ផែនដីគ្រាន់តែចំណុចតូចមួយ! កែវយឺតអវកាស «Hubble បង្ហាញរូបភាពថ្មីនៃ ចក្រវាឡដ៏ធំល្វឹងល្វឺយ​រកទីបញ្ចប់គ្មាន»

0

បរទេស៖ នាពេលថ្មីៗនេះ កែវយឺតអវកាស​ដ៏ចំណាស់ Hubble បានថតយករូបភាព​ដ៏អស្ចារ្យ​ថ្មីមួយផ្សេងទៀត បង្ហាញពី​ផ្ទៃចក្រវាឡ​​ដ៏សែនធំល្វឹងល្វើយ ដែលនឹង​ធ្វើឲ្យ​យើងរាល់គ្នា​មានអារម្មណ៍ថា ខ្លួនឯងរួមជាមួយ​និង​ភពផែនដី ដែលយើងគិត​ថា​មានទំហំធំខ្លាំងនោះ តាម​ពិត​ទៅគ្រាន់តែជាធាតុតូចៗមួយតែ​ប៉ុណ្ណោះ។ នេះបើតាម​ការដក​ស្រង់ការផ្សាយ​ចេញពី​វែបសាយ BGR នៅរសៀល​ថ្ងៃអង្គារ​ ទី១១ ខែកក្កដា ឆ្នាំ២០១៧។

រូបភាពខាងលើ​ស្តែងឲ្យឃើញពី​ចង្កោម ក៏ដូចជាបណ្តុំកាឡាក់ស៊ី ដែលត្រូវបាន​គេស្គាល់តាមរយៈ​ឈ្មោះថា SDSS J1110+6459។ វាគឺជា​កម្រង​នៃរាប់រយកាឡាក់ស៊ី​នៅក្បែរគ្នា ដែលស្ថិតក្នុង​រយៈចម្ងាយ​ប្រមាណជា ០៦ពាន់លានឆ្នាំពន្លឺពីភពរបស់យើង។ នៅទីនោះគឺ​ជា​ជម្រកនៃប្រព័ន្ធផ្កាយ​ជាច្រើនរាប់មិនអស់ និងភពផ្សេងៗ​ដែលហួសពីអ្វី​ដែលយើងអាច​ស្រមើស្រមៃបាន​ទៅទៀត។

ដោយឡែកសំណួរ​ថា តើមានអ្វីខ្លះនៅទីនោះ (ភពដែលផ្ទុក​ភាវៈដ៏ឆ្លាតវៃ ឬក៏អរិយធម៌​ដែលមានភាព​រីកចម្រើន និងទំនើបជាង​យើងយ៉ាងឆ្ងាយ) ប្រហែល​គ្មាន​ថ្ងៃនឹងត្រូវអាច​បកស្រាយបាន​នោះឡើយ ក៏ប៉ុន្តែសម្រាប់​លទ្ធភាពវិញនោះ គឺពិតជារាប់មិនអស់​មែន គ្រាន់តែមិនដឹងថាពេលណា ទើបមនុស្ស ឬភាវៈផ្សេងទៀតក្រៅពីមនុស្ស អាចសម្រេចក្តីស្រមៃនេះប៉ុណ្ណោះ។

គួរបញ្ជាក់ថា កែវយឺតអវកាស Hubble របស់អង្គការ NASA ត្រូវបានបាញ់បង្ហោះទៅកាន់គន្លងរបស់ភពផែនដី កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៩០មកម្ល៉េះ ហើយវាក៏ជាកែវយឺតដែលជិតហ្នឹងចូលនិវត្តន៍ផងដែរ ខណៈបច្ចុប្បន្ននេះកែវយឺតអវកាស ដែលកំពុងល្បីល្បាញគឺ Kepler ដែលត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ២០០៩ និង James Webb ដែលគ្រោងបង្ហោះនៅឆ្នាំ២០១៨៕

ចែករំលែក