អង្គការ NASA «រងគ្រោះធំដោយសារ លោក ដូណាល់ ត្រាំ អះអាងថា នឹងបើកទំព័រថ្មីនៃវិស័យអវកាស» ប៉ុន្តែអត់មានការឧបត្ថម្ភអ្វីធំដុំសោះ!

0

អាមេរិក៖ ផ្ទុយ​ពីការអះអាង​របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលថា លោកនឹងបើកទំព័រ​ប្រវត្តិសាស្រ្តថ្មី នៃការ​រុករក​នៅទីអវកាស​នោះ អង្គការ NASA ទើបតែបាន​បង្ហើបឲ្យ​ដឹងថា ពួកគេមិន​បានទទួលការ​ឧបត្ថម្ភឲ្យ​បានធំដុំ​អ្វីទាំងអស់។ នេះបើតាម​​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BABW News នៅរសៀលថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០១៧។

ប្រធានាធិបតី ដូណាល់ ត្រាំ បានសន្យាថា រូបលោកនឹងបើកទំព័រប្រវត្តិសាស្រ្តថ្មី​ដ៏អស្ចារ្យ​​សម្រាប់អង្គការ NASA ហើយ​​​អនុ​​ប្រ​ធា​នា​ធិប​តី​ ម៉ៃ ភែន ទើបតែ​កាលពីប៉ុន្មាន​ថ្ងៃមុននេះ​បានលើក​ឡើងថា កញ្ចប់ថវិកាថ្មី​នឹងជួយសម្រេច​​គោលដៅនេះ។​ ក៏ប៉ុន្តែមន្រ្តី​ជាន់ខ្ពស់​មួយរូប​របស់ទីភ្នាក់ងារ​អវកាស​អាមេរិកនេះ ទើបតែបាន​សារភាព​ថា កូនសោដ៏សំខាន់​នៃចក្ខុវិស័យរបស់ NASA ដែលជា​ការបញ្ជូនក្រុម​អវកាសយានិក​ទៅកាន់​ភពអង្គារ (Mars) នៅប៉ុន្មាន​ទសវត្សរ៍ខាងមុខនោះ មិនបាន​ទទួលការ​ឧបត្ថម្ភជាដុំកំភួនអ្វីច្រើន​នោះឡើយ។

លោក William H. Gerstenmaier ប្រធាន​បេសកកម្មបញ្ជូន​មនុស្សធ្វើដំណើរ​នៅទីអវកាស​របស់ NASA បានសារភាព​កាលពីពេលថ្មីៗ​​នេះថា មូលហេតុដែល​ទីភ្នាក់ងារ​អវកាស NASA មិនអាចកំណត់​កាលបរិច្ឆេទ​ឲ្យបាន​ច្បាស់លាស់ សម្រាប់​បេសកកម្ម​ទៅកាន់ភពព្រះ​អង្គារ​នោះ គឺដោយសារតែ​ពួកគេពុំដឹងថា នៅពេលណា​ពួកគេនឹង​ទទួលថវិកា​ឧបត្ថម្ភ ឬមួយក៏នឹង​មានឱកាស​ទទួលវា​ នៅពេលអនាគត​ខាងមុខ​ដែរ ឬយ៉ាងណា​នោះឡើយ។

កាលពីពេលថ្មីៗនេះ ប្រធានផ្នែកមួយរបស់ NASA បានសារភាពថា អង្គការនេះពុំមានលទ្ធភាព នៅក្នុងការនាំ​មនុស្សទៅភពអង្គារ ដូចគំរោងនៅឆ្នាំ២០៣០ នោះឡើយ ដោយសារតែការខ្វះខាតហិរញ្ញវត្ថុធ្ងន់ធ្ងរ​ ដែលប្រការនេះ បាននាំឲ្យអ្នក​គាំទ្រវិស័យបច្ចេកវិទ្យា​អវកាស​ខកចិត្ត​ឥតឧបមា។ ប៉ុន្តែក្រុមហ៊ុន​ឯកជន​មួយចំនួន បានអំពាវនាវ​ឲ្យ NASA ធ្វើកិច្ច​​សហការ​បន្ថែម​ជាមួយវិស័យ​ឯកជន ដូចជាអ្វី​ដែលកំពុង​ធ្វើជាមួយ SpaceX ដើម្បីអនុញ្ញាត​ឲ្យដំណើរការ​ទៅភពអង្គារ ធ្វើឡើង​ទៅតាមគំរោង ឬក៏អាចលឿន​ជាងការគ្រោង​ទុកក៏ថាបាន៕

ចែករំលែក