀក (Flyby) ភ្លុយតូជា​លើកដំបូងបំផុត​កាលពី​ខែកក្កដា ឆ្នាំ២០១៥នោះ នឹងត្រូវបំពេញ​បេសកកម្មបែបនោះ​មួយផ្សេងទៀត នាថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ក៏ប៉ុន្តែលើកនេះ​វានឹងធ្វើឡើង​ចំពោះវត្ថុដែល​មាន​ការ​សិក្សាស្វែងយល់​តិចតួចបំផុត​មួយមាន​ឈ្មោះថា 2014 MU69។

នាពេល​ថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្រ្ត​នៃបេសកកម្ម New Horizons បានទទួល​ឱកាសមួយ ក្នុងការធ្វើសិក្សា​ស្វែងយល់​បន្ថែមទៀត អំពី​​​វត្ថុ​អវកាស 2014 MU69 ដែលស្ថិត​នៅចម្ងាយ​ប្រមាណ ១.៦ពាន់លានគីឡូម៉ែត្រ ពីគន្លងតារាវិថី​របស់ភពភ្លុយតូ ហើយត្រូវ​បានគេជ​ជាក់ថា មានទទឹងប្រវែងចន្លោះពី ២០ទៅ​៤០គីឡូម៉ែត្រ។

គួរបញ្ជាក់ថា បេសកកម្មតម្លៃ ៧០០លានដុល្លារ New Horizons របស់ទីភ្នាក់ងារ​អវកាសអាមេរិក NASA ត្រូវបានបាញ់​បង្ហោះកាលពី​​ខែ​មករា ឆ្នាំ២០០៦។ ជាង០៩ឆ្នាំ​ក្រោយមក ពោលគឺកាល​ពី​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ យាន​អវកាសនេះ បានផ្តល់ឲ្យ​មនុស្សលោកយើង​​​នូវការមើលឃើញ​យ៉ាងកៀករបស់យាននេះ ទៅនឹង​ភពភ្លុយតូ ជាលើកដំបូង បន្ទាប់ពីកែវយឺតលើផែនដីរកឃើញភពនេះ កាលពីឆ្នាំ១៩៣០។ ដោយឡែកការហោះ Flyby ទៅលើ 2014 MU69 គឺជាកម្មវត្ថុដ៏​សំខាន់បំផុត​​ នៃ​បេសកម្មបន្ថែម​របស់ New Horizons ដែលអង្គការ NASA បានផ្តល់​សិទ្ធិអនុញ្ញាត​កាលពីឆ្នាំមុន៕

ចែករំលែក