BREAKING NEWS: ទីបំផុត Juno «បញ្ជូនរូបភាពកៀកបំផុតនៃភពព្រហស្បតិ៍ និងព្យុះយក្សក្រហម» មកដល់ផែនដីហើយ! តោះទស្សនាទាំងអស់គ្នា!

0

អាមេរិក៖ កាលពីថ្ងៃពុធ​ម្សិលមិញនេះ អង្គការ NASA បានប្រកាសថា យានអវកាស Juno របស់ពួកគេ ដែលសព្វថ្ងៃនេះ​កំពុងស្ថិតក្នុង​គន្លង​តារាវិថីជុំវិញ​ភពព្រហស្បតិ៍ (Jupiter) នោះ បានបំពេញ​ការហោះ Flyby ដោយជោគជ័យ ទៅ​យ៉ាង​កៀក​​នឹង​ព្យុះ Great Red Spot ដែលជាលក្ខណៈ​សម្បត្តិ​ដ៏ពិសេសបំផុត​ប្រចាំភពឧស្ម័ន​យក្សនេះ និងពោរពេញ​ទៅដោយអាថ៌កំបាំង។ ម៉្យាងវិញទៀត​ទិន្នន័យដែល Juno ​ប្រមូលបាន​ក្នុងដំណើរបេសកកម្ម​លើកនេះ ត្រូវបានបញ្ជូន​មកដល់ផែនដី​ហើយ ជាមួយនិងរូបភាព​ដ៏អស្ចារ្យជា​ច្រើននៃព្យុះ​ដ៏​​ធំ​មហិកមានេះ។ នេះបើតាមការ​ចេញផ្សាយ​ដោយ​ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៧។

ព្យុះខាងលើនេះ​ជាប់ចំណាត់ថ្នាក់​ជាព្យុះដ៏ធំជាង​គេបង្អស់ ដែលគេបាន​ដឹងនៅក្នុងប្រព័ន្ធ​ព្រះអាទិត្យ ជាមួយ​និង​មុខកាត់​ប្រវែង ​១៦,០០០​គីឡូម៉ែត្រ ធំជាងអង្កត់ផ្ចិត​របស់ភពផែនដី​ទៅទៀត ហើយវា​មានល្បឿនខ្យល់រាប់​រយគីឡូម៉ែត្រក្នុង​មួយម៉ោង នៅផ្នែកចុង​ខាងក្រៅបំផុត​​របស់​វា។ ព្យុះ Great Red Spot មានរូបរាង​ដូចជារង្វង់​ពណ៌ក្រហមដ៏ជ្រៅមួយ ដែលហ៊ុមព័ទ្ធ​ដោយស្រឡាប់​ពណ៌លឿនខ្ចី, ទឹកក្រូច, និង​ពណ៌ស។

ព្យុះយក្សនេះ​បានបន្តសិ្ថត​ក្រោម​ការអង្កេត​មើលយ៉ាងជាប់លាប់ពី​ភពផែនដី យ៉ាងហោច​ណាស់ចាប់តាំង​តែពីឆ្នាំ​១៨៣០មកម្ល៉េះ។ យ៉ាង​ណា​មិញ Great Red Spot កាលពីមុន​មានទំហំធំខ្លាំងរហូត​អាចលេបភព​ប៉ុនៗផែនដី ដែលមានមុខ​កាត់ ១២,៧២៤គីឡូម៉ែត្របានដល់​ទៅបីឯណោះ ក៏ប៉ុន្តែវា​បាន និងកំពុងរួមតូចទៅៗ​ក្នុងអំឡុងពេល​មួយសតវត្សរ៍​ចុងក្រោយនេះ ហើយប្រហែល​ជានៅទីបំផុត ​នឹងអាច​​រលាយបាត់​តែម្តងថែមទៀតផង។

ទោះបីជាបែប​នេះក្តី ព្យុះ Great Red Spot នៅតែជា​លក្ខណៈសម្បត្តិ​ដ៏សំខាន់ និងលេចធ្លោបំផុត របស់ភព​ដែលធំជាងគេបង្អស់​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់យើងនេះ។ ភពព្រហស្បតិ៍ ប្រៀបដូចជា​ដុំបាល់ពោរពេញ​ទៅដោយឧស្ម័ន​មួយអ៊ីចឹង ដែល​ភាគ​​ច្រើន​គឺ​ជា​អ៊ីដ្រូ​សែន​ និងអេល្យ៉ូម និងមានទំហំមុខកាត់អាចតម្រៀបភពផែនដី​បន្តគ្នាចំនួន ១១ ហើយម៉ាសស្មើ​នឹងពីរដងនៃភពដទៃៗ​ទៀតរួមបញ្ចូលគ្នា​ទៅទៀត។

គួរបញ្ជាក់ថា ការទៅជួប Great Red Spot យ៉ាងកៀកកាលពី​ថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) គឺជាការហោះ Flyby លើកទី​០៦ និងចុងក្រោយ​គេបំផុត ក្នុងចំណោម​បេសកកម្ម Flyby សរុបទាំងអស់​ចំនួន១២លើក ដែលត្រូវបាន​គ្រោងទុកដោយ​អង្គការ NASA សម្រាប់​យានអវកាស Juno។ ហើយ Juno នឹងធ្វើ​ការហោះ Flyby បន្ទាប់ទៀត​របស់វាទៅក្បែរដុំពពក​របស់ Jupiter នៅថ្ងៃទី០១ ​ខែកញ្ញា។

ខាងក្រោមនេះ​គឺជារូបភាពដ៏កៀក​មិនធ្លាប់​មានមួយចំនួន បង្ហាញពីរូបរាងនៃ Great Red Spot ដែលយានអវកាស Juno ​ថត​យក​បាន​​នៅពេលស្ថិត​ក្នុងរយៈកម្ពស់​ប្រមាណ ៩,០០០គីឡូម៉ែត្រ ពីលើព្យុះយក្សនេះ ក្នុងអំឡុងនៃ​ការហោះ Flyby លើកទី០៦៖

ចែករំលែក