អបអរៗ! ទីបំផុតយាន «Juno អាចហោះទៅកៀកតែ ៩ពាន់គីឡូម៉ែត្រ ពីព្យុះធំបំផុត​នៃភពព្រហស្បតិ៍​ហើយ» នឹងត្រូវការពេលប៉ុន្មានថ្ងៃទៀត ទើបបញ្ជូនរូបដល់ផែនដី!

0

បរទេស៖ យាន​អវកាស Juno របស់​អង្គការ NASA ដែលកំពុងស្ថិត​ក្នុងគន្លងក្បែរ​ភពព្រហស្បតិ៍ (Jupiter) នោះ បានចាប់ផ្តើមបញ្ជូន​ទិន្នន័យ ក៏ដូចជារូបភាពដ៏កៀកបំផុតមិនធ្លាប់មាន នៃបាតុភូតដ៏​អាថ៌កំបាំង «Great Red Spot» ហើយ​នៅក្នុងអំឡុង​នៃការហោះ Flyby នៅ​លើ​ព្យុះពណ៌ក្រហម​ដ៏ធំមហិមានេះ ដែលបានធ្វើ​ឲ្យអ្នកវិទ្យាសាស្រ្ត​នៅលើ​ភពផែនដី មាន​​ការចាប់​អារម្មណ៍ និងក្តី​ងឿង​ឆ្ងល់​ជា​ខ្លាំង​​ក្រៃ​លែង​អស់រ​យៈ​ពេល​​រាប់​រយ​ឆ្នាំ​កន្លងមក​ហើយនោះ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Channel News Asia នៅ​ព្រឹក​ថ្ងៃ​ពុធ ទី១២ ខែកក្កដា ឆ្នាំ២០១៧។

អ្នកវិទ្យាសាស្រ្ត​សង្ឃឹមថា ទិន្នន័យថ្មីនេះ​នឹងជួយ​លាតត្រដាង​អាថ៌កំបាំង​មួយចំនួនរួមមាន តើកម្លាំងអ្វី​ដែលកំពុង​រុនច្រាន​ព្យុះដ៏​ចម្លែក​នេះ, តើវាមាន​អាយុកាលយូរ​ប៉ុណ្ណាហើយ, តើវាបាន​ពុះចូល​ទៅក្នុងបរិយាកាស​ របស់ព្រហស្បតិ៍​បានជ្រៅប៉ុណ្ណា, និងតើហេតុ​អ្វី​បានជា​វា​ហាក់បី​ដូចជាកំពុងតែ​បាត់បង់​ថាមពល​ បន្តិចម្តងៗ​ជាដើម។ ជាងនេះទៅទៀត ក្រុមអ្នក​តារាវិទូ​ក៏ជឿជាក់ផង​ដែរថា ការយល់​ដឹងកាន់​​តែ​ច្បាស់ ​និងកាន់តែច្រើន​ថែមទៀត អំពីព្យុះ Great Red Spot ប្រហែលជា​អាចផ្តល់តំរុយ​សំខាន់ៗ ចំពោះ​រចនាសម្ព័ន្ធ ដំណើរការ និង​ ទម្រង់នៃ​ការកកើតឡើង​របស់ភពព្រហស្បតិ៍​ទាំងស្រុងតែម្តង។

ព្យុះខាងលើនេះ​ជាប់ចំណាត់ថ្នាក់​ជាព្យុះដ៏ធំជាង​គេបង្អស់ ដែលគេបាន​ដឹងនៅក្នុងប្រព័ន្ធ​ព្រះអាទិត្យ ជាមួយ​និង​មុខកាត់​ប្រវែង ​១៦,០០០​គីឡូម៉ែត្រ ធំជាងអង្កត់ផ្ចិត​របស់ភពផែនដី​ទៅទៀត ហើយវា​មានល្បឿនខ្យល់រាប់​រយគីឡូម៉ែត្រក្នុង​មួយម៉ោង នៅផ្នែកចុង​ខាងក្រៅបំផុត​​របស់​វា។ ព្យុះ Great Red Spot មានរូបរាង​ដូចជារង្វង់​ពណ៌ក្រហមដ៏ជ្រៅមួយ ដែលហ៊ុមព័ទ្ធ​ដោយស្រឡាប់​ពណ៌លឿនខ្ចី, ទឹកក្រូច, និង​ពណ៌ស។

ព្យុះយក្សនេះ​បានបន្តសិ្ថត​ក្រោម​ការអង្កេត​មើលយ៉ាងជាប់លាប់ពី​ភពផែនដី យ៉ាងហោច​ណាស់ចាប់តាំង​តែពីឆ្នាំ​១៨៣០មកម្ល៉េះ។ យ៉ាង​ណា​មិញ Great Red Spot កាលពីមុន​មានទំហំធំខ្លាំងរហូត​អាចលេបភព​ប៉ុនៗផែនដី ដែលមានមុខ​កាត់ ១២,៧២៤គីឡូម៉ែត្របានដល់​ទៅបីឯណោះ ក៏ប៉ុន្តែវា​បាន និងកំពុងរួមតូចទៅៗ​ក្នុងអំឡុងពេល​មួយសតវត្សរ៍​ចុងក្រោយនេះ ហើយប្រហែល​ជានៅទីបំផុត ​នឹងអាច​​រលាយបាត់​តែម្តងថែមទៀតផង។

ទោះបីជាបែប​នេះក្តី ព្យុះ Great Red Spot នៅតែជា​លក្ខណៈសម្បត្តិ​ដ៏សំខាន់ និងលេចធ្លោបំផុត របស់ភព​ដែលធំជាងគេបង្អស់​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់យើងនេះ។ ភពព្រហស្បតិ៍ ប្រៀបដូចជា​ដុំបាល់ពោរពេញ​ទៅដោយឧស្ម័ន​មួយអ៊ីចឹង ដែល​ភាគ​​ច្រើន​គឺ​ជា​អ៊ីដ្រូ​សែន​ និងអេល្យ៉ូម និងមានទំហំមុខកាត់អាចតម្រៀបភពផែនដី​បន្តគ្នាចំនួន ១១ ហើយម៉ាសស្មើ​នឹងពីរដងនៃភពដទៃៗ​ទៀតរួមបញ្ចូលគ្នា​ទៅទៀត។

គួរបញ្ជាក់ថា ការទៅជួប Great Red Spot យ៉ាងកៀកកាលពី​ថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) គឺជាការហោះ Flyby លើកទី​០៦ និងចុងក្រោយ​គេបំផុត ក្នុងចំណោម​បេសកកម្ម Flyby សរុបទាំងអស់​ចំនួន១២លើក ដែលត្រូវបាន​គ្រោងទុកដោយ​អង្គការ NASA សម្រាប់​យានអវកាស Juno។ ហើយ Juno នឹងធ្វើ​ការហោះ Flyby បន្ទាប់ទៀត​របស់វាទៅក្បែរដុំពពក​របស់ Jupiter នៅថ្ងៃទី០១ ​ខែកញ្ញា៕

ចែករំលែក